ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការលើកឡើង របស់លោក Saud F.M. AI Suwelim ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ី សាអ៊ូឌីត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ថ្នាក់ដឹកនាំ ប្រទេស​ទាំង ​២ ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​។

​ការគាំទ្រ​នេះ​បាន​ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​លោក ស ខេង បានអនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ថ្ងៃទី​២៧​ខែមករា​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ​។

​ក្នុងជំនួប​នេះ ក្រៅពី​ចូលរួម​សម្ដែង​ការអបអរសាទរ​ជាមួយ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ និង​បាន​ជូនពរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ​២០២២​នេះ សូមឱ្យ​ទទួលបាន​ជោគជ័យ លោក Saud F.M. AI Suwelim បាន​ជម្រាបជូន​លោក ស ខេង​ថា តាមពិត​នៅក្នុង​ឆ្នាំ​កន្លងទៅ គណៈប្រតិភូ និង​ថ្នាក់ដឹកនាំ​របស់​អារ៉ាប៊ីសាអ៊ូឌីត មានបំណង​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​មក​កម្ពុជា ប៉ុន្ដែ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​គម្រោង​នៃ​ការផ្លាស់ប្ដូរ​របស់​គណៈ​ប្រតិភូ និង​ថ្នាក់ដឹកនាំ​មួយចំនួន នៃ​អារ៉ាប៊ីសា អ៊ូឌីត ត្រូវបាន​លើក​ពេល​។

​លោក​ឯកអគ្គរាជទូត បាន​លើកឡើងថា បច្ចុប្បន្ននេះ ក៏​កំពុងតែ​ពិនិត្យ​ទៅលើ​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​រៀបចំ​ឡើងវិញ​នូវ​គម្រោងការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​នោះ​ផងដែរ​។

​លោក​ជឿជាក់ថា បើសិន​មានការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទាំងនោះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ទាំង​លើ​វិស័យ​ទំនាក់ទំនង​ទំហំ​ពាណិជ្ជកម្ម ក៏ដូចជា កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្ដិសុខ​។

​ជាការ​ឆ្លើយតប លោ​កស ខេង សង្ឃឹមថា នឹងមាន​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​២ និង​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ព្រោះ​ជាការ​ងារ​ដ៏​មាន​សារៈសំខាន់ ជាពិសេស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត គឺជា​ប្រទេសមួយ​ដែលមាន​ការរីកចម្រើន ដូច្នេះ​កម្ពុជា ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក៏​ជា​ប្រទេស​កំពុង​ឆ្លងកាត់​រួច​ផុតពី​សង្គ្រាម ហើយ​ត្រូវការ​យ៉ាង​ចាំបាច់​នូវ​ដៃគូ ដើម្បី​ចូលរួម​នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់ខ្លួន​ផងដែរ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈ​អាណត្តិ​ការទូត​របស់ លោក Saud F.M. AI Suwelim គឺ​នឹង​បន្ដ​ធ្វើឱ្យ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត កាន់តែ​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​ថែមទៀត​។

​នាឱកាស​នោះដែរ លោ​កស ខេង បាន​ជម្រាបជូន លោក ឯកអគ្គរាជទូត ថា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រជាពលរដ្ឋ​ដែល​កាន់សាសនា​អ៊ិ​ស្លាម គឺជា​ប្រជាពលរដ្ឋនៅក្នុង​ចំនួន​ទី​២ បន្ទាប់ពី​ចំនួន​ប្រជាពលរដ្ឋ​កាន់សាសនា​ព្រះពុទ្ធ ហើយ​ជាទូទៅ គឺ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​កាន់សាសនា​អ៊ិ​ស្លាម គឺមាន​ទំនាក់ទំនង​ជាមួយគ្នា​ល្អ​នៅក្នុង​សង្គម​។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាននិងកំពុង​យកចិត្តទុកដាក់ និង​ផ្ដល់ឱកាស​ស្មើៗ​គ្នា​ដល់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ទាំង​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​កាន់សាសនា​អ៊ិ​ស្លាម ដើម្បី​ទទួលបាន​នូវ​ឱកាស​ក្នុងសង្គម​ស្មើៗ​គ្នា ដោយ​មិនមាន​ការបែងចែក​ណាមួយ​នោះទេ គឺជា​ពលរដ្ឋ​ខ្មែរ​តែមួយ​។

​ចំពោះ​គម្រោង​ពិនិត្យ​លទ្ធភាព ក្នុងការ​រៀបចំ​ឱ្យមាន​ដំណើរ​ទស្សនកិច្ច​របស់ គណៈប្រតិភូ​ជាន់ខ្ពស់​រវាង​ប្រទេស​ទាំង​២ ដូច លោក Saud F.M. AI Suwelim បានលើកឡើង​ពី​ខាងដើម​នោះ ជាថ្មី​ម្ដងទៀត លោ​កស ខេង បាន​គាំទ្រ និង​អបអរសាទរ​ដោយ លោក ជឿជាក់ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ គណៈប្រតិភូ​ជាន់ខ្ពស់​នេះ នឹង​បង្កើន​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ទូលំទូលាយ​ថែមទៀត ទាំង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ រួមទាំង​វិស័យ​សន្ដិសុខ ជាពិសេស​គឺ​ប្រយុទ្ធប្រឆាំង​នូវ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រវាង​ប្រទេស​ទាំង​២​ផងដែរ​។

​ពាក់ព័ន្ធ​ទៅនឹង​ប្រជាពលរដ្ឋ​កម្ពុជា ដែលជា​អ្នក​គោរព​ប្រតិបត្តិ​សាសនា​អ៊ិ​ស្លាម​នេះ លោក​ឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាបជូន​លោ​កស ខេង​ថា ប្រជាពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត ដែលជា​អ្នក​គោរព ប្រតិបត្តិ​នូវ​សាសនា​អ៊ិ​ស្លាម​នោះ សុទ្ធតែជា​អ្នក​ស្រលាញ់​គាំទ្រ សុខសន្ដិភាព និង​ប្រឆាំង​ដាច់ខាត​នូវ​រាល់​អំពើ​ជ្រុលនិយម​ទាំងឡាយ ដែល​បង្ក​អសន្ដិសុខ​ដល់​សកលលោក​។

​ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​យកចិត្ត ទុកដាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​គោរព​ប្រតិបត្តិ​នូវ​សាសនា​អ៊ិ​ស្លាម ដោយ​ចាត់ទុកថា នេះ​គឺជា​ការអនុវត្ត​នូវ​គោលការណ៍ ប្រជាធិបតេយ្យ​មួយ​ដ៏​សំខាន់ ក្នុងការ​អនុញ្ញាត​ដល់​ការគោរព​សិទ្ធិសេរីភាព ដល់​ការគោរព​ប្រតិបត្តិ​ទៅលើ​ជំនឿ សាសនា របស់​ប្រជាពលរដ្ឋ​៕