ភ្នំពេញៈ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សា​ធារណ​រដ្ឋ​ឥ​ណ្ឌា​លើក​ទី៧៣​និង​ប្តេជ្ញា​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​ផ្លែផ្កា​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ដើម្បី​ជា​ប្រយោ​ជន៍​រវាង​ប្រទេស​និង​ប្រជា​ជន​ទាំង​២ បន្ទាប់​ពីបាន​ភ្ជាប់​ទំនាក់​ទំនង​ការទូត​នឹង​គ្នា​ កា​ល​ពីឆ្នាំ​ ១៩៥២​។

ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ​និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​លោក​ស្រី​ Devyani Khob​ra​ga​de នៅ​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ ២០២២ បាន​រៀប​ចំទិវា​សា​ធារណ​រដ្ឋ​ឥណ្ឌា​លើក​ទី៧៣​ (២៦ មករា ឆ្នាំ ១៩៥០) នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​អបអរ​សារ​ទរ​ពី​គណៈ​ប្រតិភូ​ជា​ច្រើន​នៃ​ប្រទេស​ទាំង​២។​

នា​ឱកាស​នោះ ​លោកស្រី Devyani Khobragade បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ស្រី ​អ៊ឹង កន្ថា​ផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារីដែល​បាន​ផ្តល់​កិត្តិ​យស​ក្នុង​ឱកាស​នេះ ​ហើយក៏​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​ឥណ្ឌា​និង​កម្ពុជា ជាពិ​សេស​សម្រាប់​ការ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ឥណ្ឌា​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍ​ន៍ និង​ការ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​នៅ​កម្ពុជា​។

នៅ​ក្នុង​ពិធី​នោះ​ លោក​ស្រី​បាន​រៀបរាប់​ពី​សារៈ​សំខាន់​ពិសេស​នៃ​ប្រវត្តិ​សាស្ត្រ​ឥណ្ឌា ដែ​ល​នៅក្នុង ឆ្នាំ​១៩៥០ ​រដ្ឋ​ធម្ម​នុញ្ញ​ឥណ្ឌា​បាន​ចូល​ជា​ធរមាន​ដែល​ធ្វើឱ្យ​ប្រទេស​មាន​ភាព​ឯក​រាជ្យ​ជាថ្មីនិង​ក្លាយ​ជា​សា​ធារណ​រដ្ឋ​អធិប​តេយ្យ និង​ប្រជា​ធិប​តេយ្យ​។

ជុំវិញ​ទំនាក់​ទំនង​ចាស់​ទុំ​រវាង​ប្រទេស​ដៃគូ​អរិ​យធម៌​ទាំង២​គឺ​ឥណ្ឌា-កម្ពុជា​លោក​ស្រី Kho​bra​gade​បាន​មានប្រ​សាសន៍​ថា​ទំនាក់ទំនង​នេះ​មាន​អាយុកា​ល​ជិត​២​សហ​ស្ស​វត្សរ៍និ​ង​បាន​បង្កើត​ចំណង​មិត្ត​ភាព​ដ៏​រឹងមាំ​រវាង​ប្រជា​ជន​និង​វប្បធម៌​ទាំង​២​ជាពិសេស​បន្ទាប់​ពី​រប​ប​ខ្មែរក្រហម​ប្រល័យពូជ​សាសន៍​។

លោក​ស្រី​ថា៖«ការអ​ភិវឌ្ឍនៃ​ទំនាក់​ទំនង​ទ្វេភាគី​និង​ពហុភាគី​ត្រូវបាន​ផ្តល់ឱ្យ​ជាមួយ​នឹង​គុណសម្បត្តិ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បានហើ​យ​ឥណ្ឌា​រំពឹងថា​​ ទំនាក់​ទំនង​នឹង​រីកចម្រើន​បន្ថែម​ទៀតនិង​​រឹងមាំ​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​»។

ក្នុង​ន័យ​នេះ ស្រី​ឯក​អគ្គរដ្ឋ​ទូត​បានលើក​ឡើង​​ពី​ការរួម​ចំណែកសំ​ខាន់ៗមួយ​ចំនួន​ដែល​ធ្វើ​ឡើង​ដោ​យ​ប្រទេស​ឥណ្ឌា​ក្នុង​វិស័យ​កិ​ច្ចសហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ន៍ ការ​កសាង​សមត្ថ​ភាព ការស្រា​វជ្រាវ​សុ​ខភាព និង​វេជ្ជ​សាស្ត្រ កិច្ចសហ​ប្រតិបត្តិកា​រ​រវាង​សភា​ទាំង២ និង​ការស្ដារ​ឡើង​វិញ​នូវ​បូជ​នីយដ្ឋា​ន​វប្បធម៌​​នៅ​កម្ពុជា រួមទាំង​​ប្រាសាទ​អង្គរ​វត្ត ប្រាសាទតា​ព្រហ្ម និង​ ប្រាសា​ទព្រះវិ​ហារ ។ល។​

លោកស្រី​​បាន​បញ្ជាក់​ថា ឥណ្ឌា​និង​កម្ពុជា​ក៏បាន​សន្យាព​ង្រឹង​ចំណង​មិត្តភាព​ឱ្យ​កាន់​តែ​រឹងមាំ​​ថែម​ទៀតខ​ណៈប្រទេស​ទាំង​២បាន​ប្រារព្ធ​ខួប​ទី៧​០ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ ២ ​ចាប់​ពី​ឆ្នាំ ​១៩៥២​មក។​

លោក​ស្រី​ថា៖«ឥណ្ឌា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា​នឹង​ធ្វើការ​យ៉ាង​ជិតស្និ​ទ្ធ​ក្នុង​ក្របខ័​ណ្ឌ​ទ្វេភាគី ដើម្បី​ជំរុញ​ទំនាក់​ទំនង​ស្និទ្ធ​ស្នាលនិ​ង​កិច្ចសហប្រ​តិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង២​ដែល​នាំមក​នូវ​ផលប្រ​យោជន៍​ទៅវិញទៅម​ក​មិន​ត្រឹមតែ​សម្រាប់​ឥណ្ឌា និង ​​កម្ពុជា ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​តំបន់​ទាំង​មូល»​។

ខណៈ​​កម្ពុជា​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំនេះលោក​ស្រី​ឯកអ​គ្គរដ្ឋទូត​ Khobragade មានប្រ​សាសន៍​ថា ​ឥណ្ឌា​ទន្ទឹងរង់​ចាំ​ការពង្រី​ក​ការគាំទ្រ​ដែល​អាចធ្វើ​ទៅបាន​ចំពោះ​អាទិភា​ព​របស់​កម្ពុជា​ក្នុង​ឆ្នាំ​នៃ​ការធ្វើ​ជា​ប្រធាន​អាស៊ាន។លោកស្រី​ក៏​បាន​បញ្ជាក់ពី​ការរួមចំ​ណែក​របស់​ឥណ្ឌា​ដែល​មាន​ពលរដ្ឋ​ឥណ្ឌា​ជិត ៣០០០​នាក់ បាន​រក​ស៊ីនិង​ជួយ​ដល់​ការ​ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​។

រដ្ឋ​មន្ត្រីក្រ​សួង​កិច្ចការ​នារីលោក​ស្រីអ៊ឹ​ង កន្ថាផាវី ដែល​បាន​ចូលរួម​ក្នុង​ពិធី​ទទួល​បដិស​ណ្ឋារកិ​ច្ច​ក្នុង​ឋានៈ​ជា​ប្រធាន​ភ្ញៀវ​កិត្តិយស​បាន​មាន​ប្រសាសន៍​ថា​ចាប់តាំ​ងពី​ការបង្កើត​ទំនាក់​ទំនង​ការទូត​នៅ​ឆ្នាំ ១៩៥២ ប្រទេស​ទាំង​២បាន​រីករា​យនិង​លើកក​ម្ពស់​ទំនាក់ទំន​ង​មិត្តភាពនិង​កិច្ចសហប្រតិប​ត្តិការ​ទ្វេភា​គី​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ដែល​នាំមក​នូវ​ផល​ប្រយោ​ជន៍​រវាង​ប្រទេស​ទាំង​២​។

លោ​កស្រី​​ក៏បាន​ថ្លែងអំ​ណ​រគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ឥណ្ឌា​សម្រាប់​ការ​ប្តេជ្ញាចិ​ត្តនិង​ការ​គាំទ្រ​ឥ​តឈប់​ឈរ​ចំពោះ​កម្ពុជា​ក្នុង​វិស័យ​នយោបាយ​និង​សេដ្ឋ​កិច្ចក្នុង​កម្មវិធី​ជំនួយ​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​​ដល់​ការអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​របស់​ក​ម្ពុ​ជា ដូច​ជា គម្រោង​ផល​ប៉ះពា​ល់​រហ័​សក៏ដូ​ចជា​ផ្តល់​អាហា​រូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​និង​កិច្ច​ការ​ពារ​ថែរក្សា​អភិរក្ស​សម្បត្តិ​វប្បធម៌​ជា​ដើម​។

លោក​ស្រី អ៊ឹង កន្ថាផា​វី ក៏បាន​រំ​ឭក​ផងដែរ​ជា​មួយនឹ​ង​ការវាយ​តម្លៃ​ខ្ពស់​ដែល​ឥណ្ឌា​ជា​ប្រទេស​ប្រជាធិប​តេយ្យ​ដ៏​ធំ​បំផុត​បាន​ពង្រីក​ការ​ទទួល​ស្គាល់និ​ង​ការ​គាំទ្រ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​បន្ទាប់​ពី​កម្ពុជា​ត្រូវ​បាន​រំដោះ​ចេញ​ពី​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​និង​ការ​រួម​ចំណែក​យ៉ាង​សកម្ម​របស់​ឥណ្ឌា​ចំពោះ​ដំណើរ​ការ​សន្តិ​ភាពនិង​ការ​រួម​ចំណែក​ក្នុង​អំឡុង​បេសក​កម្ម​អ៊ុន​តាក់​នៅ​កម្ពុជា​៕