សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​នៅ​ថ្ងៃទី ២៨ ខែមករា​ថា បានបញ្ចប់​ការជួសជុល​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល ក្នុងដំណាក់កាល​ទី​១ ដោយ​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ម៉ៅ សុខ​នី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា គម្រោង​លើក​តម្លៃ​សំណង់​បុរាណ និង​លើកកម្ពស់​សោភ័ណភាព​ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល ត្រូវបាន​បញ្ចប់​ការងារ​ជួសជុល​ជា​ស្ថាពរ ដោយ​ដំណើរការ​ជួសជុល បានចាប់ផ្តើម​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​មក​។

​លោក​បញ្ជាក់ថា ៖«​ក្រោយពេល​បញ្ចប់​ការងារ​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​ក្នុងដំណាក់កាល​ទី​០១​នេះ ក្រុមការងារ​រំពឹងថា នឹង​ធ្វើឱ្យ​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​មាន​ភាពរឹងមាំ​យូរអង្វែង​បន្ត​ទៅមុខទៀត ព្រោះថា បើសិន​មិនមាន​ការជួសជុល​ពង្រឹង​ទេ នាពេលខាងមុខ កាំជណ្តើរ​នៅតាម​ផ្នែក​ខ្លះ​នឹង​រលួស​ធ្លាក់​ជា​ផ្ទាំង​ធំៗ​មិន​ងាយស្រួល​នឹងធ្វើ​ការជួសជុល​ឡើយ​»​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា គម្រោង​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល បាន​ចែកចេញជា ៣​ដំណាក់កាល​ធំៗ ក្នុង​ប្រវែង​សរុប​២០០​ម៉ែត្រ ដោយ​ប្រើប្រាស់​ពេលវេលា​ជួសជុល​ចំនួន​០៣​ឆ្នាំ​ទើប​រួចរាល់ ដោយ​ក្នុងដំណាក់កាល​ទី​១ ធ្វើ​ការងារ​ជួសជុល​ក្នុង​ប្រវែង​៨០​ម៉ែត្រ​៕