ភ្នំពេញៈ ក្រសួងមហាផ្ទៃ ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត រៀបចំ សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២២​ឡើងវិញ​ឱ្យបាន​មុន​ដំណាច់​ខែមករា​នេះ ក្រោយពី​ខកខាន​រៀបចំ​ក្នុង​ឆ្នាំ ២០២០ ដោយសារ​កូវីដ​ ១៩​។

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជម្រាបជូន​អភិបាល​រាជធានី-ខេត្ត ចុះ​ថ្ងៃទី​ ២៦ មករា បញ្ជាក់ថា នាពេល​កន្លងមក​ដោយសារ​ការផ្ទុះ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ ក្រសួង​មហាផ្ទៃ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការរៀបចំ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២១​។

លិខិត​បន្ថែមថា ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​អាច​គ្រប់គ្រង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ប្រកបដោយ​ជោគជ័យ​ព្រមទាំង​បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍ សហគមន៍​ ២០ ​កុម្ភៈ កាលពី​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១ ដែលជា​បរិយាកាស​ដ៏ល្អប្រសើរ​ក្នុង​កិច្ច​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច-សង្គម​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ឈរលើ​មូលដ្ឋាន​នេះ ក្រសួងមហាផ្ទៃ​ស្នើឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ដំណើរការ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល ការងារ​ឆ្នាំ​ ២០២១ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ ​របស់ខ្លួន​ឡើងវិញ ក្រោយ​ការរៀបចំ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ ​២០២១ ​របស់​ក្រសួងមហាផ្ទៃ​។

លិខិត​បញ្ជាក់ថា​៖ «​រដ្ឋបាល​រាជធានី-​ខេត្ត​ត្រូវ​រៀបចំ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ​២០២១ កម្មវិធី​លម្អិត​ និង​ឯកសារ​ពាក់ព័ន្ធ រួច​ផ្ញើជូន​មកនាយកដ្ឋាន​កិច្ចការរដ្ឋបាល​រាជធានី​-​ខេត្ត​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង មហាផ្ទៃ តាមរយៈ ​Telegram លេខ​ ០១២ ៥០៦ ៥២៩ ឱ្យបាន​មុន​ដំណាច់​ខែមករា ឆ្នាំ​ ២០២២ ជា​កំណត់​»​។

អភិបាលខេត្ត​កែប លោក​ សោម ពិសិដ្ឋ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ខេត្ត​កែប​បានរៀបចំ​របាយការណ៍​ប្រចាំឆ្នាំ និង​បាន​ឆ្លងតាម​នីតិវិធី​ទាំង​គណៈអភិបាល​ និង​ក្រុមប្រឹក្សា​ខេត្ត​រួច​អស់ហើយ​។ ​ខាង​ខេត្ត​រង់ចាំ​តែ​សុំ​គោលការណ៍​ពី​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត និង​រាយការណ៍​ជូន​ក្រសួងមហាផ្ទៃ ក្រោយ​ក្រសួង​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ខេត្ត​នៅពេល​ខាងមុខនេះ​។

លោក​ឱ្យដឹងថា របាយការណ៍​ដែល​បាន​បូកសរុប​លទ្ធផល​ការងារ រួមមាន នយោបាយ សេដ្ឋកិច្ច សង្គម ការងារ​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង​ទិសដៅ​អភិវឌ្ឍន៍ រត់តាម​ត្រីវិស័យ ផែនការ​អភិវឌ្ឍន៍​ប្រចាំឆ្នាំ និង​កម្មវិធី​វិនិយោគ​ ៣ ​ឆ្នាំ​រំកិល​ជាដើម​។ ​លោក​បានដាក់​ទិសដៅ​នៅ​ឆ្នាំ​ ២០២២ ផ្តោត​សំខាន់​ជា​ចម្បង​ត្រូវ​រក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សម្រាប់​ការបោះឆ្នោត​ និង​សណ្តាប់ធ្នាប់​សង្គម​ទូទៅ​ និង​ជំរុញ​កំណើន​ការវិនិយោគ​។

លោក​ថ្លែងថា​៖ «​ទី​ ១​ បើសិន​គ្មាន សន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព យើង​ធ្វើ​អី​មិន​បានទេ​។ នេះ​ផ្តោត​សំខាន់​ជា​អាទិភាព​។ ទី​ ២ ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន​ក្នុង​សហគមន៍ និង​មុខរបរ និង​ជំរុញ​កំណើនប្រជាជន​ក្នុង​មូលដ្ឋាន​។ បាន​ន័យ ថា​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍ ដោយ​រៀបចំ​ឱ្យ​បាន​ល្អប្រសើរ​។ បើក​ទេសចរណ៍ មនុស្ស​មកលេង​ចំណូល​ចូលដល់​ប្រជាជន​ហើយ​មាន​ការងារ​ធ្វើ ហើយ​ទី​ ៣​ គឺ​ជំរុញ​កំណើន​ការវិនិយោគ​។ យើង​ខិតខំ​ទាក់ទាញ កៀរគរ​វិនិយោគ​ទាំង​វិស័យ​ឯកជន និង​រដ្ឋ​»​។

លិខិត​ដដែល​ឱ្យដឹងថា ទិសដៅ​ការងារ​ដែល​ក្រសួង​មហាផ្ទៃ​បានកំណត់​ក្នុង​សន្និបាត​ប្រចាំឆ្នាំ កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ក្រសួង ណែនាំ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​យកចិត្ត​ទុកដាក់​អនុវត្ត​នូវ​កិច្ចការ​ចាំបាច់​មួយចំនួន​។

កិច្ចការ​ទាំងនោះ រាជធានី-ខេត្ត​ត្រូវធ្វើការ​ពិភាក្សា និង​បូកសរុប​លទ្ធផល​ការងារ​ប្រឡងប្រណាំង អនុវត្ត​គោលនយោបាយ​ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» និង​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី ​៤ រួមទាំង​យន្តការ​គាំទ្រ​ដល់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ទៅក្នុង​របៀបវារៈ​នៃ​ពិធី​សន្និបាត​របស់ខ្លួន​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក ​វ៉ី សំណាង ថ្លែងថា សម្រាប់​ឆ្នាំ ២០២១ ខេត្ត​ធ្វើបាន​ ៦ ​គម្រោង​ធំ​ដែល​ភាគច្រើន​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការកែលម្អ​ផ្លូវ​។ គម្រោង​ទាំងនោះ រួមមាន បំពាក់​បង្គោល​ភ្លើង អ៊ុត​ផ្លូវ​កៅស៊ូ រៀបចំ​ប្រព័ន្ធ​លូ រៀបចំ​ខឿន​សងខាង​ផ្លូវ លើកកម្ពស់​ឱ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវ​មួយចំនួន គម្រោង​ស្ថាបនា​រង្វង់​មូល​ផ្លែ​ត្នោត និង​ការសាងសង់​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ជាដើម​។

ឯ​គម្រោង​ក្រុង-ស្រុក​សម្រេច​បាន​មាន​ ២០ ​គម្រោង គឺ​ការ​សាងសង់​ផ្លូវ​បេតុង​ផ្លូវ​ក្រាល​ក្រួស​ធម្មជាតិ សាងសង់​ស្ពានបេតុង និង ជីក​ស្រះ​ទឹក​។ ចំណែក​គម្រោង​ឃុំ​-​សង្កាត់​មាន​ ៩០ ​គម្រោង ក្នុងនោះ​អនុវត្តបាន​ ១០០ ​ភាគរយ​មាន​ ៧៩ ​គម្រោង ដែល​ភាគច្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។

សម្រាប់​ទិសដៅ​នៅ​ឆ្នាំ ​២០២២ លោក​អភិបាលខេត្ត បញ្ជាក់ថា​៖ «​យើង​សុំ​បំបែក​ភូមិ ដោយ​បង្ខិត​សេវា​ឱ្យ​កៀក​កិត​ជាមួយ​ប្រជាជន​។ កាលពីមុន​មាន​ភូមិ​ ១ ៣៧៧ ភូមិ ឥឡូវ​យើង​សុំ​បំបែក​ ១៧ ​ភូមិ​ទៀត ដោយសារ​គាត់​ចេះតែ​ប្រមូលផ្តុំ​នៅ​ឆ្ងាយៗ ហើយ​យើង​នឹង​កែប្រែ​ព្រំប្រទល់​ភូមិ​ដែរ​»៕