ភ្នំពេញៈ លោក ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៨ ខែ មករា ឆ្នាំ​ ២០២២ ឱ្យដឹងថា រហូត​មកដល់​ពេលនេះ​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៩ ​រូប បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក្នុងចំណោម​មនុស្ស​ ១១៨ ​នាក់ ​ដែល​បាន​ហាម​​ឃាត់​មិនឱ្យ​ធ្វើ​នយោបាយ​។ អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ​នោះ មាន​អ្នកខ្លះ បាន​ទៅ​បង្កើត​គណបក្សនយោបាយ​ថ្មី និង​អ្នក​ខ្លះទៀត​បាន​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ដែលមាន​ស្រាប់​។

លោក​បន្តថា ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​បង្កើត​គណបក្ស​ចំនួន ៥​។

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី​ ២៥ ខែ មករា ឆ្នាំ​ ២០២២ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដល់​លោក ប្រាក់ យីកាន អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​តាម​អំណាច​សាលដីកា​លេខ ៣៤០ (​ឆ​) ចុះ​ថ្ងៃទី​ ១៦ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ របស់​តុលាការ​កំពូល​។

លោក យង់ ពៅ គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ជា​បន្តបន្ទាប់​តែងតែ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បើទោះបី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ខិតជិត​ចូលមក​ដល់​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​កៀក​មកដល់ ប៉ុន្តែ​មានការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០២៣ ទៀត​។ អ៊ីចឹង​នេះ​ជា​ពេលវេលា​ដែល​គាត់​មាន​សេរីភាព​ក្នុងការ​ជ្រើសរើស​»​។

លោក ពៅ ថា ការរង់ចាំ គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​រស់​ឡើងវិញ​តាម​ការទាមទារ​របស់​អ្នករស់នៅ​ក្រៅ​ស្រុក វា​មិនអាច​កើតឡើង​វិញ​បាន​នោះទេ​។ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ រូប ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​អស់​រយៈពេល ៥ ឆ្នាំ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​ឆ្នាំ​ ២០១៧ ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​៕

វីដេអូ៖