ព្រះសីហនុៈ ទោះបី​ស្ថិត​ក្នុងអំឡុង​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ ការផ្សព្វផ្សាយ​ចំណុច​គន្លឹះ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​ងាក​មក​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា និង​ការកសាង​ភាពធន់​ដល់​សហគមន៍​តាមរយៈ​កម្លាំងចលករ​នៃ​យុវជន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា នៅតែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ នេះ​បើតាម​លោកស្រី ពុំ ចន្ទីនី ​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​។

ក្នុង​សិក្ខាសាលា​ឆ្លុះបញ្ចាំង​សកម្មភាព​ការងារ​យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា និង​សុវត្ថិភាព​ចរាចរណ៍​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​ ២០២២ ដែលមាន​ការចូលរួម​ពី​សាខា​កាកបាទ​ក្រហមកម្ពុជា ២៥ ​រាជធានី​ខេត្ត សរុប​ចំនួន ៩៣​ នាក់​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី ២៨-២៩ ខែមករា​នេះ​។

លោកស្រី ពុំ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​លើកឡើង​ថា ការងារ​អភិវឌ្ឍ​យុវជន អ្នកស្ម័គ្រចិត្ត​ទទួលបាន​ផ្លែផ្កា​ជោគជ័យ និង​សមិទ្ធផល​សម្រេច​បានជា​ច្រើន​ទោះបី​ស្ថិតក្នុង​អំឡុង​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩​។

សាខា​កាកបាទ​ក្រហម​កម្ពុជា​បាន​ជំរុញ​ការងារ​ផ្សព្វផ្សាយ បណ្តុះបណ្តាល ការកសាង​ភាពធន់​ដល់​សហគមន៍​តាមរយៈ​កម្លាំងចលករ​នៃ​យុវជន អ្នកស្ម័គ្រចិត្ត និង ផ្សព្វផ្សាយ​ចំណុច​គន្លឹះ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​ងាក​មក​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​នៅ​កម្ពុជា​។

លោកស្រី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ឥតឈប់ឈរ​លះបង់​ពេលវេលា​ដ៏មមាញឹក និង​មានតម្លៃ ចូលរួមចំណែក​បំពេញ​នូវ​សកម្មភាព​មនុស្សធម៌ ចូលរួម​ឧបត្ថម្ភ គាំទ្រ​ការងារ​អប់រំ ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។

លោកស្រី​បន្តថា ជាមួយគ្នា​នោះ ក្រុមយុវជន​កាកបាទក្រហមកម្ពុជា​នៃ​ខេត្ត​ព្រះសីហនុ​បាន​សម្ដែង​នូវ​សកម្មភាព​នៃ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ការប្រើប្រាស់​មួកសុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ និង​ការតម្រង់ទិស​នៃ​មន្ដ្រី​ជំនាញ​ការងារ សុវត្ថិភាព​ចរាចរណ៍​ផងដែរ​។

លោកស្រី​លើកឡើង​ទៀតថា ជំហាន​ទី​ ១ នៃ​ការ​កសាង​យុទ្ធសាស្ត្រ ២០២១-២០៣០ សម្រាប់​រយៈពេល​ ១០ ​ឆ្នាំទៅ​ខាងមុខ​នឹង​ចេញ​ជា​ ២ ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​ ១ ពី​ឆ្នាំ​ ២០២១-២០២៥ និង​ដំណាក់កាល​ទី​ ២ ២០២៦-២០៣០ ដែល​នឹង​កំណត់​សូចនាករ លទ្ធផល​រំពឹងទុក និង​ពេលវេលា​ច្បាស់លាស់​សម្រាប់​អនុវត្ត ហើយ​ដែល​ត្រូវមាន​សង្គតិភាព​ជាមួយ​នឹង​ឯកសារ​គោលនយោបាយ​តាម​វិស័យ​ដទៃទៀត​របស់​កាកបាទ​ក្រហម​កម្ពុជា​។

លោកស្រី​ថ្លែងថា៖ «​យុទ្ធសាស្ត្រ​នេះ​មាន​ទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និង​គុណតម្លៃ ព្រមទាំង​បាន​ប្តូរ​ពី​វិស័យ​ស្នូល ទៅជា​វិស័យ​អាទិភាព​វិញ​នៅក្នុង​យុទ្ធសាស្ត្រ​នេះ​» ។

លោកស្រី​អគ្គលេខាធិការ​បាន​សង្កត់ធ្ងន់​លើ​ការងារ​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ស្របតាម​អនុស្សរណៈ​យោគយល់​រវាង​កាកបាទ​ក្រហមកម្ពុជា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អនុសាសន៍​ណែនាំ​របស់​លោកស្រី​បណ្ឌិត​ប្រធាន លើ​បរិមាណ និង​គុណភាព​ជា​ចម្បង​។

លោកស្រី​បញ្ជាក់ថា​៖ «​លើកកម្ពស់ និង​ឱ្យ​តម្លៃ​លើ​ភាពលេច​ធ្លោ​របស់​សាខា កក្រក រាជធានី ខេត្ត ក្នុងការ​ដឹកនាំ និង​សម្របសម្រួល​ការងារ​អភិវឌ្ឍន៍​យុវជន និង​អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និង​តម្រង់ទិស​ការរៀបចំ​ផែនការអភិវឌ្ឍន៍​សាខា កក្រក រាជធានី ខេត្ត ៥ ​ឆ្នាំ (២០២១-២០២៥) ក្នុង​ជំហាន​ទី​ ១ នៃ​យុទ្ធសាស្ដ្រ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា​»​។

លោក គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ថា ទោះបី​កម្ពុជា​ស្ថិត​ក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ក្នុងនាម​អាជ្ញាធរខេត្ត នៅតែ​បាន​បន្ត​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ កិច្ចការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា​របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នៅ​ថ្នាក់ក្រោម​ជាតិ ដោយ​បាន​សម្រេច​នូវ​សមិទ្ធផល​ជា​រូបវ័ន្ត និង​អរូបវ័ន្ត​សំខាន់ៗ​ជាច្រើន​។

លោក​ថា ទន្ទឹម​ជាមួយ​គ្នា​នោះ​បេសកកម្ម​បុព្វហេតុ​ការងារ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា និយាយ​ដោយឡែក​សាខា​បាន​ឆ្លើយតប​បន្ទាន់​ជួយ​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នានា​រួមទាំង​គ្រោះថ្នាក់​ចរាចរណ៍ ការអប់រំ​សុខភាព និង​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។ លោក​ថ្លែងថា៖ «​ចាត់តាំង​កម្លាំង​មន្ត្រី​ប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និង​យុវជន កាកបាទក្រហមកម្ពុជា ចូលរួមចំណែក​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ យក​អស់​កម្លាំងកាយ​ចិត្ត ធ្វើការ​ផ្សព្វផ្សាយ ចំណេះដឹង​អំពី​វិធានការ​ការពារ និង​ការងារ​លើកកម្ពស់​គោលការណ៍​គ្រឹះ តម្លៃ​មនុស្ស​របស់​ចលនា និង​ការអភិវឌ្ឍ​ស្ថាប័ន អភិវឌ្ឍន៍​ធនធាន​។​ល​។​»៕