ភ្នំពេញៈ តុលាការ​កំពូល​បាន​លើក​សំណុំរឿង​បាញ់សម្លាប់ លោក អ៊ឹង ម៉េងជឺ កាលពី​ឆ្នាំ​ ២០១៤​ មក​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ២៦ ​មករា​តាម​បណ្តឹង​របស់​ប្រពន្ធ​លោក អ៊ឹង ម៉េង​ជឺ និង​បណ្តឹង​របស់​ជនជាប់ចោទ ឈ្មោះ​ សៀង វាសនា ខណៈ​មនុស្ស​ ៥​នាក់​ទៀត ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ដោះលែង​ក្នុង​នោះ​មាន​លោក ថោង សារ៉ាត់ ​ម្នាក់​ផងដែរ​។

នៅក្នុង​បន្ទប់​សវនាការ​ដែលមាន​វត្តមាន​លោក​ចៅក្រម យូរ ឧត្តរា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដែល​បានផ្តល់​សិទ្ធិ​ដល់​លោក​ចៅក្រម​ ១ ​រូប​ទៀត​អាន​សាលដីកា​ថា ជនជាប់ចោទ សៀង វាសនា ​អាយុ ៥២ ​ឆ្នាំ រីឯ​ដើមបណ្តឹង​រដ្ឋប្បវេណី ឈ្មោះ តាំង គឹមឆេង តំណាងឱ្យ​លោក អ៊ឹង ម៉េងជឺ​។ ទាំង​ជន​ជាប់ចោទ​ទាំង​ដើមបណ្តឹង​បាន​ប្តឹង​សារទុក្ខ​ព្រម​គ្នា​មក​តុលាការ​កំពូល​។

តាម​អង្គហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា កាលពី​វេលា​ម៉ោងជាង​ ៧ ​យប់​ថ្ងៃទី​ ២២ វិច្ឆិកា ឆ្នាំ​ ២០១៤ មាន​ករណី​បាញ់សម្លាប់​លោក អ៊ឹង ម៉េងជឺ ស្ថិត​នៅមុខ​ហាង​លក់​ផ្លែឈើ​ក្បែរ​ផ្សារ​អូឡាំពិក​ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​ ២ ។ ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​មនុស្ស​ ៦​ នាក់ ដែល​មាន​លោក ថោង សារ៉ាត់ និង​អង្គរក្ស​ចំនួន ​៥​នាក់​ទៀត ឈ្មោះ​ សៀង វាសនា មាស សម្បត្តិ ឈុន ចិត្រា លី សៅ និង​ឈ្មោះ កូយ ចាន់ថុល​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៦ ​ឧសភា ឆ្នាំ ២០១៥ សម្រេច​ចោទប្រកាន់​លោក ថោង សារ៉ាត់ ពីបទ​ផ្តើមគំនិត​ក្នុង​ឃាតកម្ម​គិតទុក​មុន​។

ចំណែកឯ​អង្គរក្ស​របស់គាត់ ៥ ​នាក់​ទៀត​ចោទ​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា ​២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​រួមគ្នា​សង​ជំងឺ​ចិត្ត​ ១០​ លាន​ដុល្លារ​។ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ ជនជាប់ចោទ​ទាំង​ ៦​ នាក់​បាន​ប្តឹង​ឧទ្ធរណ៍​ភ្នំពេញ ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​បើក​សវនាការ និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ៤ ​វិច្ឆិកា ឆ្នាំ​ ២០២០ សម្រេច​ដោះលែង​ជនជាប់ចោទ​ ៥ ​នាក់​ក្នុងនោះ​មាន​ទាំង​លោក ថោង សារ៉ាត់ ​ផង ខណៈដែល​ឈ្មោះ​ លី សៅ បាន​ស្លាប់​ក្នុង​ពន្ធនាគារ​។

នៅក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៦ មករា ជនជាប់ចោទ សៀង វាសនា បាន​និយាយប្រាប់​ចៅក្រម​ថា កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា ឆ្នាំ​ ២០១៤ គាត់​បាន​យកប្រពន្ធ​របស់គាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្តកំពង់ឆ្នាំង​។ លុះ​វេលា​ម៉ោងជាង ​៩ ​យប់​ថ្ងៃ​ដដែល​នេះ គាត់​ត្រឡប់​មកពី​ខេត្តកំពង់ឆ្នាំង​វិញ ហើយ​សម្រាក​នៅផ្ទះ​គាត់​នៅ​សង្កាត់​ស្ទឹងមានជ័យ ។

ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ទេ ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​មិន​សុខចិត្ត​ប្តឹង​មក​តុលាការ​កំពូល​។ ខ្ញុំ​ក្រីក្រ​ខ្ញុំ​មិន​ស្គាល់​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ទេ​។ អ្វីដែល​ខ្ញុំ​ឆ្លើយ​នៅ​ប៉ូលិស​ជាការ​បង្ខិតបង្ខំ​ទេ​។ សូម​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

លោកស្រី ស៊ិន សុវ៉ន ជា​មេធាវី ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ សៀង វាសនា បាន​សន្និដ្ឋាន​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃទី​ ២៦ ​មករា​ថា តាម​ការបំភ្លឺ​ពី​ សៀង វាសនា ​បង្ហាញថា កូនក្តី​របស់​លោកស្រី​ត្រូវ​សមត្ថកិច្ច​បង្ខំ​វាយយក​ចម្លើយ​រហូត​សន្លប់ ពេល​ដឹងខ្លួន​វិញ​ក៏​ឃើញ​ស្នាម​ប្រឡាក់​ទឹក​តាំប៉ុង​ជាប់​មេដៃ​ទៅហើយ​។

លោកស្រី​បន្តថា​៖ «​ការស្លាប់​របស់លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ គឺ​យើង​សោកស្តាយ​ក៏ប៉ុន្តែ​តុលាការ​គួរ​រក​ជនដៃដល់​ពិតប្រាកដ​។ ចោទ​មនុស្ស ​៦ ​នាក់​តែ​តុលាការ​ដោះលែង​ ៥​ នាក់​ទុក​តែ​កូនក្តី​ខ្ញុំ ដែល​មិនមែនជា​ជនដៃដល់​។ ខ្ញុំ​សូម​តុលាការ​ដោះលែង​គាត់​វិញ​»​។

លោក​ តេង បូរ៉ា ជា​មេធាវី ការពារ​សិទ្ធិ​ឱ្យឈ្មោះ​ តាំង គឹមឆេង ដែលជា​ប្រពន្ធ​លោក អ៊ឹង ម៉េងជឺ បាន​ថ្លែងប្រាប់​ចៅក្រម​ថា កូនក្តី​របស់លោក​មិន​សុខចិត្ត​នឹង​ការដោះលែង​លោក ថោង សារ៉ាត់ និង​មនុស្ស​ ៤ ​នាក់​ទៀត​។

បើតាម​លោក ​បូរ៉ា បាន​ដកស្រង់​សម្តី​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​ថា​៖ «​កូនក្តី​ខ្ញុំ​ថា ការសម្រេច​ដោះលែង​នេះ​វា​ជា​រឿង​អយុត្តិធម៌​បំផុត សម្រាប់​ស្វាមី​របស់គាត់ ហើយ​ឈ្មោះ​ សៀង វាសនា ត្រឹមតែ​ជា​អ្នក​បើកឡាន​ប៉ុណ្ណោះ​។ សូម​តុលាការ​ផ្តន្ទាទោស​មនុស្ស​ដោះលែង​នោះ​វិញ​»​។

លោក ​ប៊ូ ប៊ុនហាង តំណាង​មហាអយ្យការ​តុលាការ​កំពូល​សន្និដ្ឋានថា តាម​ការសិក្សា​ពី​អង្គហេតុ​ហើយ​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេចសេចក្តី​នេះ​ត្រឹមត្រូវ​ហើយ​។ «​ដូច្នេះ​ខ្ញុំ​ស្នើសុំ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ទុកជាបានការ​»​។ ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម​ យូរ ឧត្តរា ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ ១៧ កុម្ភៈ​៕

វីដេអូ៖