លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ណែនាំ​ទៅដល់​មន្ទីរ​ទេសច​រណ៍​រាជធានី ខេត្ត ទាំងអស់ ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ប្រជាជន​ចិន និង​វៀតណាម ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​លោក​បានលើកឡើង​តាមរយៈ​សារាចរ​ណែនាំ ចុះ​ថ្ងៃទី​២៨ ខែមករា ដោយ​លោក​បាន​ជំរុញ​ការអនុវត្ត​ឱ្យបាន​យ៉ាង​ខ្ជាប់​ខ្លួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ​ដោយ រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​វិធានការ ៣​ការពារ និង​៣​កុំ​ឱ្យបាន​ខ្ជាប់​ខ្លួន​។

​លោក ថោង ខុន បាន​លើកឡើងថា ៖ «​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ដោយ​ក្រសួងទេសចរណ៍​ទៅលើ​អាជីវកម្ម​ទេសចរណ៍​នានា ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម និង​ធានា​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​»​។

​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា​ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ឱ្យបាន​ល្អប្រសើរ ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុងពេល​តែមួយ​អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិនត្រូវ​ទទួលភ្ញៀវ​លើសពី​ចំណុះ​នេះ​ជាដាច់ខាត​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា ៖ «​ក្នុងករណី​មានការ​កកកុញ​លើសពី​សមត្ថភាព​ផ្ទុក មន្ទីរ​ទេសចរណ៍​ត្រូវ​រាយការណ៍​មក​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​រាជធានី ខេត្ត​ជាបន្ទាន់ ដើម្បី​មាន​វិធាន​ការផ្អាក​សកម្មភាព​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នោះ​ជា​បណ្តោះអាសន្ន​សិន​»​។

​ជាមួយគ្នានេះដែរ លោក ថោង ខុន ក៏បាន​ជំរុញ​ឱ្យ​ម្ចាស់​អាជីវកម្ម និង​គោលដៅ​ទេសចរណ៍​នានា រៀបចំ​ឱ្យមាន​កម្មវិធី​លើកទឹកចិត្ត​ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង ខណៈដែល​បុគ្គលិក​បម្រើការ​ទាំងអស់ ត្រូវ​ទទួលបាន​ការចាក់ វ៉ាក់សាំង​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។

​លោក​ថា ៖ «​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ថែរក្សា​បរិស្ថាន​-​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យបាន​សមរម្យ​»​។

​រាល់​តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឱ្យបាន​ច្បាស់​ដាក់​ក្នុង​តារាង​ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឱ្យបាន​ដឹង​ជាមុន ចៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕