ភ្នំពេញៈ អភិបាល​ខេត្ត​ព្រះសីហនុ ​ជំរុញ​ឱ្យ​ពន្លឿន​ការបម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ នៅតាម​ច្រកចេញ​ចូល​តែមួយ​ នៃ​ខេត្ត ​ក្រុង ​ស្រុក ​ក្នុង​ខេត្ត​ព្រះសីហនុ ​ឱ្យបាន​ឆាប់​រហ័ស​ ក្នុង​ឆ្នាំ២០២២​នេះ ​ក្រោយ​សង្កេត​ឃើញថា ​ផ្នែក​ខ្លះ​នៅតែ​មាន​ភាព​យឺតយ៉ាវ។

លោក​គួច ចំរើន ​អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពន្លឿន​ការផ្តល់​សេវា​នៅ​ច្រកចេញ​ចូល​តែមួយ​ខេត្ត ​ក្រុង ស្រុក ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​កាលពី​ថ្ងៃ​ទី២៨ ​ខែមករា ​ដោយមាន​ការចូលរួម​ពី​ លោក​អភិបាល​ក្រុង ​ស្រុក ​មន្ទីរ ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​ជាច្រើន​រូប។​

ក្នុង​កិច្ចប្រជុំ​នោះ ​អភិបាល​ខេត្ត​ព្រះសីហនុ ​លើកឡើង​ថា ​ការផ្តល់​សេវា​តាម​ច្រក​ចេញ​ចូល​តែមួយ​នាពេល​បច្ចុប្បន្ន​នៅ​មាន​ភាព​យឺតយ៉ា​វ ដែល​ត្រូវ​តែ​ជំរុញ ​និង​ពន្លឿន​សេវា​បម្រើ​អតិថិជន​ឱ្យបាន​លឿន ​ឆាប់​សម្រាប់​ឆ្នាំ​២០២២​នេះ។ ទន្ទឹម​នឹង​នោះ ​មន្ត្រី​គ្រប់រូប​ត្រូវ​ធ្វើការ​បេ្តជ្ញា​ចិត្ត​ក្នុង​ការផ្តល់​សេវា​ឱ្យបាន​លឿន ​និង​មាន​តម្លាភាព។

លោក​ថ្លែងថា​៖«មន្ត្រី​របស់​យើង​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ ផ្តល់​សេវា​នៅតាម​ច្រកចេញ​ចូល​តែមួយ​បម្រើ​សេវា​សាធារណៈ​ជូន​អតិថិជន​ឱ្យ​បាន​ទាន់​ពេល​វេលា»។​

លោក​អភិបាល​ខេត្ត​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែទម្រង់​តាមបែប​វិមជ្ឈការ ​និង​វិសហមជ្ឈការ​នៅ​ថ្នាក់​ក្រោម​ជាតិ ​បានផ្តល់​អំណាច​ដល់​ថ្នាក់ក្រោម​ជាតិ ​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ​ហើយ​មាន​សេវា​នៅ​ផ្នែក​ខ្លះ​ធ្វើ​បាន​ល្អ។ ក៏​ប៉ុន្តែ​ ផ្នែក​ខ្លះ​នៅ​តែ​មាន​ការយឺតយ៉ាវ ​ដូច្នេះ ​គ្រប់គ្នា​ត្រូវ​ទទួល​ខុសត្រូវ​ប្រកប​ដោយ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​សេវា​ជូន​ពលរដ្ឋ​ទាំងអស់​គ្នា។​

លោក​គួច ចំរើន​ បញ្ជាក់​ថា​៖«ហាម​ដាច់ខាត ​មិន​អនុញ្ញាតឱ្យ​អតិថិជន​កាន់​ឯកសារ​ទៅកាន់​មន្ទីរ ​អង្គភាព​ផ្ទាល់ខ្លួន។ ដូច្នេះ​មន្ត្រី​ជួរមុខ ​និង​ជួរ​ក្រោយ​ត្រូវ​កាន់​ឯកសារ​ទៅ​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ដោយ​ខ្លួនឯង»។

លោក​អ៊ុង ឆាលី ​អភិបាលរង ​និងជា​ប្រធាន​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ស្រុក​ស្ទឹង​ហាវ​ ថ្លែង​នៅ​ថ្ងៃទី៣០​ មករា​ថា ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ដែល​លោក​គ្រប់គ្រង ​បានបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​យកចិត្ត​ទុកដាក់ ​និង​មិនមាន​ការយឺត​យ៉ាង​ឡើយ។ ក្នុង​ការិយា​ល័យ​មាន​ឧបករណ៍​បច្ចេកទេស​ទំនើប​សម្រាប់​បំពេញ​ការងារ​បានលឿន​រហ័ស។ ប្រជាពលរដ្ឋ​មិន​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​ការរង់ចាំ​នោះ​ទេ​ ព្រោះ​បច្ចុប្បន្ន​ការងារ​មិនបាច់​សរសេរ​ដៃ​ឡើយ ​គ្រាន់តែ​ចម្លង ​កូពី​ហើយ​បោះត្រា​ជូន​ពលរដ្ឋ​អាចយក​ទៅ​ប្រើ​បាន​ភ្លាម។

លោក​ថ្លែងថា​៖«សម្រាប់​នៅ​ស្រុក​ខ្ញុំ ​អូខេ ​អត់មាន​អី​ត្រូវ​យឺត​ទេ។ បើ​ទាក់ទង​នឹង​សេវា​អត្រា​នុកូលដ្ឋាន ​សំបុត្រ​កំណើត​អី​ហ្នឹង ​ឱ្យ​បងប្អូន​ពលរដ្ឋ​អង្គុយ​ចាំ​យក​តែ​ម្តង»។

លោក​អភិបាលរង​ស្រុក​ស្ទឹងហាវ ​ឱ្យដឹង​ទៀត​ថា ​មិនថា ​តែ​សេវា​សាធារណៈ​ដូចរៀបរាប់​មកខាង​លើ​នេះ​ទេ​ ទោះបី​សេវា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ វិស័យ​កសិកម្ម ​វិស័យ​ដឹកជញ្ជូន ​និង​វិស័យ​សំណង់ ​ជាដើម ​ភាគច្រើន ​គឺ​មិនបាច់​ឱ្យ​ពលរដ្ឋ​ពិបាក​ក្នុង​ការកាន់​ឯកសារ​ធ្វើ​ខ្លួន​ឯង​នោះ​ទេ​ ពោល​គឺ​មន្ត្រី​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ធ្វើ​ដោយ​ខ្លួន​ឯង។

លោក​ថ្លែងថា​៖«ភាគ​ច្រើ​ខ្ញុំ​អត់​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ​ច្រើនតែ​ពួកខ្ញុំ​យក​ឯកសារ​ហ្នឹង​ទៅ​ឃុំ​ស៊ីញ៉េ​តែ​ម្តង។ បើយូរ ​យូរ​ត្រង់​ពេល​នៅ​ជំនាញ​បន្តិច​ ព្រោះ​ជួនណា ​គ្នា​រវល់​ឯកសារ​ច្រើន»៕