ភ្នំពេញៈ នគរបាល​ចរាចរណ៍​កំពុង​រៀបចំ​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ករណី រថយន្ត​ឡិចស៊ីស​បុក​ម៉ូតូ​បណ្តាលឱ្យ​ក្មេងប្រុស​អាយុ​ ៧ ​ខែ​ម្នាក់​ស្លាប់ និង​ឪពុកម្តាយ​របួសធ្ងន់​ដែល​កើតហេតុ​កាលពី​យប់​ថ្ងៃទី​ ២៦ មករា នៅ​ខណ្ឌកំបូល​ ខណៈ​ជនបង្ក​ជា​ម្ចាស់​រថយន្ត​កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល រាជធានីភ្នំពេញ​នៅ​ថ្ងៃទី​ ២៧ មករា​។

លោក ឆេង សារិម នាយផ្នែក​ដោះស្រាយ​វិវាទ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ មករាថា ម្ចាស់​រថយន្ត​បង្ក​ឈ្មោះ សួន ចាន់ថន ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ​ជាម​ន្ត្រី​ពន្ធនាគារ​មាន​លំនៅ​ភូមិ​កំរៀង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់​កើតហេតុ​កាលពី​យប់​ថ្ងៃទី​ ២៦ មករា​។

ចំណែក​ក្មេងរងគ្រោះ​ស្លាប់​ឈ្មោះ ថន សុវណ្ណមង្គល ភេទ​ប្រុស ឣាយុ​ ៧ ​ខែ ដែល​ម្តាយ​ឈ្មោះ​ ញាញ់ សុធឿន ឣាយុ​ ៣៥ ​ឆ្នាំ​ (​មេផ្ទះ​) និង​ឪពុក​ឈ្មោះ ចក់ ធារ៉ា អាយុ​ ៣៥ ​ឆ្នាំ មានរ​បរជា​ជាងដែក​។ ​ទាំង ​២ ​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​។

លោក សារិម ថ្លែងថា​៖ «​ករណីនេះ​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​កំពុង​សាកសួរ​ម្ចាស់​រថយន្ត​ឡិចស៊ីស​ហើយក៏​កំពុង​រៀបចំ​កសាង​សំណុំរឿង​ទៅ​តុលាការ​ដែរ​។ ​គាត់​ក្រៅពី​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ហើយក៏​ត្រូវ​ជាប់​បណ្តឹងអាជ្ញា​ផង​ទៀត​»​។

បើតាម​លោក សារិមថា កាល​ពី​វេលា​ម៉ោង​ប្រហែល​ ៨​ យប់​ថ្ងៃទី ​២៦ មករា ឆ្នាំ ២០២២ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​បុរស​ម្នាក់​ឈ្មោះ​ សួន ចាន់ថន បើករថយន្ត LEXUS RX300 ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-4566 ​ក្នុងទិសដៅ​ពី​កើត​ទៅ​ទិស​លិច​ក្នុងទិសដៅ​ស្របគ្នា​។ ​លុះដល់​ចំណុច​កើតហេតុ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤ ​ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​បាន​បុក​ម៉ូតូ​ ១​ គ្រឿង ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​ 1T-1918​ ដែលមាន​មនុស្ស​ជិះ​ឌុប​គ្នា​ ៣ ​នាក់​ (​ប្តី​ប្រពន្ធ និង​កូន​)​។ ​បន្ទាប់មក​រថយន្ត​បង្ក​បាន​បន្ត​ទៅបុក​កង់បី​ ២ ​គ្រឿង​ទៀត​ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​កង់បី​គ្រាន់តែ​រងរបួស​ស្រាល​ទេ​។

លោក​ ឆេង សារិម បន្តទៀតថា ក្រោយ​កើតហេតុ​ភ្លាមៗ​នគរបាល​មូលដ្ឋាន ខណ្ឌ​កំបូល​រួម​នឹង​មន្ត្រី​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ចាត់ចែង​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។

រីឯ​អ្នកបើករថយន្ត​ត្រូវបាន​មន្ត្រី​ជំនាញ​ចរាចរណ៍​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា​មាន​ជាតិ​ឣាល់កុល​ក្នុង​ខ្លួន​កម្រិត ​០,៩៨mg/L (​បើកបរ​ក្នុង​សភាព​ស្រវឹង​)​។

ចំណែក​ជនរងគ្រោះ​ភាគី​ម៉ូតូ​ដែលមាន​កូនតូច​ឈ្មោះ ថន សុវណ្ណមង្គល ភេទ​ប្រុស ឣាយុ​ ៧ ​ខែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ជា​។

រីឯ​ម្តាយ​ឪពុក​ក្មេង​ទាំង​ ២ ​នាក់​របួសធ្ងន់ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕