ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការបម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​នៅតាម​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខេត្ត ក្រុង ស្រុក ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​ឆាប់រហ័ស​ក្នុង​ឆ្នាំ ២០២២​នេះ ក្រោយ​សង្កេតឃើញថា ផ្នែក​ខ្លះ​នៅតែមាន​ការយឺតយ៉ាវ​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ព​ន្លឿ​ន​ការផ្តល់សេវា​នៅ​ច្រកចេញចូល​តែមួយ​ខេត្ត ក្រុង ស្រុក ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៨ ខែមករា ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ អភិបាលខេត្ត​ព្រះសីហនុ លើកឡើងថា ការផ្តល់សេវា​នាពេល​បច្ចុប្បន្ន​នៅមាន​ការយឺតយ៉ាវ ដែល​ត្រូវតែ​ជំរុញ និង​ព​ន្លឿ​ន​សេវា​បម្រើ​អតិថិជន​ឱ្យបាន​លឿន ឆាប់​សម្រាប់​ឆ្នាំ​២០២២ នេះ ទន្ទឹម​នោះ​មន្ត្រី​គ្រប់រូប​ត្រូវ​ធ្វើការ​បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការផ្តល់សេវា​ឱ្យបាន​លឿន និង​មាន​តម្លាភាព​។ លោក​ថ្លែងថា ៖«​មន្ត្រី​របស់​យើង​ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ផ្តល់​សេវា​នៅតាម​ច្រកចេញចូល​តែមួយ​បម្រើសេវា​សាធារណៈ​ជូន​អតិថិជន​ឱ្យបាន​ទាន់ពេលវេលា​»​។​

​លោក​អភិបាលខេត្ត​រូបនេះ​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​តាមបែប​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ថ្នាក់ក្រោម​ជាតិ បានផ្តល់​អំណាច​ដល់​ថ្នាក់ក្រោម​ជាតិ ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ហើយ​មាន​សេវា​នៅ​ផ្នែក​ខ្លះ​ធ្វើ​បានល្អ ក៏ប៉ុន្តែ​ផ្នែក​ខ្លះ​នៅតែមាន​ការយឺតយ៉ាវ ដូច្នេះ គ្រប់គ្នា​ត្រូវ​ទទួល​ការខុសត្រូវ​ប្រកបដោយ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​សេវា​ជូន​អតិថិជន​ទាំងអស់គ្នា​។​

​លោក​គួច ចំរើន បញ្ជាក់​បន្ថែមទៀតថា ៖«​ហាម​ដាច់ខាត​មិន​អនុញ្ញាតឱ្យ​អតិថិជន​កាន់​ឯកសារ​ទៅកាន់​មន្ទីរ អង្គភាព​ផ្ទាល់ខ្លួន ដូច្នេះ​មន្ត្រី​ជួរមុខ និង​ជួរ​ក្រោយ​ត្រូវ​កាន់​ឯកសារ​ទៅ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ដោយ​ខ្លួនឯង​»៕