ភ្នំពេញៈ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការសហការ​ក្នុងការ​ការសាងសង់​ផ្លូវ​ថ្មី​ចំនួន ០១​ ខ្សែ​ ចាប់ពី​ចុង​ផ្លូវ​ចាស់​មុខ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង ដល់​វត្ត​ព្រះ​ច័ន្ទ​រង្សី ស្ថិតក្នុង​សង្កាត់​ក្បាលកោះ​នៅ​ខែកុម្ភៈ​ ខាងមុខនេះ​។

​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ ស្ថិតក្នុង ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង និង​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ពី​ការសាងសង់​ផ្លូវ​ថ្មី ចំនួន ០១​ខ្សែ ចាប់ពី​ចុង​ផ្លូវ​ចាស់​មុខ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង រហូតដល់​វត្ត​ព្រះ​ច័ន្ទ​រង្សី ស្ថិតក្នុង​សង្កាត់​ក្បាលកោះ ស្របតាម​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ថ្នាក់​ខណ្ឌ​ឆ្នាំ​២០៣៥ នៅ​សប្ដាហ៍​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ខណ្ឌ​ច្បារអំពៅ​បានសរសេរថា​៖«​ដូចនេះ​ដើម្បី​សម្រួល​ដល់​ការសាងសង់​ផ្លូវ​ខាងលើ​ឱ្យមាន​ភាពរលូន រដ្ឋបាល​ខណ្ឌ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ​ផ្លូវ​ថ្មី​ដែល​ត្រូវ​សាងសង់​នេះ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​ក្បាលដី​ពាក់ព័ន្ធ​ក្នុងភូមិ​សាស្ត្រ​ខាងលើ នឹងចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​សាងសង់​ផ្លូវ​ខាងលើ ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​សាធារណៈ​៕​