បាត់ដំបងៈ គិតចាប់​ពី​​ដើមខែ​មករា ដល់​ពាក់​កណ្តាល​ខែមករា ឆ្នាំ​ ២០២២ មាន​ពលករខ្មែរ​ចំនួន​ ៥៣៣​ នាក់ (ក្មេង​ ៥៩​ នាក់)​ បាន​វិល​ត្រឡប់​មកពីប្រទេសថៃ តាម​ស្រុក​កំរៀង ក្នុង​នោះ​មាន​ក្មេង និង​មនុស្ស​ពេញវ័យ​​ចំនួន​ ១០១ នាក់​ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក។

លោក វរសេនីយ៍​ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ ៨១៩ ការពារ​ព្រំដែន ​ដែល​ឈរ​ជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃក្នុងស្រុក​កំរៀង និងស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៧ មករា ថា រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០២១ ដល់​ខែ មករា ឆ្នាំ២០២២​ ចំនួន​ពលករ​ ដែលត្រឡប់​មក​ពីប្រទេស​ថៃ​ ដោយ​ស័​គ្រ​ចិត្ត​គឺមាន​ចំនួន​ខ្ទង់​ពាន់​នាក់​ហើយ។

ប៉ុន្តែ​បើ​គិតតែ​ស្រុក​កំរៀង​តែមួយស្រុក និង​គិតពី​ដើមខែ ​មករា ដល់​ពាក់​កណ្តាលខែ មករា​ឆ្នាំ ២០២២ នេះ​ចំនួន​ពលករ​ ​ប្រុស​ស្រី និង​ក្មេងៗ​ជា​កូន​ពលករ ​មក​ពី​ប្រទេស​ថៃ​ មាន​ចំនួន​៥៣៣​នាក់(ក្មេង​៥៩​នាក់)។ ក្នុង​ចំណោម​៥៣៣​នាក់​នេះ មាន​ពលករ​ប្រុស​ស្រី​ចំនួន១០១នាក់​ ត្រូវ​​បាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក។

លោក​ថ្លែង​ថា៖«និយាយ​រួម​ទៅ​ ពាក់ព័ន្ធ​ប្រជា​ពលរដ្ឋ​យើង​ គាត់​មកពី​ថៃ​ គឺ​អ្នកខ្លះ​ គាត់​ចាក់​វ៉ាក់សាំង​បានតែ១ដូ​ស និង​អ្នកខ្លះ​ទៀត ​បាន​ដល់​ដូ​ស​ទី២។ គាត់​បាន​ចាក់​វ៉ា​ក់​ការពារ​ជំងឺ​កូវីដ​ទាំង​អស់​គ្នា​ហើយ​ តែ​មិនបាន​គ្រប់​ដូ​ស​។ តែ​ចំពោះ​បងប្អូន​ដែល​មកដល់​ព្រំដែន​ គឺ​យើង​ធ្វើ​តេស្ត​រ​ហ័ស។ បើមាន​ការសង្ស័យ ​គឺ​យើង​​បញ្ជូន​ពួក​គាត់​​ទៅ​ធ្វើ​​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ​សិន ​មុន​អនុញ្ញាតឱ្យ​គាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ»។

ដោយឡែក​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំងដូសទី២​រួចហើយ ​គឺ​ត្រូវ​​បាន​អនុញ្ញាតឱ្យ​ពួកគាត់​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​។

លោក​បញ្ជាក់ថា៖«ចាប់តាំងពី​សម័យ​កូ​វីដ​មកនេះ​ គឺ​កម្លាំង​របស់ខ្ញុំ​ មាន​ការ​មមាញឹក​ច្រើន​ ដើម្បី​ការពារ​ពួកគាត់​កុំឱ្យ​ពួកគាត់​ វិលត្រឡប់​មកវិញ​សុខ​ច្បាប់ និង​ម៉្យាងទប់ស្កាត់​ពលករ​យើង ​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ផង។​ តែ​ជំនាន់​កូ​វីដ​ផ្ទុះ​ខ្លាំង​ គឺ​អត់​មាន​អ្នក​លួច​ឆ្លង​ដែន​ទៅ​ថៃ​ទេ»។

បើតាម​លោក​ ម៉​ង់ ស៊ី បញ្ហា​នេះ​ដោយសារ​ថា ​ប្រជាពលរដ្ឋ​យល់ដឹងអំពី​ផ្លូវច្បាប់​ ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ដែន​ខុស​ច្បាប់។ ដូច្នេះ​ ​ពួក​គាត់​មិនសូវ​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ទេ។ តែបើ​មានការ​លួច​ឆ្លងដែន​ខុសច្បាប់​ណាមួយ​វិញ​គឺ​​កម្លាំង​សមត្ថកិច្ច​របស់លោក​ ធ្វើការ​ទប់ស្កាត់បាន​ទាន់ពេល​ ហើយ​ធ្វើ​ការអប់រំ​ដល់​ពលករ​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ។

ការងារ​នេះ​គឺ​ដោយសារ​មានការ​សហការគ្នាជាមួយ​ភាគី​ថៃ ហើយ​ថៃ​ក៏​សហការ​ជាមួយ​កម្លាំង​របស់លោក​ដែរ​។​

ពាក់​ព័ន្ធ​នឹង​មេខ្យល់​លួច​នាំ​ពលករ​ឆ្លងដែន​វិញ​ ត្រូវបាន​លោកស្រី រស់ ជីវី ស្នងការរង​ ទទួល​បន្ទុក​ផែន​ការងារ​ ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ខេត្ត បាត់​ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៧ មករា ថា ចំពោះ​បទល្មើស​លួច​នាំ​ពលករ​​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ២០២១ ​រហូត​ដល់​ខែមករា ឆ្នាំ ២០២២​នេះ​ គឺមាន​ការ​ថយ​ចុះ។

លោក​ស្រី​បញ្ជាក់​​ថា៖«មូល​ហេតុ​មកពី​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ មានការ​ទប់ស្កាត់​ខ្លាំង និង​មានការ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ ដើម្បី​ឱ្យ​ពួកគាត់​ បាន​យល់​ពី​ផល​លំបាក​ នៃ​ការ​ចំណាកស្រុក​ខុស​ច្បាប់។​ ម្យ៉ាង​ទៀត​ពួក​គា​ត់​​ខ្លាច​រអា​នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ​ផង»៕