​មណ្ឌលគិរីៈ សហគមន៍​ព្រៃឈើ​បាន​បន្ត​ជួបប្រជុំ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រៀបចំ​បំពាក់​បន្ថែម​នូវ​ស្លាក​ដីព្រៃ​សហគមន៍ និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ ដើម្បី​អប់រំ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​។

​ក្រុមការងារ​អនុវត្ត​គម្រោង “​ការបង្កើន​សមត្ថភាព​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សហគមន៍​មូលដ្ឋាន ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​កម្មវិធី​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី និង​ក្រចេះ​” បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​ការអនុវត្ត​គម្រោង​ITTO PD836/17 Rev2 (F)​ក្នុង​ដែន​គ្រប់គ្រង​របស់​សហគម​ន៍​ព្រៃឈើ​របស់ខ្លួន​ក្នុង​ខេត្តមណ្ឌលគិរី និង​ការស្វែងរក​ដំណោះស្រាយ​រួមគ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈកម្មការ​សហគម​ន៍​ព្រៃឈើ និង​មន្ត្រី​អនុវត្ត​គម្រោង ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​លើ​ការលុបបំបាត់​សកម្មភាព​កាប់​រានទន្ទ្រាន​ដីព្រៃ​សហគមន៍ និង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​សត្វព្រៃ​ក្នុង​ដែន​គ្រប់គ្រង​របស់​សហគម​ន៍​ព្រៃឈើ​អូរ​ចុង​ណា​ច​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​សហគមន៍​ព្រៃឈើ​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​ខែមករា​នេះ​។

​ក្រៅពីនោះ ក្រុមការងារ​អនុវត្ត​គម្រោង​បាន​សហការ​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​ព្រៃឈើ​ពីង​ព្រង់​ក្លង់​ពេ​ស​ថូ ចុះ​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​ទូទៅ​នៅក្នុង​តំបន់​សហគមន៍​ព្រៃឈើ និង​ការបំពាក់​បន្ថែម​នូវ​ស្លាក​ដីព្រៃ​សហគមន៍ និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ស្តីពី​បទល្មើស​ព្រៃឈើ​នៅតាម​ដងផ្លូវ​ឆ្លងកាត់​ក្នុង​តំបន់​ព្រៃ​សហគមន៍​។ សកម្មភាព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជ្រាប​នូវ​ព័ត៌មាន​ស្តីពី​តំបន់​ដែន​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ពីង​ព្រង់​ក្លង់​ពេ​ស​ថូ និង​ការទប់ស្កាត់​នូវ​សកម្មភាព​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែន​ព្រៃ​សហគមន៍​។

​ក្រុមការងារ​ក៏បាន​កំពុងតែធ្វើការ​ចុះ​ល្បាត​ការពារ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​កាត់ឈើ​ខុសច្បាប់ និង​សកម្មភាព​កាប់​រានទន្ទ្រាន​យក​ដីព្រៃ​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ ហើយនឹង​ចុះ​ជួប​និង​ធ្វើការ​ពិភាក្សា​ការងារ​ជា​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​ពង្រឹង​ការការពារ និង​គ្រប់គ្រង​ព្រៃឈើ​សហគមន៍​ផងដែរ​។

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​ប្រកាស​ទទួល​ស្គាល់​សហគមន៍​ព្រៃឈើ​សរុប​មាន​ចំនួន ៥៣៦ ដែលមាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤៤៩ ៤៧៥ ហិកតា នៅ​ទូទាំងប្រទេស​គិត​ត្រឹម​ឆ្នាំ​២០២១​កន្លងមក​នោះ​៕