ភ្នំពេញៈ ​គម្រោង​អំណាន​កម្រិត​ថ្នាក់ដំបូង (IPEA) ដែល​ទទួលបាន​មូលនិធិ​ពី​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) និង​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បានផ្តល់​ការបណ្តុះបណ្តាល​អំពី​ខ្លឹមសារ​បង្រៀន​ថ្នាក់​ទី​ ១ ដល់​ទីប្រឹក្សា​គរុកោសល្យ និង​គ្រូបង្រៀន​ថ្នាក់​ទី​ ១ ជាង ៥០០ ​នាក់​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យ​ពួកគេ​មាន​បច្ចេកទេស​លើ​ការបង្រៀន​មេរៀន​អំណាន​កម្រិត​ថ្នាក់ដំបូង​ដល់​សិស្ស​ប្រកបដោយ​គុណភាព​។

លោក ស៊ឹម សុចិន្ដ្រា ប្រធាន​ផ្នែក​បណ្ដុះបណ្ដាល​នៃ​គម្រោង អំណាន​កម្រិត​ថ្នាក់ដំបូង ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា គម្រោង​អំណាន​កម្រិត​ថ្នាក់ដំបូង Inclusive Primary Education Activity (IPEA) បានផ្តល់​វគ្គ​សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​ខ្លឹមសារ​បង្រៀន​ថ្នាក់​ទី​ ១ ជំហាន​ ១ ជូន​ដល់ទី​ប្រឹក្សា​គរុកោសល្យ​ចំនួន ៣៤៥ រូប​មកពី​ខេត្តកំពង់ឆ្នាំង​រយៈពេល ​៤ ​ថ្ងៃ​កាលពី​ថ្ងៃទី​ ១៨ ដល់​ ២១ មករា ឆ្នាំ​ ២០២២ ​នេះ​។

លោក​ថ្លែងថា​៖ «​ការបណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ឱ្យ​ទីប្រឹក្សា​គរុកោសល្យ​បានដឹង​អំពី​លំនាំ និង​បច្ចេកទេស​បង្រៀន កម្មវិធី​បង្រៀន និង​សម្ភារ​ជំនួយ​ក្នុង​ការបង្រៀន​មេរៀន​អំណាន​របស់​គ្រូ​ថ្នាក់​ទី​ ១ ដោយហេតុថា ទីប្រឹក្សា​គរុកោសល្យ​នឹងត្រូវ​ចុះជួយ​គាំទ្រ​គ្រូ​ថ្នាក់​ទី​ ១ ឱ្យ​បង្រៀន​មេរៀន​អំណាន​តាម​ការណែនាំ​របស់​គម្រោង​អំណាន​កម្រិត​ថ្នាក់ដំបូង​របស់​យើង​»​។

លោក សុចិន្ដ្រា បានឱ្យដឹង វគ្គ​បណ្តុះបណ្តាល​នេះ​ក៏មាន​វត្តមាន​របស់​មន្ត្រី​អប់រំ​បច្ចេកទេស​មកពី​ការិយាល័យ​អប់រំ ស្រុក និង​មន្ទីរអប់រំ​ខេត្ត ខណៈដែល​ទីប្រឹក្សា​គរុកោសល្យ ដែល​មកពី ៧ ស្រុក និង​ក្រុង​ ១ រួមមាន ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មានជ័យ ស្រុក​ទឹកផុស ស្រុក​ជលគិរី ស្រុក​កំពង់លែង ស្រុក​រលាប្អៀរ ស្រុក​បរិបូណ៌ និង​ក្រុង​កំពង់ឆ្នាំង​។ គម្រោង​នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ធ្វើការ​គាំទ្រ​នូវ​ការដាក់ឱ្យ​អនុវត្ត​ទូទាំង​ប្រទេស​នូវ​កម្មវិធី​កុមារ​រៀន​កុមារ​ចេះ ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​។

លោក​ថ្លែងថា​៖ «​គម្រោង​នៅក្នុង​ឆ្នាំនេះ​យើង​ផ្ដោតលើ​កម្រិត​អំណាន​ថ្នាក់​ទី​ ១ ដើម្បីឱ្យ​កុមារ​ពូកែ​អាន​មាន​បំណិន​អាន​ច្បាស់លាស់​ចាប់ពី​ថ្នាក់​ទី​ ១​ ឡើងទៅ គឺ​គម្រោង​បាន​បណ្ដុះបណ្ដាល​គ្រូ​ថ្នាក់​ទី​ ១​ ឱ្យ​គាត់​យល់ច្បាស់​អំពី​វិធី​នៅក្នុង​ការបង្រៀន​កុមារ រាប់​តាំងពី​រៀន​សូរ​រហូត​ដល់​ការអាន​។ យើង​មាន​គោលបំណង​ឱ្យ​កុមារ​កម្ពុជា សិក្សា​ថ្នាក់បឋមសិក្សា​ដែលមាន និង​មិនមាន​ពិការភាព​ទាំងអស់​ទទួលបាន​ជំនាញ​អំណាន​កម្រិត​ថ្នាក់ដំបូង​ដែល​ប្រកបដោយ​គុណភាព​»​។

លោក​បានឱ្យដឹងថា គម្រោង IPEA និង​អង្គការ​ដៃគូ​កាលពី​ថ្ងៃទី​ ៣ ដល់ទី​ ៦ មករា ២០២២ កន្លងទៅ​ក៏បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​តម្រង់ទិស​ដល់​លោកគ្រូ​អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​ ១ ចំនួន ២១៩ រូប​ដែល​មកពី​ស្រុក​ចំនួន​ ៥ ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​រួមមាន ស្រុក​កំពង់ត្រឡាច ស្រុក​ទឹកផុស ស្រុក​បរិបូណ៌ ស្រុក​ជលគីរី និង​ក្រុង​កំពង់ឆ្នាំង​ផងដែរ​។ បន្ទាប់ពី​វគ្គបណ្តុះបណ្តាល សិក្ខាកាម​ទាំងអស់​នឹង​ត្រូវយក​វិធីសាស្ត្រ​ទាំងនោះ​ដើម្បី​បង្រៀន​សិស្ស​របស់គាត់​។

លោក ស៊ឹម ប្រិម ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ដ​កំពង់ឆ្នាំង​ថ្លែង​កាលពី​ថ្ងៃទី​ ២៧ មករា​នេះ​ថា តាមរយៈ គម្រោង​ IPEA បាន​ជួយ​បណ្ដុះបណ្ដាល​ដល់​ទីប្រឹក្សាគរុកោសល្យ​មកពី​សាលារៀន​នៅតាម​បណ្ដា​ស្រុក​គោលដៅ​លើ​បច្ចេកទេស​ក្នុង​ការបង្រៀន និង​រៀន​ដល់​សិស្ស ហើយ​ទីប្រឹក្សា​គរុកោលស្យ​នឹង​បន្ត​ចែករំលែក​ចំណេះដឹង​ទាំងនេះ​ទៅដល់​លោកគ្រូ អ្នកគ្រូ​នៅតាម​សាលារៀន​ដទៃទៀត​នៅតាម​មូលដ្ឋាន​ដោយផ្ទាល់​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​បានចាប់ផ្ដើម​បណ្ដុះបណ្ដាល​ដល់​ទីប្រឹក្សា​គរុកោស្យ​តាម​បណ្ដា​ស្រុក​គោលដៅ​តាំងពី​ចុងខែ​ធ្នូ​ឆ្នាំ​ ២០២១ ​មក​ម្ល៉េះ ឥឡូវ​គម្រោង​កំពុង​បណ្ដុះបណ្ដាល​លើ​បច្ចេកទេស​នេះ​ដល់​លោកគ្រូ​អ្នកគ្រូ​នៅតាម​សាលា​បន្តទៀត​ជា​ជំហានៗ​»​។

លោក ស៊ឹម ប្រិម បាន​ឱ្យដឹងថា តាមរយៈ​គម្រោង​បណ្ដុះបណ្ដាល​នេះ លោកគ្រូ​អ្នកគ្រូ​ទទួលបាន​បច្ចេកទេស​ក្នុងការ​បង្រៀន​សិស្ស​ថ្នាក់​ទី​ ១ បានល្អ​ប្រសើរ​ជាង​មុន ហើយ​ជំហាន​បន្ទាប់​ទៀត គម្រោង​នឹង​បន្ត​បណ្ដុះបណ្ដាល​បច្ចេកទេស​អំណាន​កម្រិត​ថ្នាក់ដំបូង​នេះ​ទៅដល់​ឪពុកម្ដាយ អ្នកអាណាព្យាបាល​កុមារ​ថែមទៀត​។

លោក តាន់ ប៊ុនហុង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ដ​កំពង់ធំ បានឱ្យដឹងថា កាលពី​ឆ្នាំ ​២០២១ គម្រោង IPEA បាន​ជួយ​បណ្ដុះបណ្ដាល​ដល់​ទីប្រឹក្សាគរុកោសល្យ និង​លោកគ្រូ​អ្នកគ្រូ​ថ្នាក់​ទី​ ១ និង​ថ្នាក់​ទី​ ២ នៅក្នុង​ខេត្ដ​កំពង់ធំ​។ តាមរយៈ​គម្រោង​នេះ គឺ​បាន​បណ្ដុះបណ្ដាល​គ្រូ​នៅតាម​ស្រុក​ទៅតាម​សៀវភៅ​ណែនាំ​ស្ដីអំពី​អំណាន​កម្រិត​ថ្នាក់ដំបូង​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ ដើម្បី​ពង្រឹង​សមត្ថភាព​លើ​ការបង្រៀន​ដល់​លោកគ្រូ​អ្នកគ្រូ​។

លោក​ថ្លែងថា​៖ «​ទីប្រឹក្សាគរុកោសល្យ​គម្រោង​បានជ្រើសរើស​គ្រូឧទ្ទេស​ពី​សាលាគរុកោសល្យ​ពី​មន្ទីរអប់រំ និង​ពី​ការិយាល័យ​របស់​មន្ទីរ​អប់រំ និង​ពី​ការិយាល័យ​អប់រំ​ស្រុក​យក​មក​បណ្ដុះបណ្ដាល​បំប៉ន​ជំហាន​ដំបូង​មុននឹង​ឱ្យ​ពួកគេ​បណ្ដុះបណ្ដាល​បន្តទៅ​ដល់​​គ្រូបង្រៀន​ថ្នាក់​ទី​ ១ ថ្នាក់​ទី ​២ នៅតាម​សាលារៀន​»​។

លោក ប៊ុនហុង បានឱ្យដឹងថា តាមរយៈ​គម្រោង​នេះ​គឺ​បាន​បណ្ដុះបណ្ដាល​ដោយ​ពង្រឹង​ទៅលើ​វិធីសាស្ដ្រ​ចំនួន​ ៣ គឺ​ទី​ ១ គឺ​គ្រូ​អាន ទី​ ២​ គ្រូ និង​សិស្ស​អាន និង​ទី​ ៣ សិស្ស​អាន ដើម្បីឱ្យ​ការបង្រៀន និង​ការរៀន​មាន​ភាពសកម្ម​។

យោងតាម​ឯកសារ​ស្តីពី​គម្រោង​គាំទ្រ​ភាសា​ខ្មែរ​ថ្នាក់ដំបូង​របស់ USAID បានឱ្យដឹងថា ទោះបីជា​មាន​ការកែទម្រង់​ការអប់រំ​យ៉ាងខ្លាំង​ក៏ដោយ ប្រទេស​​កម្ពុជា​នៅតែ​ប្រឈម​ក្នុង​ការធានា​នូវ​លទ្ធផល​សិក្សា​របស់​សិស្ស​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ទូទាំងប្រទេស​។

យោងតាម​ការវាយតម្លៃ​នាពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា មាន​ត្រឹមតែ ៣២% ប៉ុណ្ណោះ​នៃ​សិស្ស​ប្រុស​ថ្នាក់​ទី​ ៣ មានចំណេះដឹង​ភាសា​ខ្មែរ បើ​ប្រៀបធៀប​ទៅនឹង​សិស្សស្រី​ចំនួន ៥៨%​។ ខណៈពេល​ដែលមាន​ត្រឹមតែ ៨% នៃ​សិស្ស​ដែលមាន​អាយុ ១៥ ឆ្នាំ​ទទួលបាន​ចំណេះដឹង​អប្បបរមា​នៃ​ជំនាញ​អំណាន និង​ចំនួន ១០% នៃ​សិស្ស​ដែល​ទទួលបាន​កម្រិត​អប្បបរមា​នៃ​ចំណេះដឹង​លើ​មុខវិជ្ជា​គណិតវិទ្យា​។

បើតាម USAID គម្រោង​គាំទ្រ​ភាសា​ប៉ុន្តែ​ថ្នាក់ដំបូង បង្កើន​ធនធាន​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​ទ្រង់ទ្រាយ​ធំ និង​ផលប៉ះពាល់​កម្រិត​ជាតិ​លើ​ការសិក្សា​ថ្នាក់ដំបូង​។ គម្រោង​នេះ​ផ្តោតលើ​កិច្ចអន្តរាគមន៍ ដើម្បី​សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ ដូចជា ទី​ ១ កែលម្អ​ការបង្រៀន​អក្ខរកម្ម​ថ្នាក់ដំបូង​ផ្អែកលើ​ភ័ស្តុតាង​ប្រកបដោយ​បរិយាប័ន្ន ទី​ ២ ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ការលើកកម្ពស់​កិច្ចសហការ ការសម្របសម្រួល និង​ក្រុមការងារ​រវាង​ដៃគូ​ដែល​គាំទ្រ​ដល់​ការសិក្សា​ថ្នាក់ដំបូង​ប្រកប​ដោយ​បរិយាប័ន្ន និង ទី​ ៣ បង្កើត និង​អនុវត្ត​ផែនការ​សាកល្បង និង​ពង្រីក​កម្មវិធីសិក្សា​ថ្នាក់ដំបូង​ផ្អែកលើ​ភ័ស្តុតាង​របស់​ក្រសួង​អប់រំ​៕