​ខេត្តកំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ក្រើនរំឭក ដល់​មន្ត្រី​សុខាភិបាល​ខេត្ត សូម​បន្ត​បម្រើសេវា ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ គឺ​ត្រូវ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ដោយ​យកចិត្តទុកដាក់ ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត ពី​អ្នកជំងឺ​និង​ក្រុមគ្រួសារ​។

​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​បែបនេះ ក្នុងពេលដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី​២៨​មករា​ឆ្នាំ​២០២១​។

​បើតាម​រដ្ឋបាល​ខេត្តកំពង់ចាម ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ​លោក អ៊ុន ចាន់​ដា បាន​ថ្លែង​ក្រើនរំឭក ដល់​មន្ត្រី​សុខាភិបាល​ខេត្ត សូម​បន្ត​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។ គ្រូពេទ្យ ត្រូវ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ដោយ​យកចិត្តទុកដាក់​ស្មោះត្រង់ ផ្អែកលើ​ចំណេះដឹង​វេជ្ជសាស្ត្រ និង​បើ​ចាំបាច់ ត្រូវ​រក​ជំនួយ​ពី​អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​។

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្ថែមថា កន្លងទៅ​ដោយសារតែ​ការងារ​មមាញឹក​ពេក ការបម្រើ​សេវា​របស់​គ្រូពេទ្យ ធ្លាប់មាន​បញ្ហា​ខ្លះ ក្នុងការ​ប្រើស​ម្ដី​មិនបាន​សមរម្យ ជាមួយ​អ្នកជំងឺ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​អ្នកជំងឺ និង​ក្រុមគ្រួសារ ហើយ​ប្រការ​នោះ​ត្រូវបាន​កែប្រែ និង​មានការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ច្រើន រហូតមកដល់​បច្ចុប្បន្ន​នេះ នៅមាន​តិចតួច​តែប៉ុណ្ណោះ​។

​លោក​បញ្ជាក់ថា​៖«​ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្តី សូមឱ្យ​មន្ត្រី​សុខាភិបាល​របស់​យើង ខិតខំ​បន្ត​កែប្រែ​បន្ថែមទៀត ចៀសវាង​មានការ​ថ្នាំងថ្នាក់​ចិត្ត ពី​ប្រជាពលរដ្ឋ ដែល​គាត់​កំពុងមាន​បញ្ហា​សុខភាព ហើយ​រត់​មករក​ជំនួយ​ពី​ក្រុមគ្រូពេទ្យ​»​។

​ទន្ទឹមនឹង​នោះដែរ លោក​អភិបាលខេត្ត បាន​សម្ដែង​ការកោតសរសើរ និង​អរគុណ​ជា​អនេក នូវ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​បុគ្គលិក សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​កន្លងមកនេះ ទទួលបាន​គុណសម្បត្តិ​ទាំងអស់គ្នា ដែល​បាន​សហការគ្នា បម្រើសេវា​ប្រកបដោយ​វិជ្ជាជីវៈ​ផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ធ្វើឱ្យ​យើង​ទទួលបាន​នូវ​ស្ថានការណ៍​បានល្អ​ប្រសើរ​នៃ​ជំងឺ​កូ​វីដ​១៩ ដូច​ថ្ងៃនេះ​។

​លោក​វេជ្ជបណ្ឌិត គឹម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ថ្លែងថា រយៈពេល ២​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ប៉ុន្តែ​ក្រោម​ការដឹកនាំ​«​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ រហូតមកដល់​បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល ប្រទេស​យើង ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ ដោយ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជាប្រចាំ អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ​»​។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល បាន​លើកឡើងថា ដោយឡែក​នៅក្នុង​ខេត្តកំពង់ចាម ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ គឺ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ទាំង​កងកម្លាំងប្រដាប់អាវុធ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​បុគ្គលិក​សុខាភិបាល​ទាំងអស់ បាន​ខិតខំ​លះបង់​អស់កម្លាំង​កាយ​ចិត្ត និង​ស្មារតី​ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​ស្ថានភាព មាន​ភាព​ធូរស្រាល​ឡើងវិញ​គួរ​ជាទី​មោទន​:៕

វីដេអូ៖