សៀមរាបៈ មនុស្ស​ចំនួន ២ នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ និង​រថយន្ត​បុក​ម៉ូតូ ចំនួន ២ ករណី នៅក្នុង​ស្រុក​ពួក និង​ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី ២៨ មករា។

ករណី​ទី១ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ ៦ ត្រង់ចំណុច​មុខ​ហាង​កៅមី ស្ថិតក្នុង​ភូមិ​ពួកថ្មី ឃុំ​ពួក ស្រុក​ពួក នៅ​ថ្ងៃទី ២៧ ខែមករា វេលា​ម៉ោង ១៦ និង ៤០ នាទី រវាង​ម៉ូតូ​ម៉ាក ហុងដា​ឌ្រីម ពណ៌​ខ្មៅ ឆ្នាំ ២០២១ ពាក់​ស្លាក​លេខ សៀមរាប 1AK-0743 បើកបរ​ដោយ​ឈ្មោះ ឆាន់ វាសនា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​មុខប៉ែន ឃុំ​មុខប៉ែន ស្រុក​ពួក (ពាក់មួក​សុវត្ថិភាព) ដឹក​មនុស្ស ០១ នាក់ ឈ្មោះ ទូក រតនា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​(ពាក់មួក​សុវត្តិភាព)។

ម៉ូតូ​នេះ បើកបរ​ក្នុងទិសដៅ​ពី​កើតទៅ​លិច បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ផលិត​ឆ្នាំ 2002 ពាក់​ស្លាក​លេខ សៀមរាប 1I-2441 បើកបរ​ដោយ​ឈ្មោះ ឃូរ ឈឿត ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ពួក(ពាក់មួក​សុវត្ថិភាព) បើកបរ​ក្នុងទិសដៅ​ពី​លិច​បត់​ទៅ​ជើង។

ករណីនេះ​បាន​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ០១ នាក់ ឈ្មោះ ឃូរ ឈឿត (ពេល​បញ្ជូនទៅ​ពេទ្យ​ខេត្ត) និង​រងរបួស​ចំនួន ០២ នាក់ ១-ឈ្មោះ ឆាន់ វាសនា (ធ្ងន់) ២-ឈ្មោះ ទូក រតនា (ធ្ងន់) និង​ខូចខាត​ម៉ូតូ​ចំនួន ០២ គ្រឿង។

ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ចុះ​វាស់វែង​កន្លែង​កើត​ហេតុ ប្រមូលយក​វត្ថុតាង​ពាក់ព័ន្ធ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​អនុវត្តតាម​នីតិវិធី​បន្ត។

ករណី​ទី២ កើតឡើង នៅ​ថ្ងៃទី ២៧ ខែមករា ដូចគ្នា វេលា​ម៉ោង ២២ និង ៣០ នាទី រវាង​រថយន្ត​ដឹកទំនិញ (ជី) បុក​និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា​លើផ្លូវ​ជាតិ​លេខ ៦A ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ ២៩៩-៣០០ ស្ថិតនៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង។

សមត្ថកិច្ច​បានបញ្ជាក់​ថា មាន​រថយន្ត​ដឹកទំនិញ​ម៉ាក​ហ៊ីណូ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3A-1053 បើកបរ​ដោយ​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក និង​ម៉ូតូ​មួយគ្រឿង​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សុង ភេទ​ប្រុស អាយុ ២១ ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​កណ្ដែក ស្រុក​ប្រាសាទបាគង បណ្តាលឱ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ នៅ​នឹង​កន្លែង។

ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ បាន​រត់គេច​ខ្លួន​បាត់។

ក្រោយ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

រីឯ​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុករ​ប្រាសាទបាគង រង់ចាំ​ដោះស្រាយ​តាមច្បាប់៕