ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​រូបភាព​នៃ​ការរីកចម្រើន​ជឿនលឿន ដែលមាន​សំណង់​អគារ​ខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស និង​ផ្លូវថ្នល់​ខ្វាត់ខ្វែង​កាន់តែច្រើន​នៅក្នុង​រាជធានី​-​ភ្នំពេញ​ដែល​លោក​ថា ការរីកចម្រើន​ទាំងអស់នេះ មិនអាច​កើតឡើង​បានឡើយ បើ​ប្រទេស​មិនមាន​សន្តិភាព «​ដូច្នេះ​សន្តិភាព​គឺជា​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បានឡើយ​»​។

តាមរយៈ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​ ២៧ ខែមករា បាន​បង្ហោះ​រូបភាព ៧ ​សន្លឹក ដែល​បង្ហាញ​ពី​ភាពរីកចម្រើន​ក្នុងការ​អភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ​។ អម​ជាមួយ​រូបភាព​នោះ លោក​បាន​សរសេរ​មាន​ខ្លឹមសារ​ថា នេះ​គឺ​ទិដ្ឋភាព​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​របស់​កម្ពុជា​ថត​ពីលើ​អាកាស​នៅក្នុង​ខែមករា ឆ្នាំ ២០២២​។ បច្ចុប្បន្ននេះ វា​ពិតជា​ខុសគ្នា​ដាច់ស្រឡះ​ពី​អតីតកាល ហើយ​ទៅ​អនាគត​ក៏​នឹង​កាន់តែ​រីកដុះដាល​ច្រើន និង​ល្អៗ​ជាង​នេះ​ថែមទៀត​។

លោក ហ៊ុន សែន បន្តថា៖ «​តាមរយៈ​ទិដ្ឋភាព​នេះ​បានបង្ហាញ​ឱ្យឃើញថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទីក្រុង​ភ្នំពេញ​បាននិងកំពុង​ផ្លាស់ប្តូរ​មុខមាត់​យ៉ាងលឿន តាមរយៈ​វត្តមាន​អគារ​ខ្ពស់ៗ​កប់​ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពាន​អាកាស ផ្លូវថ្នល់​កាន់តែច្រើន​នៅក្នុង​ទីក្រុង​នៃ​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​មួយ​នេះ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​ការបង្ហាញ​វត្តមាន​អគារ​ខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បាន​កើតឡើង​ជា​បន្តបន្ទាប់ កាន់តែ​ច្រើន​ទាំងអស់​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ធំៗ​របស់​កម្ពុជា​ដែល​សម្រេចបាន និង​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​ខណៈ​ពេលដែល​កម្ពុជា​កំពុង​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។

លោក​សរសេរ​ទៀតថា​៖ «​ការរីកចម្រើន​ទាំងអស់​នេះ មិនអាច​កើតឡើង​បានឡើយ បើ​ប្រទេស​យើង​មិនមាន​សន្តិភាព​។ ដូច្នេះ សន្តិភាព គឺជា​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បានឡើយ ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ថែមទៀត​»​។

ទិដ្ឋភាព​ជ្រុង​មួយ​នៃ​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​ ២០២២​។ រូបថត SPM

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ក្នុង​ពិធីបើកការដ្ឋាន សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំងសាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​បានដឹងថា នៅ​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២ ចាប់ពី​ម៉ោង ៦​ ព្រឹក រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់ ស្ពាន​អាកាស ផ្លូវជាតិ​លេខ​ ៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ក្រោម​វត្តមាន​លោក ហ៊ុន សែន​។ ដើម្បីឱ្យ​កម្មវីធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​មាន​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី-ភ្នំពេញ​នឹងធ្វើ​ការផ្អាក​ចរាចរណ៍​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​។

រដ្ឋបាល​រាជធានី​បញ្ជាក់ថា​៖ «​យានយន្ត​គ្រប់​ប្រភេទ​ដែល​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​ ៥ ចូល​រាជធានី​ភ្នំពេញ​ត្រូវ​បង្វែរ​ទិស​ចរាចរណ៍​តាម​ស្ពាន​ព្រែកព្នៅ ឬ​តាមផ្លូវ​លេខ​ ៥៩៨​។ ចំពោះ​យានយន្ត​ចេញពី​រាជធានី​ភ្នំពេញ​ត្រូវ​បញ្ចៀស​ចរាចរណ៍​ឡើង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ហើយ​យានយន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ស្ពានដែក​បេ​ឡេ​ត្រូវ​បង្វែរ​ទិស​តាមផ្លូវ​ជាតិ​លេខ​ ៦ ឬ​មហាវិថី​អូស៊ីអាយស៊ី ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​វិញ​»​។

លោក មាស ចាន់ឌី ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការ CAMSAFE ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែមករា​ថា ការកើនឡើង​ចំនួន​ស្ពាន​អាកាស​ថ្មី​មាន​សារៈសំខាន់​ច្រើន​ចំពោះ​វិស័យ​សុវត្ថិភាព​ចរាចរណ៍​។ លោក​ថ្លែងថា​៖ «​វា​បាន​កាត់បន្ថយ​ការប្រឈមមុខ​គ្រោះថ្នាក់​របស់​អ្នក​ថ្មើរជើង ព្រោះ​អ្នក​ថ្មើរជើង គេ​ចាត់ទុកជា​អ្នក​ដែល​ងាយ​រងគ្រោះថ្នាក់​នៅក្នុង​ការធ្វើដំណើរ ព្រោះ​ផ្នែក​ថ្មើរជើង​តូច ពិបាក​មើលឃើញ ដូច្នេះ​ការធ្វើ​ស្ពានអាកាស វា​មាន​ប្រយោជន៍​សំខាន់​ក្នុងការ​លើកកម្ពស់​សុវត្ថិភាព​របស់​ថ្មើរជើង​»​។

មួយវិញទៀត​កាលណា​មាន​ស្ពាន​អាកាស​រំហូរ​ចរាចរណ៍​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការយល់ដឹង និង​ការនិយម​ប្រើប្រាស់​របស់​ពលរដ្ឋ​ជា​អ្នក​ថ្មើរជើង​។ បច្ចុប្បន្ន ប្រជាជន​កម្ពុជា​អាច​នឹងមិន​សូវ​យល់​អំពី​តម្លៃ​នៃ​ការប្រើប្រាស់​ស្ពាន​អាកាស​ព្រោះ​គេ​ទម្លាប់​ឆ្លងតាម​ចិត្ត មិន​ងាយ​ដើរ​ទៅរក​កន្លែង​ដែលមាន​ស្ពាន​អាកាស​សម្រាប់​ដើរ​ឆ្លង​នោះទេ​។

លោក មាស ចាន់ឌី បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា អាហ្នឹង​ជា​រឿង​ក្រោយ​ទេ សំខាន់​មាន​ស្ពាន​សិន ព្រោះ​បើ​យើង​មាន​ហើយ យើង​ធ្វើការ​អប់រំ​គាត់​បន្តទៀត ថ្ងៃមុខ​ទៅ​គាត់​នឹង​ប្រើប្រាស់​របស់​ហ្នឹងហើយ​។ ខ្ញុំ​ឃើញ​ស្ពាន​អាកាស​នៅ​ស្រុក​យើង​មាន​ច្រើន​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង​អ្នកខ្លះ​គាត់​មិន​និយម​ប្រើ ឧទាហរណ៍​ដូចជា​នៅ​ផ្សារ​ដើមគ​ស្ពាន​ស្អាត​តែ​អត់​មាន​អ្នក​ឆ្លង ពលរដ្ឋ​គាត់​ទម្លាប់​ឆ្លងកាត់​ផ្លូវ​តែ​កន្លែងចាស់​ដែល​គាត់​ធ្លាប់​ឆ្លង​»៕