និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​(​ន​.​ទ​.​ក​.) សហការ​ជាមួយនឹង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ បានសម្រេច​បិទ​ខ្ទប់​គេហទំព័រ ចំនួន ១២៣ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​និង​ផ្តល់​សេវា​ល្បែងស៊ីសង​អន​ឡាញ និង​ល្បែង​ឆ្នោត​ខុសច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ ន​.​ទ​.​ក​. នៅ​ថ្ងៃទី​២៨ ខែមករា បានឱ្យដឹងថា ន​.​ទ​.​ក​. ធ្លាប់បាន​ចាត់វិធានការ​បិទ​គេហទំព័រ​ដែល​ដំណើរការ​អាជីវកម្ម ប្រភេទ​នេះ​ចំនួន ៧៩ រួចមកហើយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លងមក​។​

​ន​.​ទ​.​ក​. បាន​បញ្ជាក់ថា ៖ «​ន​. ទ​. ក​. នឹង​បន្ត​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រតិបត្តិ​ករ ទូរគមនាគមន៍​ទាំងអស់ ដើម្បី​លុបបំបាត់​រាល់​គេហទំព័រ​ដែល​ធ្វើ​ប្រតិបត្តិការ​និង​ផ្តល់​សេវា​ល្បែងស៊ីសង​អន​ឡាញ និង​ល្បែង​ឆ្នោត ដែល​ផ្ទុយ​ច្បាប់ និង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​»​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក តាមរយៈ​អុ​ី​ន​ធឺ​ណិ​ត​អន​ឡាញ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ ក្នុង​គោលដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​។​

​ជាមួយគ្នានេះដែរ ន​. ទ​.​ក​. ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ចូលរួម​រាយការណ៍​មក​ន​.​ទ​.​ក​. តាមរយៈ​លេខ​ទូរស័ព្ទ ៦៧៨៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក «​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​» នូវ​គេហទំព័រ​ដែល​កំពុងដំណើរកា​រ​ល្បែងស៊ីសង​អន​ឡាញ និង​ល្បែង​ឆ្នោត​ខុសច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ ន​. ទ​. ក​. នឹង​រក្សា​ការសម្ងាត់​ជូន​៕​

វីដេអូ៖