ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​​ជាថ្មី​ម្តងទៀត កុំឱ្យ​ភ្លេចខ្លួន និង​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ពិសេស​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​ឱ្យ​គ្រប់​ដូស​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

លោក​បាន​ថ្លែង​ដូចនេះ ក្នុងឱកាស​ប្រគល់​ទទួល​អំណោយ​ដ៏ថ្លៃថ្លា​នូវ​វ៉ាក់សាំង​កូវីដ​ ១៩ ប្រភេទ​ AstraZeneca ចំនួន​ ៣០ ​ម៉ឺនដូស​ពី​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប៉ូឡូញ​មកដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​នា​ព្រឹក​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​ ២០២២ នៅ​វិមាន​សន្តិភាព​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា​៖ «​សូម​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​មិនត្រូវ​ភ្លេច​ខ្លួន និង​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ​ ៣ ​ការពារ និង​ ៣ ​កុំ​ និង​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់គ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បន្ត​រក្សា​ឱ្យបាន​នូវ​ភាពស៊ាំ​សហគមន៍​»​។

កម្ពុជា​ចាត់ទុក​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជា​អាទិភាព​យុទ្ធសាស្ត្រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការជួយ​ចែក​រំលែក​វ៉ាក់សាំង​គ្នា​ទៅវិញទៅមក​ និង​ជា​ហូរហែ ក្នុង​គោលដៅ​ពន្លឿន​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក​។ ក្នុង​ស្មារតី​នេះ ទើប​លោក​តែងតែ​ចំណាយពេល​ចូលរួម​ទទួល​ជំនួយ​វ៉ាក់សាំង​កូវីដ​ ១៩ ដោយផ្ទាល់ ដើម្បី​សម្ដែង​នូវ​ការអរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សន្តាន​ចិត្ត​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ជាការពិត ការចាក់​វ៉ាក់សាំង គឺជា​វិធានការ​គន្លឹះ​ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ការ​ឈានទៅ​បញ្ចប់​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ និង​បើក​ដំណើរការ​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ឡើងវិញ តាម​គន្លង​ប្រក្រតីភាព​ថ្មី ប្រកប​ដោយ​សុវត្ថិភាព​»​។

ជាមួយ​នឹង​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ប្រមាណ ៩០ ភាគរយ​នៃ​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​គិត​ត្រឹម​ថ្ងៃទី ២០ ខែមករា ឆ្នាំ ​២០២២ កម្ពុជា​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​កាត់បន្ថយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អត្រា​មរណភាព​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប និង​អាច​រក្សាបាន​នូវ​ដំណើរការ​សកម្មភាព​សង្គម សេដ្ឋកិច្ច​។

ពលរដ្ឋ​នៅតែ​បន្ត​មក​ទទួល​សេវា​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩​ ជា​បន្តបន្ទាប់​។ហេង ជីវ័ន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ដែរ​ថា ទោះជា​យ៉ាងណា​ក៏ដោយ កម្ពុជា ក៏ដូចជា​សកលលោក​ទាំងមូល​បាននិងកំពុង​ទទួលរង​នូវ​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ជាពិសេស​ប្រភេទ​អូមីក្រុង (Omicron) ដែល​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិនមាន​ការភិតភ័យ និង​ស្លន់ស្លោ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ក្នុង​បរិការណ៍​នេះ​ការចាក់​វ៉ាក់សាំង​នឹង​នៅ​បន្ត ជា​វិធានការ​គន្លឹះ ហើយ​ជំនួយ​វ៉ាក់សាំង​​កូវីដ​ ១៩ AstraZeneca របស់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ ប៉ូឡូញ​នាពេលនេះ​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ ជាពិសេស​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ដល់​ប្រជាជន​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​»​។

នាឱកាស​នោះដែរ លោកស្រី​ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carmen Moreno) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ការចែកចាយ​នូវ​វ៉ាក់សាំង​កូវីដ​ ១៩ AstraZeneca ចំនួន ៣០ ​ម៉ឺន​ដូស​អាចធ្វើ​ទៅបាន​ដោយសារ​សាមគ្គីភាព និង​ចិត្តសប្បុរស​របស់​ប្រជាជន​ប៉ូឡូញ ដែល​នឹង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ការពារ​ប្រជាជន​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​វ៉ាក់សាំង​ទាំងនេះ​គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ធានាឱ្យមាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​ជា​សកល ដែលជា​ផ្នែក​នៃ​ដំណោះស្រាយ​យូរអង្វែង​ចំពោះ​ជំងឺ​រាតត្បាត​។ ក្នុងការ​គាំទ្រ​សុខភាព យើង​រួមចំណែក​ពង្រីក​សមត្ថភាព​ស្រាវជ្រាវ និង​ធ្វើតេស្ត​នៅ​កម្ពុជា យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​»​។

ជាមួយ​គ្នា​នេះដែរ លោក Waldemar Dubaniowski ​ឯកអគ្គរដ្ឋទូត​ប៉ូឡូញ​ប្រចាំ​កម្ពុជា បាន​ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ជំងឺ​រាតត្បាត​កូវីដ​ ១៩ មិនដឹង​ព្រំដែន​ទេ​។ ការទប់ស្កាត់​ជំងឺ​រាតត្បាត​តម្រូវឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល និង​សកម្មភាព​នៃ​សាមគ្គីភាព​ជាមួយ​ប្រទេស​ដែល​ត្រូវការ​ជំនួយ​។

ឯកអគ្គរដ្ឋទូត​ប៉ូឡូញ​រូបនេះ បានឱ្យ​ដឹងថា​៖ «​ការបរិច្ចាគ​នេះ​តំណាងឱ្យ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​ក្នុង​សកម្មភាព ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែល​ប៉ូឡូញ​អាច​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​ក្រុម​អឺរ៉ុប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ជួយ​ពន្លឿន​ការស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត (​កូវីដ ​១៩)»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បានលើកឡើង​ថា សហភាព​អឺរ៉ុប រដ្ឋ​ជា​សមាជិក និង​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ដើរតួនាទី​រួមគ្នា​ជា «​ក្រុម​អឺរ៉ុប​-Team Europe» ប្រមូលផ្តុំ​ធនធាន និង​ជំនាញ​ដើម្បី​រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់​បំផ្លិចបំផ្លាញ​នៃ​ជំងឺ​​កូវីដ​ ១៩ ​ជុំវិញ​ពិភពលោក​។ ក្រុម​អឺរ៉ុប​កំពុង​កៀរគរ​មូលនិធិ​បន្ថែម និង​សម្រប​កម្មវិធី​របស់ខ្លួន ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ប្រទេស​ជា​ដៃគូ​បាន​យ៉ាង​ឆាប់រហ័ស និង​ស្របគ្នា ព្រោះ​គ្មាន​នរណាម្នាក់​មាន​សុវត្ថិភាព​ឡើយ រហូតដល់​គ្រប់គ្នា​មាន​សុវត្ថិភាព​។ គិត​មកដល់​ពេលនេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ជា​ការបញ្ជាទិញ ការផ្តល់​ជំនួយ​តាមរយៈ​យន្តការ​កូវ៉ាក់ និង​ការផ្តល់​ពី​ប្រទេស​ជា​ដៃគូ​សរុប​ជាង​ ៤៣ ​លាន​ដូស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​គិត​ត្រឹម​យប់​ថ្ងៃទី​ ២៩ មករា ប្រជាពលរដ្ឋ​ចំនួន​ ៨៩,៧០% ធៀប​នឹង​ប្រជាពលរដ្ឋ​សរុប ១៦ លាន​នាក់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​​កូវីដ ​១៩ ​នៅ​ទូទាំង​ប្រទេស​៕