​ត្បូងឃ្មុំៈ ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​ហេង សំរិន​ បានធ្វើការ​អំពាវនាវ​ដ​ល់​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ទាំងអស់​រក្សា​ឱ្យបាន នូវ​ស្មារតី សាមគ្គី​ឯកភាពគ្នា​ខ្ពស់ ក្នុង​ដំណើរ​ឆ្ពោះទៅ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត ដើម្បី​ធានាថា គណបក្ស​ត្រូវតែ​ឈ្នះ​សម្រាប់​ការដឹកនាំ​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ បន្តទៀត​។​

​ការអំពាវនាវ​បែបនេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមការងារ និង​បេក្ខជន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២​នេះ នាទី​ស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ​។

​លោក ​ហេង សំរិន ដែលជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​បានបញ្ជាក់​ថា​៖«​ដើម្បី​រក្សា​ឱ្យបាន​នូវ​ប្រៀប​ឈ្នះ​គឺ​ក្រុមការងារ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ចិញ្ចឹម​ចលនានយោបាយ​នៅ​មូលដ្ឋាន តាមរយៈ​ការកសាង​សមិទ្ធផល​នានា ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​សំណើ និង​សំណូមពរ​នានា​របស់​ប្រជាជន​»​។ ក្រៅពីនោះ ក្រុមការងារ​ត្រូវ​បន្ត​ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ និង​សុខទុក្ខ​របស់​ប្រជាជន សំដៅ​ដាក់ចេញ​គោលការណ៍​វិធានការ​ដោះស្រាយបាន​ជាក់​ស្តែង និង​សមស្រប​។

​លើសពីនោះ ក្រុមការងារ​គណបក្ស​នៅ​ខេត្ត​ត្បូងឃ្មុំ​ទាំងអស់ ត្រូវខិតខំ​បំផុស​ចលនា​ពង្រឹង​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​រៀបចំ​ពិធី​បញ្ចូល​សមាជិក​ថ្មីៗ​របស់​គណបក្ស​ឱ្យបាន​សកម្ម​ផុលផុស​គ្រប់​មូលដ្ឋាន និង​ត្រួតពិនិត្យ និង​ពង្រឹង​ការគ្រប់គ្រង​សមាជិក​បក្ស​តាម​ក្រុម​បក្ស​នីមួយៗ​ឱ្យបាន​ច្បាស់លាស់​។ ក្រុមការងារ​គណបក្ស​ក៏ត្រូវ​ធ្វើការ​ជួបជុំ​ជាមួយ​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​ជា​ទ្រង់ទ្រាយ​តូចៗ​តាម​មូលដ្ឋាន ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្នាដៃ​សមិទ្ធផល​របស់​គណបក្ស និង​រាជរដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជំនឿ​របស់​សមាជិក​បក្ស និង​អ្នកគាំទ្រ​គណបក្ស​មកលើ​គណបក្ស​យើង​។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២៕