ភ្នំពេញៈ ​គិត​ត្រឹម​ឆ្នាំ​ ២០២១​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ជាង ៦ ​លាន​បណ្ណ ហើយ​ក្រសួង​គ្រោង​នឹង​ចុះបញ្ជី​សម្រេច​ឱ្យបាន​ជាង ៥០ ​ម៉ឺន​ក្បាលដី​ដែល​នៅ​សេស​សល់​ក្នុង​ឆ្នាំ​ ២០២២ ដើម្បី​បញ្ចប់​ការចុះបញ្ជី​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​ដំបូង ៧ ​លាន​ក្បាលដី​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី ឆ្នាំ​ ២០២១ បានឱ្យដឹងថា ក្នុង​ ១ ​ឆ្នាំ​ ២០២១ ក្រសួង​បានចេញ​បណ្ណ​កម្មសិទ្ធិ​ដី​ចំនួន ៣៣៨ ៣៦៣ ​បណ្ណ និង​ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន ២៥៥ ៥៤៧ ​បណ្ណ​។ សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ដល់​ដំណាច់ឆ្នាំ​ ២០២១ ក្រសួង​បានចេញ​បណ្ណ​កម្មសិទ្ធិ​ដី ចំនួន ៦ ៤១៥ ៣១១ ​បណ្ណ ស្មើនឹង ៩១,៦% នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​ដំបូង ៧​ លាន​ក្បាលដី​។ ក្រសួង​បញ្ជាក់ថា លទ្ធផល​ដែល​សម្រេចបាន​នេះ​គឺ​លើស​ផែនការ ១,៦% ធៀប​នឹង​សូចនាករ ដែល​បានកំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង ដែល​គ្រោង​ឱ្យបាន​ ៩០% ត្រឹម​ឆ្នាំ​ ២០២១​។

តាម​លទ្ធផល​ដែល​សម្រេចបាន​នេះ ក្រសួង​រៀបចំ​ដែនដី​បន្ត​ជំរុញ និង​គាំទ្រ​មនី្ទរ​រៀបចំ​ដែនដី នគរូបនីយកម្ម សុរិយោដី​ និង​សំណង់​ (​ដ.ន.ស.ស) រាជធានី ខេត្ត ដើម្បី​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ដំបូង​សម្រេច​ឱ្យបាន​ជាង ៥០ ​ម៉ឺន​ក្បាលដី ដែល​នៅ​សេសសល់​តាមរយៈ​ការជំរុញ​ការប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ការបិទ​ផ្សាយ​ជា​សាធារណៈ ការចេញ​បណ្ណ និង​ការចែក​បណ្ណ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​ចំនួន​ ៧ ​លាន​ក្បាលដី​នៅក្នុង​ឆ្នាំ​​ ២០២២ ​នេះ​។

ដោយឡែក​វិវាទ​ដីធ្លី​វិញ​ក្រសួង​រៀបចំ​ដែនដី បានទទួល​ពាក្យបណ្តឹង​ចំនួន​ ១៦៥ ​ករណី ​(​ទទួល​ពី​គណៈកម្មការ​រដ្ឋបាល​ចំនួន​ ១៥១ ​ករណី​) ដោះស្រាយ​បញ្ចប់​នីតិវិធី​ចំនួន ១៣៩ ​ករណី (​បញ្ចប់​ជា​ស្ថាពរ​ចំនួន​ ៥៧ ​ករណី មាន​ ២៤៧ ​គ្រួសារ ស្មើនឹង​ផ្ទៃដី​ទំហំ​ ៦០,០៧ ហិកតា ច្រានចោល​ពាក្យបណ្តឹង បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា ខុស​ សមត្ថកិច្ច​ចំនួន​ ៥៤​ ករណី និង​ភាគី​ស្នើសុំ​ដក​ពាក្យបណ្តឹង​ចំនួន​ ២៨ ​ករណី​)​។

ក្រសួង​រៀបចំ​ដែនដី​សរសេរថា​៖ «​លទ្ធផល​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង ស្រុក ខណ្ឌ អនុវត្តបាន​ចំនួន​ ១៣៥ ​ករណី (​បញ្ចប់​ជា​ស្ថាពរ ចំនួន​ ៤៧​ ករណី ច្រានចោល​ពាក្យបណ្ដឹង​បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន ៥១ ​ករណី ភាគី​ស្នើសុំ​ដក​ពាក្យបណ្តឹង​ចំនួន​ ១៩ ​ករណី និង​បញ្ជូនទៅ​គណៈកម្មការ​សុរិយោដី ថ្នាក់​-​ខេត្ត​ចំនួន​ ១៨ ​ករណី​)»​។

បើតាម​ក្រសួង​រៀបចំ​ដែនដី​គិតពី​ចាប់ផ្តើម​អនុវត្ត​ឆ្នាំ ២០០៣ ដល់​ដំណាច់ឆ្នាំ​ ២០២១ គណៈកម្មការ​សុរិយោដី​ក្រុង ស្រុក ខណ្ឌ បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​ ៩ ១២៦ ​ករណី ដោះស្រាយ​បញ្ហាប់​នីតិវិធី​ចំនួន ៨ ៣៤៨ ​ករណី (​ក្នុងនោះ បញ្ចប់​ជា​ស្ថាពរ​ចំនួន​ ៤ ៣៤៦ ​ករណី ច្រានចោល​ពាក្យបណ្ដឹង បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា ខុស​សមត្ថកិច្ច​ចំនួន​ ៣ ០២៣ ​ករណី ភាគី​ស្នើសុំ​ដក​ពាក្យបណ្តឹង​ចំនួន ​៩៧៩ ​ករណី និង​កំពុង​ដោះស្រាយ​ចំនួន ​៧៧៨​ ករណី​។

ក្រសួង​សរសេរថា​៖ «​លទ្ធផល​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង ស្រុក ខណ្ឌ អនុវត្តបាន​ចំនួន ៤ ០៨៨ ​ករណី (​ក្នុងនោះ​បញ្ចប់ ជា​ស្ថាពរ​ចំនួន​ ២ ០៣២ ​ករណី ច្រានចោល​ពាក្យបណ្តឹង បន្ទាប់ពី​ស៊ើបអង្កេត​ចំនួន​ ១ ១៨៨​ ករណី ភាគី​ស្នើសុំ​ដក​ពាក្យ​ចំនួន​ ៥០៥ ​ករណី និង​បញ្ជូនទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​-​ខេត្ត​ចំនួន​ ៣៦៣ ​ករណី​)»​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក​ថ្លែង​នៅ​ថ្ងៃទី ​២៧ ខែមករា​ថា មូលហេតុ​នៃ​វិវាទ​ដីធ្លី​កន្លងមក​កើតឡើង​ដោយសារ​តែមាន​តំបន់​មួយចំនួន មាន​ភាពយឺតយ៉ាវ​ក្នុង​ការបញ្ជាក់​នូវ​បណ្ណ​កម្មសិទិ្ធ​ទាំង​ឯកជន ឬ​ពលរដ្ឋ​ជាដើម​។ លោក​ថា ជា​រឿង​ល្អប្រសើរ បើសិន​ជា​ខាង​ក្រសួង​រៀបចំ​ដែនដី ពន្លឿន​ឱ្យចេញ​បណ្ណ​បាន​ឆាប់​បញ្ចប់ ប៉ុន្តែ​ទន្ទឹមនឹង​ការចេញ​បណ្ណ​នេះ​ក្រសួង​ដែនដី​គួរពិនិត្យ​មើល​វិវាទ​ដីធ្លី ដែលមាន​ទំនាស់​រ៉ាំរ៉ៃ ដែល​មិនទាន់​ដោះស្រាយ ដោយ​ពិនិត្យមើល និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពួកគាត់​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់ ឬ​ការចំណាយ​ដែល​ធ្វើឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ធ្លាក់​ដុនដាប​ដោយ​សារ​តែមាន​បញ្ហា​វិវាទ​ដីធ្លី​។

លោក​ថ្លែងថា​៖ «​រឿង​បណ្ណ​កម្មសិទ្ធិ​នេះ​តាម​ខ្ញុំ​ទទួល​ព័ត៌មាន​មួយចំនួន គឺមាន​ការបញ្ជាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​លោក​ថ្លែង​អំពី​ការបញ្ជាក់​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ ឬក៏​កាន់កាប់​ដី​សារពើ​ភណ្ឌ​របស់​រដ្ឋ​អី​ទាំងអស់​ហ្នឹង ក៏មាន​ឱ្យ​ធ្វើការ​កាត់ចេញ​ដែរ ប៉ុន្តែ​មកទល់​ពេលនេះ ពលរដ្ឋ​ទាំងនោះ​ថា មិនទាន់​ផ្តល់ជូន​ពួកគាត់​ឱ្យបាន​គ្រប់គ្នា​នៅឡើយ​ទេ​»​។

លោក​ថា ជុំវិញ​បញ្ហា​នេះ​ក្រសួង​គួរតែ​ពិនិត្យមើល​ឡើងវិញ​ទាំងអស់​ពោល​គឺ​ទាំង​បណ្ណ​ដែល​ត្រូវ​ផ្តល់​កម្មសិទ្ធិ​ជាង ៥០ ​ម៉ឺន​ដែល​នៅ​សេសសល់ រួមទាំង​បញ្ហា​វិវាទ​នានា និង​ការរាំងស្ទះ​នៃ​ការសុំ​បណ្ណ​កម្មសិទ្ធិ​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​មាន​ជីវភាព​ក្រីក្រ គឺ​ត្រូវមាន​ការត្រួតពិនិត្យ និង​ផ្តល់ជូន​គាត់​ឱ្យបាន​​ឆាប់ សម្រាប់​ឱ្យ​ពួកគាត់​យកទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​របស់​ពួកគាត់​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បានទេ​នៅ​ថ្ងៃទី ​២៧ ខែមករា​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្តកំពង់ស្ពឺ​ថ្លែង​នៅ​ថ្ងៃទី ២៦ ខែមករា​ថា អាជ្ញាធរខេត្ត​តែង​ជំរុញ​ឱ្យ​មន្ទីរជំនាញ​យកចិត្ត​ទុកដាក់​ដោះស្រាយ​វិវាទ​ដីធ្លី និង​ពិនិត្យមើល​ឱ្យបាន​​ត្រឹមត្រូវ​ចំពោះ​អ្នក​ដែល​បាន​រស់នៅ​លើដី​រដ្ឋ​ក្នុង​រយៈពេល​យូរ​ស្របតាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​។ ដោយឡែក​សម្រាប់​ទីតាំង​ដែលមាន​ភាពអនាធិបតេយ្យ​ខុស​នីតិវិធី គឺ​ត្រូវតែ​ធ្វើការ​ដកហូត​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕