ភ្នំពេញៈ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ.ប.ព. )​ប្រកាស​ពី​ការបញ្ជូន​ខ្លួន​ជនសង្ស័យ ឈ្មោះ​ ទូច ទិត្យវឌ្ឍនា មន្ត្រី​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២​។

យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅថ្ងៃនេះ បានឱ្យ​ដឹងថា ក្រុម​ស៊ើបអង្កេត​ផ្ទៃក្នុង​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ធ្វើការ​ប្រមូល​ព័ត៌មាន ភ័ស្តុតាង​ជា​បន្តបន្ទាប់​ព្រមទាំង​ស្តាប់​ចម្លើយ​របស់ ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទ​ប្រុស អាយុ ២៧​ ឆ្នាំ​មន្ត្រី​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ រួចមក​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រកឃើញថា ជន​រូបនេះ​បាន​ជាប់​សង្ស័យ​បាន​ប្រព្រឹត្តល្មើស​ដែល​ប្បញ្ញាត​ក្នុង​មាត្រា ៥៩២ (​បទ​វីតិក្រម​) នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។ អ.ប.ព. បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ទូច ទិត្យវឌ្ឍនា បាន​ប្រើប្រាស់​វិធី​នានា ក្នុងពេល​ដែល​ខ្លួន​កំពុង​ទទួល​ខុសត្រូវ​ទទួល​ពិនិត្យ​ពាក្យ​ប្តឹង ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ខុសច្បាប់ ហើយ​ពេលដែល​ខ្លួន​ត្រូវ​បញ្ឈរជើង​ផ្អាក​ការងារ​ហើយ​ក្តី ក៏​ឈ្មោះ​នេះ​មិនបាន​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់ខ្លួន ហើយ​ទាញយក​ផលប្រយោជន៍​ពី​ពាក្យ​ប្តឹង​ដែល​ខ្លួន​មិន​ទទួលបន្ទុក​ទៀតផង​។

អ.ប.ព. សរសេរ​ក្នុង​លិខិត​ថា៖ «​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានសម្រេច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ថ្ងៃទី ​២៨ ខែមករា ឆ្នាំ​ ២០២២ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​»​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ចូលរួម​ផ្តល់ព័ត៌មាន​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាបន្ទាន់ ក្នុង​ករណី​ដែលមាន​ជនខិលខូច​ណា​ម្នាក់ អះអាង​ថា​ខ្លួន​អាច​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​មន្ត្រី អ.ប.ព. ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ល្មើសច្បាប់​ណាមួយ ៕