ភ្នំពេញៈ កម្មវិធី​បច្ចេកវិទ្យា​អប់រំ​របស់​ប្រទេស​ជប៉ុន ឈ្មោះ​ Think!Think! តាមរយៈ​ការផ្ដល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​(CCF) ផ្ដល់​ការអប់រំ​សាកល្បង​លើ​កម្មវិធី​អប់រំ​បែប STEM ដល់​សិស្ស​កម្រិត​បឋមសិក្សា​ប្រមាណ​ ២០០ ​នាក់​នៅ​ថ្នាក់រៀន​របស់ CCF ដោយ​មិន​គិតថ្លៃ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ភាពជា​ដៃគូ​រវាង Think!Think!​ និង​អង្គការ CCF ឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៦ ខែមករា JICA កំពុងផ្តល់​មូលនិធិ​ដល់ Think!Think! ដែលជា​កម្មវិធី​ផ្តោតលើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ​សម្រាប់​កុមារ​ក្នុង​ការចាប់ផ្តើម​ភាពជា​ដៃគូ​ថ្មី​ជាមួយ​អង្គការ CCF ឆ្ពោះទៅ​ការសាកល្បង​កម្មវិធី​អប់រំ​បែប STEM របស់​ពួកគេ​ក្នុង​ថ្នាក់ CCF ដោយ​មិន​គិតថ្លៃ​។

«​តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នេះ​នឹង​ផ្តល់នូវ​ការប្រើប្រាស់​សម្រាប់​សិស្ស​ចំនួន​ ២០០​ នាក់ ដែល​កំពុង​សិក្សា​ថ្នាក់​បឋមសិក្សា​នៅ​ថ្នាក់រៀន​របស់​ CCF ដើម្បី​សាកល្បង​ក្នុង​រយៈពេល ៣ ​ខែ ក្នុងការ​សិក្សា​កម្មវិធី​នេះ ដោយ​ផ្ដោតលើ​ជំនាញ​ការគិត​បែប​ស៊ីជម្រៅ ការគិត​រកហេតុ និង​ផល និង​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​អំពី STEM»​។ នេះ​បើតាម​សេចក្ដីប្រកាស​។

សេចក្ដី​ប្រកាស​ឱ្យដឹងថា ភាពជា​ដៃគូ​នេះ​គឺជា​ចំណុច​សំខាន់​សម្រាប់​ JICA ពីព្រោះ​ជា​ភាពជា​ដៃគូ​ដំបូង​គេ ដែល​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់ជូន​នូវ​ការប្រើប្រាស់​កម្មវិធី​ Think!Think!​ នេះ​។ JICA បានទទួល​ស្គាល់​នូវ​ការងារ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក្នុង​ការផ្លាស់​ប្តូរ​ជីវិត​របស់​កុមារ​ក្រីក្រ ជនក្រីក្រ និង​ខ្វះខាត​បំផុត​នៅ​កម្ពុជា តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ការបណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ និង​កម្មវិធី​គាំទ្រ​ដោយផ្ទាល់​នៅ​តំបន់​ស្ទឹងមានជ័យ​តាំងពី​ឆ្នាំ​ ២០០៤ រហូតមក​។

ក្នុងការ​ប្រើប្រាស់​កម្មវិធី Think!Think! ក្នុង​ថ្នាក់​ទី​ ៥ និង​ថ្នាក់​ទី​ ៦ នៅ CCF នេះ JICA សង្ឃឹមថា Think!Think!​ នឹង​ជួយ​ចូលរួមចំណែក​ក្នុងការ​ពង្រីក​ការចូល​ប្រើប្រាស់​លើ​វិស័យ STEM សម្រាប់​សិស្ស​នៅក្នុង​កម្រិត​បឋមសិក្សា​ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែមទៀត​។

លោក Kaneko Ryota តំណាង JICA ថ្លែងថា JICA បាន​គាំទ្រ​វិស័យ​អប់រំ​សាធារណៈ​ជាច្រើន ដូចជា​ការបើក​មហាវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​។ ប៉ុន្តែ​កិច្ចសហការ​នេះ​គឺជា​គម្រោង​ថ្មី​មួយ​ដែល​ព្យាយាម​គាំទ្រ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា អ្នកដឹកនាំ​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា​កាន់តែច្រើន​មិន​ត្រឹមតែ​ត្រូវ​បានទទួល​ការបណ្តុះបណ្តាល​ចេញពី​វិស័យ​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ដូចជា​សាលារៀន​របស់លោក Scott Neeson ផងដែរ​»​។

លោក ដៃគី វ៉ាតាណាបេ (Daiki Watanabe) ​នាយក​ប្រតិបត្តិ​នៃ Think!Think! កម្ពុជា ថ្លែងថា កម្មវិធី Think!Think! នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​សិស្ស​បឋមសិក្សា CCF ចំនួន ២០០ ​នាក់ ក្នុង​កម្មវិធីសិក្សា STEM របស់​ពួកគេ​នៅលើ​មូលដ្ឋាន​សាកល្បង មុនពេល​ត្រូវបាន​វាយតម្លៃ​សម្រាប់​ការដាក់​ឱ្យប្រើប្រាស់​កាន់តែ​ទូលំទូលាយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា កម្មវិធី​របស់​យើង​អាចជួយ​សិស្ស​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ឱ្យទទួល​បានការ​សិក្សា​លើ​ជំនាញ​សំខាន់ៗ​ក្នុង​សតវត្សរ៍​ទី​ ២១ ហើយ​ខ្ញុំ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាង CCF Think!Think! និង JICA នឹង​អាច​បណ្តុះបណ្តាល​អ្នកដឹកនាំ​នាពេល​អនាគត​បន្ថែមទៀត​ចេញពី​តំបន់​ក្រីក្រ​មួយ​នៃ​ប្រទេស​កម្ពុជា​»​។

អង្គការ CCF ​ជឿជាក់ថា ជាមួយនឹង​ការអប់រំ​ប្រកបដោយ​គុណភាព និង​ភាពជា​អ្នកដឹកនាំ​កុមារ​ម្នាក់​មាន​សក្តានុពល​ក្នុងការ​លើកស្ទួយ​គ្រួសារ​ទាំងមូល​ចេញ​ពី​ភាពក្រីក្រ ហើយ​នៅពេលដែល​កុមារ​មានការ​អប់រំ​នោះ​នឹងមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​ផ្លាស់ប្តូរ​សង្គម​មួយ​។

«​តាមរយៈ​ការវិនិយោគ​លើ​សុខភាព ការអប់រំ និង​សុខុមាលភាព​របស់​កុមារ និង​ជនក្រីក្រ យើង​កំពុង​ផ្តល់នូវ​ជំនាញ ទំនុក​ចិត្ត និង​ភាពស្មោះត្រង់​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​នៃ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​សហគមន៍​របស់​ពួកគេ​»​។ នេះ​បើតាម​អង្គការ CCF៕