លោក​ ហ្ស​ង់​-អ៊ី​វ ឡី ឌ្រី​យ៉ង់ រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​និង​ការបរទេស​នៃ​សាធារណរដ្ឋ​បារាំង បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ម​ជ្ឈ​ភាព​អាស៊ាន​តាមរយៈ​យន្តការ​នានា​ដឹកនាំ​ដោយ​អាស៊ាន​នៅក្នុង​និមាបនកម្ម​តំបន់​ដែល​កំពុង​វិ​វត្ត ក៏ដូចជា​ទស្សនៈវិស័យ​របស់​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

​ការលើកឡើង​បែបនេះ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ពី​លទ្ធផល​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​នៃ​សាធារណរដ្ឋ​បារាំង នា​ថ្ងៃទី​២៧ ខែមករា កន្លងមកនេះ​។​

​លោក ហ្ស​ង់​-​អ៊ី​វ ឡី ឌ្រី​យ៉ង់ បានបញ្ជាក់​ក្នុងជំនួប​នេះ​ពី​ការគាំទ្រ​ចំពោះ កុងសង់ស៊ីស​ទាំង​៥​ចំណុច​សម្រាប់​ការដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​លោក​បានកត់សម្គាល់​ពី​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​លោក ហ្ស​ង់​-​អ៊ី​វ ឡី ឌ្រី​យ៉ង់ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្ត​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បារាំង​ក៏បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា​នេះដែរ​។

​រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​នៃ​សាធារណរដ្ឋ​បារាំង បានលើកឡើង​បែបនេះ បន្ទាប់ពី​លោក ប្រាក់ សុខុន​បាន​ជម្រាបជូន​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​០៧-០៨ ខែមករា ឆ្នាំ​២០២២ កន្លងទៅនេះ ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច ដែល​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន បាន​ឯកភាពគ្នា​នៅ​ទីក្រុង​ហ្សា​ការ​តា កាលពី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។

​លោក ហ្ស​ង់​-​អ៊ី​វ ឡី ឌ្រី​យ៉ង់ ក៏បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​អាទិភាព របស់​បារាំង​នៅក្នុង​តំបន់​នេះ ដោយបាន​សង្កត់ធ្ងន់ថា ប្រទេស​បារាំង​ក្នុងនាម​ជា​ប្រធាន​សហភាព​អឺរ៉ុប នឹង​រៀបចំ​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៉ារីស​៕