សៀមរាបៈ អាជ្ញាធរ​ស្រុក​បន្ទាយស្រី សុំ​ការយោគយល់​ពី​សំណាក់​ភ្ញៀវទេសចរ​ក្នុងស្រុក​មួយ​ដែល​មកលេង ឬ​ឆ្លងកាត់​ស្រុក​បន្ទាយស្រី​ឈប់​ទុក​កាកសំណល់​សំរាម​ចោល​ដោយ​ឥត​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ ព្រោះ​កន្លែង​ទាំងនេះ​មិនមែនជា​កន្លែង​ចោល​សំរាម​នោះទេ បើទោះជា​គ្មាន​ម្ចាស់​នៅនឹងកន្លែង​ក៏ដោយ​។

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ២៩ ខែមករា​នេះ​ថា ជា​ទម្លាប់​ល្អ​មួយ​របស់​អ្នកស្រុក​បន្ទាយស្រី នៅ​រៀងរាល់​មុនពេល​បុណ្យទាន​ម្តងៗ ដើម្បី​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​អ្នកទេសចរ​មក​ទស្សនា​ដើរលេង​កម្សាន្ត​នៅក្នុង​ស្រុក តែង​ដើរ​រើស​សំរាម​សម្អាត​តាមផ្លូវ​សាធារណៈ និង​ទីកន្លែង​មួយចំនួន ដែល​ភ្ញៀវទេសចរ​ឈប់​ចត​ដើម្បី​ទទួលទាន​អាហារ ហើយ​មិនបាន​សម្អាត​ដោយ​ទុក​សំរាម​នៅ​ពាសវាល​ពាសកាល​។

​លោក​អភិបាលស្រុក​បន្ទាយស្រី​លើកឡើងថា អ្នក​បន្ទាយស្រី​ភាគច្រើន​ឈប់​ចោល​សំរាម​ពាសវាល​ពាសកាល​ទៀតហើយ ហើយ​សំរាម​ក៏​លែង​សូវ​មាន​ទៀត​ដែរ តែ​អ្នកភូមិ​តែង​លួច​ត្អួ​ញ​ត្អែ​រថា ពិបាក​តែ​អ្នក​ចម្ងាយ អ្នកធ្វើដំណើរ​ឆ្លងកាត់ និង​អ្នកទេសចរ​ទេ​។ លោក​ថ្លែងថា ៖«​ភាគច្រើន​គឺ​សង្កេតឃើញ​មាន​នៅតាម​ដងផ្លូវ​សាធារណៈ ទីវាល​ដី​ទំនេរ​ដែល​អាច​ឈប់​ចត​ឡាន រ៉ឺម៉ក គោយន្ត ហូបចុក​រួចហើយ​ពង្រាយ​ស្បោង​ប្លា​ស្ទិ​ក ដប​ទឹក​សុទ្ធ និង​កញ្ចប់​ប្រអប់​ស្នោ​ទុកចោល​នៅ​ទីនោះ​ដោយ​ឥត​សណ្តាប់ធ្នាប់​»​។

​លោក ឃឹម ហ្វី​ណង់ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ភ្ញៀវទេសចរ​មួយចំនួន និង​បាន​សុំ​ការយោគយល់​លើ​រឿងនេះ ពី​សំណាក់​ភ្ញៀវទេសចរ​ក្នុងស្រុក​ទាំងអស់​ដែល​មកលេង ឬ​ឆ្លងកាត់​ស្រុក​បន្ទាយស្រី​។ លោក​ថា គួរ​អាណិត​ដល់​គ្នា​អ្នក​រើស និង​ផ្តល់​ការគោរព​ទៅដល់​ទម្លាប់​ស្អាត​របស់​អ្នក​បន្ទាយស្រី​ផង ជាពិសេស​ពេល​មកលេង​បន្ទាយស្រី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​៕​