
គម្រោងលើកកម្រិតគុណភាពផ្លូវនឹងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវលេខ ២១B។ រូបថត MPWT
កណ្តាលៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាពផ្លូវ និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ ២១B ស្ថិតនៅក្រុងតាខ្មៅ ដែលកំពុងត្រូវបានស្ថាបនាសម្រេចបាន ៩៥ ភាគរយហើយ។
ផ្លូវនេះមានប្រវែងសរុបប្រមាណ ៣ គីឡូម៉ែត្រចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ២ ដល់រង្វង់មូលស្ពានព្រែកសំរោងមានទទឹងផ្លូវ ១១ ម៉ែត្រ ជម្រាលទទឹងផ្លូវ ៣ ភាគរយ កម្រាស់ Stabilize ២០០ មិល្លីម៉ែត្រ អ៊ុតបេតុងកៅស៊ូ (AC) កម្រាស់ ១៥ សង់ទីម៉ែត្រដោយប្រើប្រាស់គ្រឿងចក្រ Stabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានបច្ចេកទេសសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនគម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ២១B ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ មក ដែលគិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩៥ ភាគរយហើយ។
ក្រសួងបានឱ្យដឹងថា គម្រោងនេះបានប្រើប្រាស់ គ្រឿងចក្រ Stabilizer ជាជំនួយពីប្រទេសជប៉ុនអាចជួយឱ្យការសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៍ កាត់បន្ថយរយៈពេលសាងសង់ និងប្រើប្រាស់បានយូរ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន។ គ្រឿងចក្រប្រភេទនេះគឺប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ដែលខូចធ្វើឱ្យចំណេញថវិកា និងពេលវេលាក្នុងការជួសជុលសាងសង់ផងដែរ។ ដើម្បីធានាការស្ថាបនាផ្លូវនេះ មានគុណភាពល្អ និងស្របតាមបច្ចេកទេស រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ២៦ ខែមករា បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវលេខ ២១B ដោយមានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវនេះដែរ លោក គង់ រតនៈ ប្រធានស្ដីទីនៃវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថា ការចុះត្រួតពិនិត្យការសាងសង់ផ្លូវរបស់ថ្នាក់ដឹកនាំ គឺបង្ហាញពីការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពនៃការសាងសង់ចៀសវាងការសាងសង់ដែលមិនគោរពទៅតាមស្តង់ដាបច្ចេកទេសនាំឱ្យផ្លូវឆាប់ខូច។ បន្ថែមពីនេះលោកយល់ថា គម្រោងទាំងនេះ វានឹងផ្តល់ផលដ៏ធំធេងដល់ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងរយៈពេលវែង។
បើតាមក្រសួងសាធារណការ បច្ចុប្បន្នបណ្តាញផ្លូវជាតិ និងផ្លូវជនបទបានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច មានប្រមាណជាង ១៥ ០០០ គីឡូម៉ែត្រ៕