កណ្តាលៈ អ្នកជំនាញ​ពី​ក្រសួង​រ៉ែ​និង​ថាមពល និង​អាជ្ញាធរ​ខេត្តកណ្តាល បាន​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេថា ការ​បូម​ខ្សាច់ មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​ទន្លេ​ឡើយ តែ​វា​បាន​ជួយ​ដល់​ទន្លេ ធ្វើឱ្យ​ចរន្តទឹក​រត់​ត្រូវ​គន្លង ចៀស​ផុតពី​ការបាក់​ច្រាំងទន្លេ​ទៀតផង​។

​បើតាម​រដ្ឋបាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​ ២៨ ខែ មករា ឆ្នាំ​ ២០២២ លោក​អ៊ឹង ឌី​ប៉ូ​ឡា រដ្ឋលេខាធិការ​ក្រសួង រ៉ែ និង​ថាមពល និង​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្តកណ្ដាល បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​វេទិកាសាធារណៈ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការធ្វើ​អាជីវកម្ម​ខ្សាច់ សំណង់ និង​ដីល្បាយខ្សាច់ នៅ​ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

​រដ្ឋបាល​ខេត្តកណ្តាល​បានឱ្យដឹងថា វេទិកាសាធារណៈ​នេះ មាន​គោលបំណង ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ បាន​យល់​ពី​ការ​បូម​ខ្សាច់ តាមបែប​បច្ចេកទេស គឺ​មិន​ធ្វើឱ្យមាន​ការបាក់​ច្រាំង និង​មិន​ផ្តល់​ផលប៉ះពាល់​ដល់​ទន្លេ​ទេ តែ ថែមទាំង​ជួយ​ដល់​ទន្លេ​ឱ្យមាន​ជម្រៅ​ជ្រៅ ធ្វើឱ្យ​ចរន្តទឹក​រត់​ត្រូវ​គន្លង ចៀស​ផុតពី​ការបាក់​ច្រាំង​ទៀតផង​។

​វេទិកា​នេះ ធ្វើឡើង​ក៏​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប​កាន់តែច្បាស់ អំពី​ការធ្វើ​អាជីវកម្ម ខ្សាច់​សំណង់ និង​ដីល្បាយខ្សាច់ ដើម្បី​ស្វែងយល់​ពី បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​បាន​ទទួលយក​សំណូមពរ ពី​ផលប៉ះពាល់​មួយចំនួន របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕​