ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបំពាក់គ្រឿងឥស្សរិយយសចំនួន ២៨ គ្រឿងជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានស្នាដៃល្អក្នុងការបំពេញការងារនាពេលកន្លងមក។
ការបំពាក់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រទី ២៨ ខែមករា ឆ្នាំ ២០២២ នេះ នៅទីស្ដីការក្រសួងនៅក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២ ដែលមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចំនួន ៣៣០ នាក់នៅសាលប្រជុំធំ និង មានមន្ត្រីរាជការតាមបណ្ដាអគ្គនាយកដ្ឋានចំនួន ២៣៥ នាក់ នៅតាមសាលប្រជុំនានានៅទីស្តីការក្រសួង។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖ «គ្រឿងឥស្សរិយយសដែលត្រូវប្រគល់ជូនមន្ត្រីរាជការក្រសួងមានស្នាដៃល្អក្នុងការងាររួមមានទាំងអស់ចំនួន ២៨ គ្រឿង ដែលក្នុងនោះរួមមាន៖ មេដាយព្រះរាជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន ៤ គ្រឿង មេដាយ សុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ចំនួន ៥ គ្រឿង មេដាយមុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ចំនួន ២ គ្រឿង មេដាយសុវត្ថារាថ្នាក់មហាសេនាចំនួន ៣ គ្រឿង និងមេដាយសុវត្ថារាថ្នាក់ធិបឌិន្ទចំនួន ១៤ គ្រឿង»។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនពីលទ្ធផលនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដែលបានលើកឡើងនៅក្នុងបទអន្តរាគមន៍នៃសន្និបាតដែលបានប្រព្រឹត្តទៅអស់រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ ២៨ ខែមករា ឆ្នាំ ២០២២ និងលទ្ធផលសំខាន់ៗសម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២២។
ក្រៅពីនោះលោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដូចជា ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និង រដ្ឋបាលកំពង់ផែ ការងារផ្លូវដែក ការងារភ័ស្តុភារកម្ម ការងារផ្លូវថ្នល់ និងគ្រប់គ្រងបច្ចេកទេស ការកសាងផ្លូវល្បឿនលឿន (Expressway) និងផ្លូវក្រវាត់ក្រុង។
ក្នុងទិសដៅការងារអនុវត្តន៍ឆ្នាំ ២០២២ វិញ លោករដ្ឋមន្ត្រីបានលើកឡើងពីការងារត្រៀម និងអនុវត្តបន្តសម្រាប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាព ចរាចរណ៍ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែរួមមានការងារកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងការងារកំពង់ផែស្វយ័តភ្នំពេញ ការងារដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងរដ្ឋបាលកំពង់ផែ ការងារត្រៀមអនុវត្តបន្តសម្រាប់វិស័យផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ការងារត្រៀមរៀបចំបន្តក្នុងវិស័យភ័ស្តុភារកម្ម ការងារត្រៀមរៀបចំបន្តសម្រាប់វិស័យទឹកកខ្វក់ ការត្រៀមអនុវត្តបន្ត សម្រាប់ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តជាដើម។
លោកក៏បានធ្វើបច្ចុប្បន្នភាពអំពីបញ្ហាប្រឈមចំពោះមុខរបស់ក្រសួងផងដែរ។ ក្នុងនោះរួមមាន៖ បញ្ហាខ្វះមន្ត្រីជំនាញផ្នែកព័ត៌មានវិទ្យា (IT) ដើម្បីឆ្លើយតបទៅនឹងតម្រូវការអនុវត្ត ការងារធ្វើសវនកម្មផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT Audit) នៅតាមនាយកដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ហិរញ្ញប្បទានមានកម្រិតសម្រាប់ការគាំទ្រ (ផ្នែកទន់) និងការកសាងសមត្ថភាពមន្ត្រី ក្នុងដំណើរការអនុវត្ត និងកសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងការចូលរួម កសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល៕