សៀមរាបៈ កម្លាំង​នគរបាល​ខេត្ត​សៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២ ពាក់ព័ន្ធ​ករណី​មនុស្ស​ឃាតកម្ម​គិតទុក​ជាមុន​នៅក្នុង​ស្រុក​ជីក្រែង​។

សមត្ថកិច្ច​បាន​ឱ្យដឹងថា ជនសង្ស័យ​ដែលមាន​អាយុ​ ៣៣ ​ឆ្នាំ មុខរបរ​កសិករ ស្រុកកំណើត​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២ វេលា​ម៉ោង​ ២១​ និង​ ២០ ​នាទី​នៅក្នុង​កម្មវិធី​បង្កក់​កូន​របស់​ឈ្មោះ ​ស៊ាន ខន ភេទ​ប្រុស នៅ​ភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប​។

យោងតាម​នគរបាលជាតិ​បានឱ្យ​ដឹងថា នៅ​ថ្ងៃទី​ ២៧ ខែមករា នៅផ្ទះ​ឈ្មោះ ស៊ាន ខន ភេទ​ប្រុស នៅ​ភូមិ​កើតហេតុ​ខាងលើ​មាន​កម្មវិធី​ជប់លៀង​បង្កក់កូន មាន​ភ្ញៀវ​ចូលរួម​ច្រើន​ផឹកស៊ី​។ រហូតដល់​ម៉ោង ​៩​ និង​ ២០ ​នាទី​យប់ ជនសង្ស័យ​ខាងលើ​ស្រវឹងស្រា​បាន​យក​កាំបិត​ខ្វែវ​ទៅ​កាប់​ជនរងគ្រោះ​ឈ្មោះ សយ បូរ ភេទ​ប្រុស អាយុ ​៤៧ ​ឆ្នាំ ដែល​កំពុង​ផឹកស៊ី​ក្នុង​កម្មវិធី​បង្កក់​កូន​ដែរនោះ ត្រូវ​ត្រង់​ដើមទ្រូង​ឆ្វេង​ ១ ​ខ្វែវ និង​ត្រង់​ស្មា​ខាងស្តាំ​ ១ ​ខ្វែវ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ពេលនោះ​ត្រូវបាន​បងប្អូន​ដឹក​តាម​រថយន្ត​មក​ពេទ្យ​ដល់​ពាក់​កណ្តាលផ្លូវ ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។

តាម​ការសាកសួរ​របស់​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​កាប់​ឈ្មោះ សយ បូរ និង​ខ្វែវ​ពិតមែន​ដោយសារ​តែមាន​កំហឹង​ និង​ជនរងគ្រោះ ដែល​បាន​វាយ​ប្អូន​ខ្លួន​កាលពី​ឆ្នាំទៅ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែង​កើតហេតុ រួមជាមួយ​វត្ថុតាង កាំបិត​ខ្វែវ ០១ ​និង​កំពុង​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕