រតនគិរីៈ ក្រុមប្រឹក្សា​ខេត្ត​រតនគិរី​បាន​ដាក់​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​ ២០២២ ដោយ​ពង្រឹង​វិធានការ​ច្បាប់​ម៉ឺងម៉ាត់ ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំង​ខេត្ត ជាពិសេស​ពង្រឹង​នៅតាម​ក្លិប​កម្សាន្ត និង​សណ្ឋាគារ​ជាដើម​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី​បាន​ថ្លែងថា ពិតណាស់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លងមកនេះ​ខេត្តរតនគិរី​បាន​ឆ្លងកាត់​វិបត្តិ​ដែល​ពុំ​ធ្លាប់មាន​នោះ​គឺ​ការឆ្លង​រីករាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​មាន​ការរាំងស្ទះ​ដល់​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម កាត់ផ្ដាច់​ខ្សែចង្វាក់ និង​ពិភពលោក​រអាក់រអួល ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ដំណើរការ​អភិវឌ្ឍន៍​របស់​រដ្ឋបាលខេត្ត​រតនគិរី​បាន​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​បើទោះបី​មាន​វិស័យ​មួយចំនួន​ហាក់​មានការ​ធ្លាក់ចុះ​មួយកម្រិត​ក៏ពិតមែន​។

ទន្ទឹមនេះដែរ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត​លោក ណាប់ ប៊ុនហេង បានដាក់​ទិសដៅ​អនុវត្ត​ជាច្រើន​ដោយ​បន្ត​យកចិត្ត​ទុកដាក់​លើ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​ត្រូវ​ពង្រឹង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ទូទាំង​ខេត្ត និង​ដាក់​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ម្ចាស់​ទីតាំង​កម្សាន្ត​សប្បាយ សណ្ឋាគារ ផ្ទះ​សំណាក់ នៅក្នុង​ការចូលរួម​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់ ការជួញដូរ និង​ការចែកចាយ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​»​។

ក្រៅពីនេះ​លោក​បាន​ដាក់​ទិសដៅ​លើកកម្ពស់​ការគោរពវិន័យ​បទបញ្ជាផ្ទៃក្នុង និង​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​​ការទទួល​ខុសត្រូវ​ស្របតាម​តួនាទី និង​ភារកិច្ច ដែល​កំណត់ដោយ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត និង​អន្តរាគមន៍​ឆ្លើយ​​តប​នឹង​គ្រោះអាសន្ន​នានា ដែល​កើត​មាននៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​រតនគិរី លោក ឌិន ខន្នី បាន​ថ្លែងថា ក្នុងនាម​សង្គម​ស៊ីវីល លោក​មានការ​គាំទ្រ និង​ឯកភាព​ក្នុង​ការដាក់​ទិសដៅ​នេះ ខណៈ​លោក​សង្កេតឃើញថា បញ្ហា​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ខេត្ត​ប៉ះពាល់​ដល់​សង្គម ជាពិសេស​យុវវ័យ​យ៉ាងធ្ងន់ធ្ងរ​។

លោក​ថា​៖ «​ព្រោះ​យើង​ដឹង​ហើយ​ថា គ្រឿងញៀន​ជា​បញ្ហា​ចម្បង​ធ្វើឱ្យប៉ះពាល់​ដល់​សង្គម​ធ្ងន់ធ្ងរ ជាពិសេស​យុវវ័យ​ក្មេងៗ កាលណា​ប្រើ​ទៅ​ប៉ះពាល់​ដល់​ការសិក្សា បង្កើត​ទៅជា​ចោរកម្ម ព្រោះ​ខ្ញុំ​ទៅ​ជួបប្រជុំ​ជាមួយ​ថ្នាក់ឃុំ​គោលដៅ​ទាំង​ ៥ គឺមាន​ករណី​រាយការណ៍​គ្រឿងញៀន​ទាំង ៥ ​គោលដៅ​ហើយ​»​។

យ៉ាងនេះ​ក្តី​លោក​ថា ករណី​គ្រឿងញៀន​ធ្ងន់ធ្ងរ​កម្រិតណា​នោះ លោក​មិនអាច​វាយតម្លៃ​ស៊ីជម្រៅ​បានទេ​ដោយសារ​ជា​ដែន​សមត្ថកិច្ច​។

បែបនេះ​ក្តី​លោក​ថា ការដាក់​ទិសដៅ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទោះបី​មិនមាន​ប្រសិទ្ធភាព ១០០ ​ភាគរយ ក៏​រួមចំណែក​កាត់បន្ថយ​បាន​ខ្លះ​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​វិញ ដោយសារ​ខេត្តរតនគិរី​ស្ថិតនៅ​ភាគ​ឦសាន សម្បូរ​ទៅដោយ​ព្រៃឈើ​ផង​នោះ លោក ឌិន ខន្នី ស្នើ​ឱ្យមាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យមាន​ប្រសិទ្ធភាព និង​លើកទឹកចិត្ត​អ្នកការពារ​ព្រៃឈើ​។

លោក​ថា​៖ «​ខេត្តរតនគិរី​ព្រៃ​សល់​ច្រើនណាស់​ក្នុង​ឆ្នាំ ២០១៧ ប៉ុន្តែ​ដល់ ២០២១ គឺ​ព្រៃ​ស្ទើរតែ​អស់​ទៅហើយ ដោយសារ​ព្រៃ​សហគមន៍ ព្រៃអភិរក្ស ព្រៃការពារ​មួយចំនួន​ត្រូវបាន​រង​ការបំផ្លិចបំផ្លាញ​តំបន់​ណាមួយ​មិនមែន​ទាំងស្រុង​ទេ​»​។

ពាក់ព័ន្ធ​គ្រឿងញៀន​នេះដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ថ្ងៃទី​ ២៥ ខែ មករា​នេះ​បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​មាន​សិទ្ធិ​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ​នាំចូល​នូវ​មុខទំនិញ​ពី​ក្រៅប្រទេស​ជាពិសេស​សារធាតុ​គីមីសំយោគ ត្រូវមាន​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​ការពារ​ទប់ស្កាត់​ចលនា​ប៉ុនប៉ង​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ការយក​កម្ពុជា​ជាទី​តាំង​កែច្នៃ និង​ផលិត​គ្រឿងញៀន​។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្នុង​ឆ្នាំ​ ២០២១ សមត្ថកិច្ច បង្ក្រាប​សារធាតុ​ញៀន​គ្រប់​ប្រភេទ​បាន​ជាង ៤ ​តោន និង​ឃាត់ខ្លួន​មនុស្ស​បាន​ជិត​ ១៤ ០០០ ​នាក់​ក្នុងនោះ​មាន​ជនបរទេស​ជាង ៣៦០ ​នាក់​៕