មណ្ឌលគិរីៈ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​លោក ផៃ ប៊ុន​ឈឿន បាន​ជំរុញ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​បានល្អ​ថែមទៀត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។

​ការជំរុញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុងពេល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ទូទាំង​មណ្ឌលគិរី​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នា​ព្រឹក​ថ្ងៃទី​២៨ ខែមករា​ឆ្នាំ ២០២២​។​

​លោក​ផៃ ប៊ុន​ឈឿន​បាន​ថ្លែងថា បន្ទាប់ពី​មេរោគ​កូ​វីដ​១៩​រីក​រាលដាល វា​បានធ្វើ​ឱ្យមាន​អ​សកម្មភាព​មួយចំនួន​មិន​ថា​កម្ពុជា ឬ ប្រទេស​ដទៃ​ទេ ហើយ​ចំពោះ​វិស័យ​បរិស្ថាន​ក៏បាន​ទទួលរង​ផលប៉ះពាល់​មួយចំនួន​ដែរ​។ ប៉ុន្តែ​ចាប់ពី​ស្ថានភាព​ធូរស្បើយ ក្រោយពី​រាជរដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ ជូន​ពលរដ្ឋ​ទូទាំងប្រទេស​រួចមក សកម្មភាព​ការងារ​ត្រូវ​បន្ត និង​ពង្រឹង​ឱ្យ​កាន់តែ​សកម្ម​ជាង​មុន​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​បន្ថែមទៀត​។​

​លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​យកចិត្តទុកដាក់​លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ​លើ​បទដ្ឋាន​គតិយុត្ត​និង​ច្បាប់​នានា ដើម្បី​ខេត្តមណ្ឌលគិរី​អនាគត​ជា​ប៉ូល​សេដ្ឋកិច្ច​យ៉ាងសំខាន់​របស់​កម្ពុជា ជាពិសេស​លើកកម្ពស់​សោភ័ណភាព និង​អនាម័យ​បរិស្ថាន ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ នៅតាម​រមណីយដ្ឋាន កន្លែង​ទេសចរណ៍ សណ្ឋាគារ និង រី​សត​នានា​។

​ក្រៅពីនោះ​លោក​ក៏បាន​ក្រើនរំឭក​ដល់​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវការពារ​ឱ្យបាន​នូវ​កេរដំណែល​នូវ​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​ឈឹម កាន អភិបាលរង​ខេត្តមណ្ឌលគិរី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​បាន​សម្រេចបាន និង​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។ ពិសេស​ទៅលើ​កិច្ចការពា​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ ការទប់ស្កាត់​នូវ​រាល់​ការបំពុល​បរិស្ថាន ការបំផ្លាញ​ធម្មជាតិ និង​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន ជាដើម​។​

​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានលើកឡើង​ក្នុង​ពិធី​នេះដែរ​ថា ការងារ​សំខាន់ៗ ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​ចម្បងៗ រួមមាន​កិច្ចការពារ អភិរក្ស និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី តំបន់ការពារធម្មជាតិ ការធានា​នូវ​គុណភាព​បរិស្ថាន​ល្អ​នៅតាម​ទីប្រជុំជន ការចូលរួម​គ្រប់គ្រង​ធនធានធម្មជាតិ​ដោយ​សហគមន៍​មូល​ដ្នា​ន ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​សម្ពាធ​ទៅលើ​ធនធានធម្មជាតិ និង​ការអប់រំ​ផ្សព្វផ្សាយ​បរិស្ថាន​ជូន​សាធារណជន សំដៅ​សម្រេចបាន​នូវ​គោលបំណង​រួមមួយ​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្តមណ្ឌលគិរី​៕