ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា អ្នកជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ សុំ​កុំ​ព្យាយាម​នៅ​បន្ត​ព្យាបាល​នៅផ្ទះ​បើ​ស្ថានភាព​ធ្ងន់ធ្ងរ ដោយ​ត្រូវតែ​បញ្ជូន​អ្នក​ជំងឺ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​ដូចនេះ​តាមរយៈ​ការផ្តល់​បទ​សម្ភាស​មួយ​កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២២​។

លោកស្រី​បានលើកឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឱ្យ​អ្នកជំងឺ​កូវីដ​ ១៩ ​គ្រប់​ប្រភេទ រួមទាំង​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូវីដ​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​អាច​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​បាន ដោយ​ត្រូវយក​ចិត្ត​ទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រតិបត្តិ (SOP) ដែល​ណែនាំ​ដោយ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ក៏​ដូចជា​ក្រសួង​សុខាភិបាល​។

លោកស្រី ឱ វណ្ណឌីន ថ្លែង​​ថា​៖ «​សូម​បងប្អូន​យើង​ដែល​សម្រាក​ព្យាបាល​នៅផ្ទះ​នេះ មេត្តា​បន្ត​រក្សា​ការ​នៅ​ដាច់​ដោយឡែក​ពី​ក្រុមគ្រួសារ​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត​ដើម្បី​ចៀសវាង​នូវ​ការចម្លង​បន្តទៀត​ក្នុង​ក្រុមគ្រួសារ​របស់ខ្លួន និង​ត្រូវ​រក្សា​ឱ្យបាន​នូវ​ការថែទាំ​សុខភាព​របស់​យើង​ឱ្យបាន​ល្អ និង​កុំឱ្យ​មានការ​ចម្លង​បន្ត​គ្នា​ពី​បុគ្គល​ទៅ​ក្រុមគ្រួសារ និង​ពី​បុគ្គល​ទៅក្នុង​សហគមន៍​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី​ក៏បាន​លើកឡើង​ពី​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ម៉ូលនូពីរ៉ាវា (Molnupiravir) ដោយ​ត្រូវធ្វើ​ការពិគ្រោះ ប្រឹក្សា​យោបល់ និង​វេជ្ជបញ្ជា និង​ការណែនាំ​ពី​ក្រុមគ្រូពេទ្យ​ផងដែរ​។

លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា​៖ «​ឱសថ​នេះ​ប្រើប្រាស់​សម្រាប់​បុគ្គល​ដែលមាន​បញ្ហា​រោគសញ្ញា​កម្រិត​ស្រាល​ទៅ​កម្រិត​មធ្យម ដោយ​ឡែក​អ្នក​ដែលមាន​ស្ថានភាព​ធ្ងន់ សុំ​កុំ​ទុក​អ្នកជំងឺ​ដើម្បី​ព្យាបាល​នៅផ្ទះ​ឱ្យសោះ ដោយ​ចាំបាច់​ត្រូវតែ​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​បាន​ការពិនិត្យ ព្យាបាល និង​ជួយ​សង្គ្រោះ​ទាន់ពេលវេលា​»​។

គួររំឭក​ផងដែរ​ថា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​នូវ​ឱសថ​ប្រភេទ Molnupiravir ​របស់​អាមេរិក ដែលជា​ប្រភេទ​ឱសថ​គ្រាប់​ប្រើ​តាម​មាត់​ប្រឆាំងនឹង​មេរោគ​កូវីដ ​១៩ (Antiviral) ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ បានចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​ឱ្យមាន​ការប្រើប្រាស់​ឱសថ Molnupiravir របស់​អាមេរិក ដោយ​លោក​បាន​លើកឡើងថា​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ឱសថ​នេះ គឺ​ប្រើតែ​ក្នុងអំឡុងពេល​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នៃ​ជំងឺ​កូវីដ ​១៩ ដែល​កំពុង​កើតមាន និង​ជា​ជម្រើស​នៃ​ការព្យាបាល​ដែល​ស្ថិតក្រោម​ការស្រាវជ្រាវ និង​វាយតម្លៃ​។

លោកស្រី ឱ វណ្ណឌីន ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ស្រី្ត​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​ត្រូវ​ចៀសវាង​ប្រើប្រាស់​ឱសថ​ប្រភេទ Molnupiravir នេះ ដោយសារ​មិនទាន់មាន​ការសិក្សា​ច្បាស់​ណាមួយ​បញ្ជាក់​នៅឡើយ​ថា ឱសថ​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ និង​បំបៅកូន​ដោយ​ទឹកដោះ​ប្រើ​នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ថ្ងៃទី​ ២១ ខែមករា បានសម្រេច​ធ្វើ​ការកែប្រែ​លក្ខខណ្ឌ​នៃ​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង ដោយ​លោក​ចេញ​បទបញ្ជា​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​អាច​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​បាន​ទាំង​ជនជាតិខ្មែរ និង​បរទេស ដោយសារ​ជំងឺ​នេះ​មាន​ការចម្លង​លឿន តែ​មិនមែនជា​ជំងឺ​ដែល​គ្រោះថ្នាក់​នោះឡើយ ប៉ុន្តែ​ក្នុងករណី​ដែល​មិនមាន​កន្លែង​ ឬ​ផ្ទះ​មិនអាច​សម្រាក​ព្យាបាល​បាន អ្នកជំងឺ​អាចមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​បាន​៕