​ភ្នំពេញៈ វិស័យ​ឯកជន និង​អ្នកស្រាវជ្រាវ​បាន​ចែករំលែក​បទពិសោធន៍​សំខាន់ៗ​ពី​កេសរ​កូ​ល​ព្រៃ ហើយ​បាន​សន្យា​ធ្វើ​កិច្ចសហការ​ជាមួយនឹង​ក្រសួងបរិស្ថាន ដើម្បី​លើកកម្ពស់​កិច្ចការ​អភិរក្ស​កេសរ​កូ​ល​នៅ​កម្ពុជា​។​

​ការសន្យា​ផ្តល់​កិច្ចសហការ​នេះ​ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី​២៨ ខែមករា​នេះ នៅក្នុង​កិច្ចប្រជុំ​ស្តីពី “​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុងការ​គ្រប់គ្រង​កេសរ​កូ​ល​នៅ​កម្ពុជា​” រវាង​លោក​ចាន់ សុ​ម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ទទួលបន្ទុក​ការងារ​មជ្ឈមណ្ឌល​កេសរ​កូ​ល ម្ចាស់​កសិដ្ឋាន ក្រុមហ៊ុន​ឯកជន អ្នកសិក្សា​ស្រាវជ្រាវ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​កេសរ​កូ​ល​សរុប​ចំនួន​២៧​រូប​។

​ក្រសួងបរិស្ថាន​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​ស្តីពី​ការការពារ និង​អភិរក្ស​ប្រភេទ​កេសរ​កូ​ល​ព្រៃ និង​ពិភាក្សា​ស្វែងរក​យន្តការ និង​កិច្ចសហប្រតិបត្តិការ​ពី​វិស័យ​ឯកជន​ក្នុងការ​គ្រប់គ្រង​កេសរ​កូ​ល​នៅ​កម្ពុជា​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖«​ជា​លទ្ធផល អង្គ​ប្រជុំបាន​ផ្លាស់ប្ដូរ​ព័ត៌មាន​ពី​ប្រភេទ​សំខាន់ៗ​នៃ​កេសរ​កូ​ល​ព្រៃរបស់​កម្ពុជា ការរៀបចំ​និង​បណ្ដុះ​កេសរ​កូ​លតា​ម​វិធីសាស្ត្រ​ជាលិការ​វប្បកម្ម និង​បាន​សន្យា​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ចែករំលែក​ពូជ​កេសរ​កូ​ល​ជូន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ដើម្បី​ថែរក្សា និង​អភិរក្ស​ផងដែរ​»​។

​ក្រៅពីនោះ ក្រុមការងារ​មជ្ឈមណ្ឌល នឹង​រៀបចំ​ជា​ទម្រង់​សម្រង់​ព័ត៌មាន​ប្រភេទ​កេសរ​កូ​ល​ព្រៃ​អាទិភាព​សម្រាប់​កិច្ចការ​អភិរក្ស ដើម្បី​ឱ្យមាន​ភាពងាយស្រួល​សម្រាប់​កិច្ចសហការ​ផ្តល់ព័ត៌មាន និង​ទិន្នន័យ​បន្ថែម និង​ការសិក្សា​ពី​លទ្ធភាព​ចងក្រង​ជា​បណ្ដាញ​អ្នក​ស្រលាញ់​កេសរ​កូ​ល ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច​។​

​កេសរ​កូ​ល​ព្រៃ ដែល​ត្រូវបាន​គេ​ហៅថា អ័​រ​គី​ដេ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​មានការ​ធ្វើ​អាជីវកម្ម ដើម្បី​ចៀសវាង​ការវិនាស​ផុត​ពូជ​ពី​ក្នុងព្រៃ​ធម្មជាតិ​។ ក្រសួងបរិស្ថាន​ធ្លាប់បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកប្រមូល​ទិញ និង​ប្រកប​អាជីវកម្ម​ទិញ​លក់ កេសរ​កូ​ល​ព្រៃ​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​អាច​បង្ក​ឱ្យ​វិនាស​បាត់​ពូជ​។​

​កម្ពុ​ជាមាន​កេសរ​កូ​ល​ព្រៃ​ប្រមាណ​ជា​៥០០​ប្រភេទ​។ ក្នុងនោះ កេសរ​កូ​ល​ជាង​២០០​ប្រភេទ ដែលមាន​ប្រមាណ​ជា​១​ពាន់​ដើម​ត្រូវបាន​យកទៅ​មជ្ឈមណ្ឌល​អភិរក្ស និង​ស្រាវជ្រាវ​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។​

​ផ្កា​កេសរ​កូ​ល ដែល​ដាក់តាំង​លក់​នៅតាម​ហាង​លក់​ផ្កា​នានា គឺជា​ប្រភេទ​កេសរ​កូ​ល ដែល​ភាគច្រើន​បានមកពី​ការ​បង្កាត់​។ ប៉ុន្តែ​តាម​ការសិក្សា​របស់​អ្នកជំនាញ​ផ្នែក​ជីវៈចម្រុះ កម្ពុជា​អាច​ចាត់ទុកជា​ប្រទេសមួយ​ដែល​សម្បូរបែប​នូវ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​។ ក្នុងចំណោម​កេសរ​កូ​ល​ទាំង​ជាង​៥០០​ប្រភេទ​នោះ មានតែ​កេសរ​កូ​ល​ប្រមាណ​៣៦០​ប្រភេទ​ប៉ុណ្ណោះ ដែល​ត្រូវបានធ្វើ​អត្តសញ្ញាណ​រួចរាល់ ហើយ​មានពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ផងដែរ​៕​

វីដេអូ៖