រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ខាងកើត​បាន​លើកទឹកចិត្ត​ឱ្យ​ពន្លឿន​នូវ​ការចរចា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU)​ និង​កិច្ចព្រមព្រៀង​នានា​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និង​សេវាកម្ម​ផ្លូវអាកាស ដែល​នៅ​មិនទាន់បាន​ឯកភាព​គ្នា​នៅឡើយ​។

រដ្ឋមន្ត្រី​ការបរទេស​ទាំងពីរ​ក៏បាន​កត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​ជា​មិត្តភាព​ជិតស្និទ្ធ និង​ការអភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​នាពេល​បច្ចុប្បន្ន​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ ទេសចរណ៍ អប់រំ​ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​សុខាភិបាល​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​កន្លងមក​នេះ​ផងដែរ​។

ការលើកឡើង​បែបនេះ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកស្រី អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ខាងកើត​។

ការមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ២៦-២៩ ខែមករា ឆ្នាំ​ ២០២២ សំដៅ​ជំរុញ និង​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២​។ ទស្សនកិច្ច​ផ្លូវការ​នាពេលនេះ ស្រប​ជាមួយ​ការប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ២០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ខាងកើត​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា នៅក្នុង​សវនាការ លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ប្រទេស​ទីម័រ​ខាងកើត​ពិចារណា​លើ​ការផ្ដួចផ្ដើម​ឱ្យមាន​កិច្ចសហប្រតិបត្តិការ ជាពិសេស​ពិនិត្យ​ឱ្យមាន​កិច្ចសន្យា​ និង​កិច្ចព្រមព្រៀង​គាំពារ​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​ប្រទេស​ទាំង​ ២ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំង ​២ ផងដែរ​។

លោកស្រី​រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ​។

រដ្ឋមន្ត្រីការបរទេស​ទាំង​ ២ បានកត់សម្គាល់​ដោយ​ការពេញចិត្ត​ចំពោះ​ទំនាក់​ទំនង​ជា​មិត្តភាព​ជិតស្និទ្ធ និង​ការអភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​នាពេល​បច្ចុប្បន្ន​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ ទេសចរណ៍ អប់រំ​ និង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​សុខាភិបាល​ក្នុង​រយៈពេល​ជាង​ ២ ​ទសវត្សរ៍​កន្លងមក​នេះ​។

ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​ភាគី​ទាំង​ ២ ​បាន​ឯកភាព​លើ​ភាពចាំបាច់​ក្នុង​ការបន្ត​សន្ទុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការលើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់ខ្លួន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​រួច​នាពេល​កន្លងមក​។

ឯកសារ​ទាំងនោះ​រួមមាន អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​បច្ចេកទេស​, កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​សេដ្ឋកិច្ច និង​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២​។

សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​បាន​អបអរសាទរ​គ្នា​ទៅវិញ​ទៅមក​ចំពោះ​ការ​ទប់ស្កាត់បាន​ដោយ​ជោគជ័យ​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ក្នុងប្រទេស​រៀងៗ​ខ្លួន និង​ចំពោះ​ការបើក​ប្រទេស​របស់ខ្លួន​បន្តិច​ម្តងៗ តាមរយៈ​ការរស់នៅ និង​សម្រប​ខ្លួន​តាម «​គន្លង​ថ្មី​»៕