មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយមូលនិធិ Wesley Zaidan ក្នុងការធ្វើការងាររួមគ្នា ដើម្បីបង្ការ និងការពារស្ត្រី និងក្មេងស្រីក្នុងប្រទេសកម្ពុជាពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ UNFPA នាថ្ងៃទី ២៨ ខែមករា ស្តីពីការចាប់ដៃគូជាមួយនឹងមូលនិធិ Wesley Zaidan ដែលជាអង្គការបម្រើផលប្រយោជន៍សាធារណៈដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសជប៉ុនក្នុងការគាំទ្រគម្រោងមាគ៌ាឆ្ពោះទៅសមភាពយេនឌ័រនៅកម្ពុជា។
បើតាមមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ស្ត្រីជាង ៣០% ធ្លាប់ទទួលរងនូវអំពើហិង្សាលើរាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត ពីដៃគូក្នុងឆាកជីវិតរបស់ពួកគេ ហើយប្រេវ៉ាឡង់នេះត្រូវបានគេប៉ាន់ស្មានថានឹងកាន់តែអាក្រក់ទៅៗ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ ១៩។
ម្យ៉ាងវិញទៀត បើទោះបីជាមានគោលនយោបាយ និងសេវាឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងយេនឌ័រជាច្រើននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏មិនមែនមានន័យ ថាជនរងគ្រោះដោយសារអំពើហិង្សាទាំងអស់សុទ្ធតែបានទទួលសេវាដែលពួកគេត្រូវការនោះទេ។
ប្រភពដដែលនេះបានបញ្ជាក់ថា៖ «មានស្ត្រីដែលធ្លាប់ទទួលរងនូវអំពើហិង្សាពីដៃគូចំនួន ២៤% ប៉ុណ្ណោះដែលទទួលបានសេវាគាំទ្រក្នុងប្រព័ន្ធពីអ្នកផ្តល់សេវា។ ដោយសារការរីកសាយភាយនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា មនុស្សកាន់តែសកម្មក្នុងការស្វែងរកព័ត៌មាន និងសេវាសម្រាប់អំពើហិង្សាទាក់ទងយេនឌ័រតាមអ៊ីនធឺណិត និងបណ្តាញសង្គម»។
នៅកម្ពុជាចំនួននៃការស្វែងរកសេវាបានកើនឡើង ៥២% បើធៀបនឹងមុនពេលផ្ទុះឡើងនៃជំងឺកូវីដ ១៩ក្នុងសហគមន៍។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសហហិរញ្ញប្បទាននេះ មូលនិធិទាំង ២ នឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី ដើម្បីអភិវឌ្ឍន៍វេទិកាឌីជីថលនវាវនុវត្តន៍ និងណែនាំកម្មវិធីទូរស័ព្ទសម្រាប់ការអប់រំស្ត្រី និងយុវវ័យអំពីការបៀតបៀនផ្លូវភេទ ដែលរួមបញ្ចូលនូវព័ត៌មាន ដែលមានប្រយោជន៍ផងដែរ។
ក្នុងនោះមានដូចជា របៀបកំណត់អត្តសញ្ញាណ និងការពារខ្លួនពីគ្រប់ទម្រង់នៃអំពើហិង្សាណាមួយដែលអាចកើតឡើង ដើម្បីការពារពួកគេពីឧប្បត្តិហេតុនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រជាមួយមុខងារជូនដំណឹងពីការស្វែងរកជំនួយក្នុងគ្រាអាសន្ន។
លើសពីនេះទៀតគម្រោងនេះនឹងធ្វើការទៅលើការពង្រឹងយន្តការសម្របសម្រួលក្នុងចំណោមអ្នកកំពុងផ្តល់សេវាទាំងនៅក្រោមរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ។
លោក Golden Mulilo តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជាបានឱ្យដឹងថា សុវត្ថិភាពរបស់ស្ត្រី និងក្មេងស្រី និងការចៀសផុតពីភាពភ័យខ្លាចនៃការបៀតបៀន និងការរំលោភបំពាននៅទីសាធារណៈ និងនៅផ្ទះ គឺជាអាទិភាពចម្បង។
លោកមានប្រសាសន៍ថា៖ «យើងជឿជាក់ថាកម្មវិធីឌីជីថលនវានុវត្តន៍ថ្មីនេះនឹងជួយបង្ការ និងការពារស្ត្រី និងក្មេងស្រីដែលងាយរងគ្រោះពីអំពើហិង្សាគ្រប់ទម្រង់នៅកម្ពុជា ក្នុងអំឡុង និងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ ១៩»។
ចំណែក លោកស្រី Hikari Kokai តំណាងនាយិកាមូលនិធិ Wesley Zaidan ក៏បានឱ្យដឹងដែរថា ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីទាមទារឱ្យសង្គមដែលគេបានរស់នៅ និងប្រើប្រាស់ធនធាន និងសេវាកម្មដែលមានជាអំណោយ រួមជាមួយទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ ដោយទំនុកចិត្តប្រកបដោយសេចក្តីរីករាយគ្មានការភ័យខ្លាច និងការរើសអើង។
លោកស្រីបានបញ្ជាក់ថា៖ «យើងជឿជាក់ថា គម្រោងនេះនឹងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ដើម្បីរួមចំណែកលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតំបន់អាស៊ី និងពិភពលោក ទាំងមូល »។
បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងភាពជាដៃគូនេះនឹងដំណើរការនៅខែកុម្ភៈ ឆ្នាំ ២០២២ ហើយត្រូវបានជឿជាក់ថាគម្រោងនេះនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការទទួលបានព័ត៌មាន និងសេវាចាំបាច់នានាៗ ដើម្បីការពារស្ត្រី និងក្មេងស្រីដែលងាយរងគ្រោះពីការបៀតបៀនផ្លូវភេទ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងពន្លឿនវឌ្ឍនភាពក្នុងសម្រេចបាននូវគោលដៅឆ្ពោះទៅលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងកម្ពុជា។
តាមរយៈគម្រោងភាពជាដៃគូនេះ មូលនិធិ Wesley Zaidan និង UNFPA នឹងរួមចំណែកក្នុងការជំរុញការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមមាន គោលដៅទី ៣៖ ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ និងគោលដៅទី ៥៖ សម្រេចឱ្យបានសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប៕