ភ្នំពេញៈ ក្រុមការងារ​នៃ​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (​អ.អ.ផ.) ដឹកនាំ​ដោយ​លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌ កំពុង​ពន្លឿន​អនុវត្ដ​បេសកកម្ម ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ដើម្បីឱ្យ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ល្អ​ក្នុងការ​អនុវត្ត​ការងារ​​នេះ​។ នេះ​បើ​យោងតាម​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។

លោក ជិន ម៉ាលីន ថ្លែងថា ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នេះ​ជា​ការងារ​បន្ទាន់ ពីព្រោះ​នៅក្នុង​ខែកុម្ភៈ​ខាងមុខនេះ គឺ​ក្រុមការងារ​ហិរញ្ញវត្ថុ​នឹង​រៀបចំ​មហាសន្និបាត ហើយនឹង​មានការ​វាយតម្លៃ​សម្រេច​អំពី​ស្ថានភាព (status) របស់​កម្ពុជា ដែល​កម្ពុជា​បច្ចុប្បន្ន គឺ​ស្ថិតនៅក្នុង​បញ្ជីប្រផេះ​ក្នុង​ការអនុវត្ត​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​។

លោក​ថ្លែងថា​៖ «​មហាសន្និបាត​នេះ នឹងមាន​ការសម្រេច​ថា តើ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​ដដែល ដក​កម្ពុជា​ពី​ប្រផេះ ឬមួយ​ក៏​រុញ​ទៅ​បញ្ជីខ្មៅ ឬមួយ​ក៏​រុញ​ទៅ​ចន្លោះ​ពី​ប្រផេះ ហើយ​និង​ខ្មៅ​ដែល​គេ​ហៅថា Dark Gray​។ អ៊ីចឹង យើង​មិនដឹងថា​គេ​សម្រេច​យ៉ាងម៉េច​ទេ​»​។

លោក ម៉ាលីន បញ្ជាក់ថា​៖ «​អនុគណៈកម្មការ​ចំពោះ​កិច្ច​ដឹកនាំ​ដោយ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នេះ គឺមាន​ភារកិច្ច​ចាំបាច់បន្ទាន់ ដើម្បី​អនុវត្ដ​នូវ​ផែនការ​សកម្មភាព​ទាំងឡាយណា​ដែល​នៅ​សេសសល់ ដែល​យើង​មិនទាន់បាន​បំពេញ ដើម្បី​ធ្វើ​ម៉េច​ទប់ស្កាត់ កុំឱ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​បញ្ជីខ្មៅ ដោយ​ធ្វើ​ម៉េច​ឱ្យនៅ​ក្នុង​បញ្ជី​ប្រផេះ​នេះ​ដដែល ឬមួយ​ក៏​អាច​ដកខ្លួន​ចេញពី​បញ្ជី​ប្រផេះ​។ នេះ​ជា​បេសកកម្ម​បន្ទាន់​របស់​ក្រុមការងារ​ចំពោះ​កិច្ច​នេះ​»​។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (​អ.អ.ផ​.) កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​ ១ របស់​អនុគណៈកម្មការ​ចំពោះ​កិច្ច អ.អ.ផ. ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្តោតជាសំខាន់​ទៅលើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

តាមរយៈ​កិច្ចប្រជុំ​នេះ លោក កើត រិទ្ធ បានដាក់​ចេញ​នូវ​ផែនការ និង​ទិសដៅ​ការងារ​មួយចំនួន​ព្រមទាំង​បាន​បែងចែក​តួនាទី និង​ភារកិច្ច​ដល់​អនុប្រធាន និង​សមាជិក​នៃ អ.អ.ផ. ក្នុង​គោលដៅ​ពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ ICRC-JG សំដៅ​ធានា​ឱ្យ​កម្ពុជា​ទទួលបាន​ការវាយតម្លៃ​ល្អ​ក្នុង ការអនុវត្ត​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ តាមរយៈ​ការ​វាយតម្លៃ​របស់ ICRC-JG ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​មហាសន្និបាត​របស់​ក្រុមការងារ​ហិរញ្ញវត្ថុ​នា​ខែកុម្ភៈ​ខាងមុខនេះ​។

លោក​បាន​ណែនាំ​ឱ្យ​អនុប្រធាន និង​សមាជិក​នៃ អ.អ.ផ. ខិតខំ​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុស​ត្រូវ​ខ្ពស់ ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ ក៏ដូចជា​ពង្រឹង​កិច្ចសហការ​ប្រតិបត្តិការ​រវាង​គ្នា និង​គ្នា​ឱ្យ​កាន់តែ​ល្អ​បន្តទៀត​។

បើតាម​ក្រសួង​យុត្តិធម៌ អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (​អ.អ.ផ.) ត្រូវបាន​បង្កើតឡើង​តាមរយៈ​សេចក្តីសម្រេច​លេខ ០០១ សសរ​/​គសហ ចុះ​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២២ របស់​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហា​ប្រល័យ​។

អ.អ.ផ. មាន​តួនាទី និង​ភារកិច្ច​ចម្បងៗ​ក្នុង​ការតាមដាន ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់ ICRC-JG រហូតដល់​ប្រទេស​កម្ពុជា​ត្រូវបាន​ដកចេញ​ពី​បញ្ជីប្រផេះ​។ សិក្សា​ស្រាវជ្រាវ​លើ​ប្រភព​បញ្ហា​ដែល​បង្ក​ការរាំងស្ទះ និង​យឺតយ៉ាវ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ​។ រៀបចំ​ប្រតិបត្តិការ​ស្តង់ដា សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការងារ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ព្រមទាំង​ដឹកនាំ និង​ត្រួតពិនិត្យ​ការអនុវត្ត​របស់​ក្រសួង​ស្ថាប័ន ដែល​ទទួលខុសត្រូវ​ក្នុងការ​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។

លោក ជិន ម៉ាលីន បញ្ជាក់ថា​៖ «​យើង​ឃើញ​ហើយ កិច្ចប្រជុំ​មាន​រៀបចំ​ជា​ក្រុមការងារ ជា​យន្តការ ជា​វិធានការ ផែនការ​សកម្មភាព​ក្នុង​ការ​អនុវត្ដ​វិធានការ​ដើម្បី​បំពេញ​នូវ​លក្ខខណ្ឌ ក៏ដូចជា​សកម្មភាព​មួយចំនួន​ដែល​យើង​មិនទាន់បាន​បំពេញ ដូចជា​ការពង្រីក​ធនធានមនុស្ស​ក្នុង​ការប្រឆាំង​បទល្មើស​សម្អាត​ប្រាក់ ការពង្រឹង​សមត្ថភាព​ជំនាញ​មន្ដ្រី​អនុវត្ដ​ច្បាប់​របស់​យើង ការពង្រឹង​វិធានការ​ច្បាប់ និង​លទ្ធផល​នៃ​ការទប់ស្កាត់ បង្ក្រាប​ជាក់ស្ដែង​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​សម្អាត​ប្រាក់​នេះ​»៕