ភ្នំពេញៈ ព្រះអង្គម្ចាស់​ ចក្រា វុធ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច សព្វព្រះទ័យ​តែងតាំង​លោក​ ប៉ោ ប៊ុនស្រ៊ឺ ជា​អនុប្រធាន​បក្ស ដើម្បី​ដឹកនាំ​គណបក្ស​សម្រាប់​ការបោះឆ្នោត​នាពេល​ខាងមុខ និង​ដើម្បី​បង្រួបបង្រួម​ឡើងវិញ​នូវ​ការបែកបាក់​ផ្ទៃក្នុង ក្រោយពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយ​ទិវង្គត​។ ប៉ុន្តែ​មន្ត្រី​បក្ស​នេះ​ថ្លែងថា ការតែងតាំង​នេះ​មិន​ត្រឹមត្រូវ​តាម​រដ្ឋបាល​ទេ ខណៈ​ព្រះអង្គម្ចាស់​ ចក្រា វុធ ធ្វើ​ត្រឹម​ប្រធាន​ស្តីទី​បក្ស​នោះ​។

លោក​ ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ មករា ថា សមាជិក សមាជិកា​ទាំងអស់​នៃ​គណបក្ស​ស្របតាម​ព្រះតម្រិះ​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រា វុធ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​សព្វព្រះទ័យ​តែងតាំង​លោក​ ប៉ោ ប៊ុនស្រ៊ឺ ជា​អនុប្រធាន គឺ​សមស្រប​ទៅតាម​វីរភាព និង​ភាពចាស់ទុំ​ក្នុង​គណបក្ស​។ លោក​ ប៉ោ ប៊ុនស្រ៊ឺ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ដង្ហែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាប់តាំងពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាប់ផ្តើម​បង្កើតឡើង​នា​ឆ្នាំ​ ១៩៨១ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះបិតា​ស្ថាបនិក FUNCINPEC​។

កាលពី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ លោក​ ប៉ោ ប៊ុនស្រ៊ឺ បានមក​ថ្វាយបង្គំ​ព្រះអង្គម្ចាស់ នរោត្តម ចក្រា វុធ ដើម្បី​ថ្វាយ​ការគាំទ្រ​ព្រះអង្គម្ចាស់​ក្នុង​ការដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បន្ត​ពី​ព្រះបិតា​របស់​ព្រះអង្គ​។

បើតាម​មន្ត្រី​នាំពាក្យ​រូបនេះ លោក​ ប៉ោ ប៊ុនស្រ៊ឺ ដែល​ធ្លាប់មាន​ទស្សនៈ និង​ការខ្វែងគំនិត​គ្នា​កន្លងមក​ក្នុង​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រា វុធ បាន​យល់ច្បាស់​ពី​ភាពជា​អ្នកដឹកនាំ និង​ព្រះបញ្ញាញាណ​របស់​ព្រះអង្គម្ចាស់​នរោត្តម ចក្រា វុធ ដែល​អាចដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ព្រះអង្គម្ចាស់​ក៏មាន​ភាព​ប៉ិនប្រសប់​ដូច​សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និង​មាន​គោលជំហរ​រឹងមាំ ក្នុង​ការការពារ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច និង​សមាជិក​សមាជិកា​។

លោក​ថ្លែងថា​៖ «​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្រោម​ការដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រា វុធ បន្ត​បើកទ្វារ​ស្វាគមន៍ ចំពោះ​អតីត​ឥស្សរជន អ្នកនយោបាយ​មក​រួបរួមគ្នា​ក្នុង​ដំបូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ព្រះអង្គ​នឹង​ប្រគល់​តួនាទី​ទៅតាម​វីរភាព អតីត​ការងារ​របស់​ថ្នាក់ដឹកនាំ​ទាំងនោះ​»​។

ទោះជា​យ៉ាងណា លោក​ ផាន់ សិទ្ធី អ្នកនាំពាក្យ​គណៈកម្មាធិការ​នាយក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្នុង​ក្រុម​បក្ស​ម្ខាង​ទៀត ដែល​ត្រូវបាន​បណ្តេញចេញ​ថ្លែងថា ការតែងតាំង​លោក​ ប៉ោ ប៊ុនស្រ៊ឺ ជា​អនុប្រធាន​គណបក្ស​មិន​ត្រឹមត្រូវ​ទៅតាម​រដ្ឋបាល​នោះទេ​។ ពីព្រោះ​ព្រះអង្គម្ចាស់​ ចក្រា វុធ មិនទាន់មាន​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់​នៅឡើយ​ទេ ក្នុងការ​ប្រកាស​តែងតាំង​បុគ្គល​ណា​ម្នាក់ ជាពិសេស​គឺ​តែងតាំង​អនុប្រធាន​បក្ស​នេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​វា​មិន​យល់​ដែរ ហើយ​គេ​ធ្វើ​ចេះតែ​ធ្វើទៅ ប៉ុន្តែ​បើ​គិតពី​នីតិវិធី​រដ្ឋបាល និង​លក្ខន្តិកៈ​របស់​គណបក្ស វា​អត់​ត្រូវ​ទេ​។ បើ​ចង់​តែងតាំង​ ប៉ោ ប៊ុនស្រ៊ឺ រង់ចាំ​សមាជ​ចប់​សិន ឬ​ ១ ​ខែក្រោយ​នៃ​សមាជ វា​អត់​ខុស​ទេ​»​។

បើតាម​លោក​ ផាន់ សិទ្ធី ការប្រើប្រាស់​តួនាទី​ជា​ប្រធានស្តីទី​តែងតាំង​អនុប្រធាន​គណបក្ស គឺ​មិន​ត្រឹមត្រូវ​ទេ​។ មិន​ថា តាមច្បាប់​រដ្ឋបាល​នៅ​ប្រទេស​កម្ពុជា ឬ​ស្រុក​ណា​នៅលើ​ពិភពលោក​ទេ​។ ប្រធាន​ស្តីទី​មិន​អាចមាន​សិទ្ធិ​តែងតាំង​តំណែង​បុគ្គល​ណា​ម្នាក់​បានទេ ប្រធាន​ស្តីទី​គ្រាន់តែ​មើល​ការខុសត្រូវ​ចំពោះ​ប្រតិបត្តិការ​របស់​គណបក្ស​ ឬ​ក្រុមហ៊ុន​តែប៉ុណ្ណោះ​។

ប៉ុន្តែ​លោក​ ញឿន រ៉ាដែន បដិសេធ​ការលើកឡើង​របស់​លោក​ ផាន់ សិទ្ធី​។ លោក​បញ្ជាក់ថា ព្រះអង្គម្ចាស់​ ចក្រា វុធ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​សិទ្ធិ​ក្នុង​ការចាត់ចែង និង​ដឹកនាំ​គណបក្ស​ស្របតាម​ច្បាប់​ និង​ការទទួល​ស្គាល់​ពី​ក្រសួងមហាផ្ទៃ និង​ការប្រគល់​ភារកិច្ច​ពី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​អតីត​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក​ ប៉ោ ប៊ុនស្រ៊ឺ សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ២៧ មករា​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២១ លោក​ ប៉ោ ប៊ុនស្រ៊ឺ ​បាន​សរសេរ​ក្នុង​លិខិត​គាំទ្រ​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ដឹកនាំ​គណបក្ស និង​ថែរក្សា​កេរដំណែល​ដ៏ពិសិដ្ឋ​របស់​សម្តេចតា ស្របតាម​ព្រះតម្រិះ​ដ៏ថ្លៃថ្លា​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ​។

លោក​សរសេរថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ស្ថាបនិក​ដែល​បាន​ដង្ហែ​សម្តេចក្រុមព្រះ​គ្រប់​កាលៈទេសៈ​កន្លងមក ហើយ​ដើម្បី​តបស្នង​គុណូបការៈ​ដែល​សម្តេច​ក្រុម​ព្រះ​ធ្លាប់​ផ្តល់​មក​រូបខ្ញុំ ខ្ញុំ​សូម​ដង្ហែ​ព្រះអង្គម្ចាស់​នរោត្តម ចក្រា វុធ ជា​បុត្រា​ជា​រៀងរហូត​លុះ​អវសាន​»៕

វីដេអូ៖