ព្រះសីហនុៈ ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិភាក្សាគ្នា​លើ​សេចក្តីព្រាង​គោលនយោបាយ​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ខណៈ​រដ្ឋាភិបាល​កំណត់​ចក្ខុវិស័យ​ឆ្នាំ​ ២០៣៨ អភិវឌ្ឍ​ខេត្ដ​នេះ​ជា​ទីក្រុង​អាស៊ាន​នៃ​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​ជា​មជ្ឈមណ្ឌល​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ច្រកចេញ​ចូល​អន្តរជាតិ​មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​សកលលោក​។

កិច្ចពិភាក្សា​នេះ​ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៤ ខែមករា ក្នុង​សិក្ខាសាលា​មួយ​ស្តីអំពី​សេចក្តី​ព្រាង​គោលនយោបាយ​គ្រប់គ្រង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំ​ណង​។ សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​អភិបាល​ខេត្ត​ជាប់មាត់​សមុទ្រ រួមមាន ខេត្តកោះកុង កំពត និង​ខេត្ត​កែប ព្រមទាំង​មន្ត្រី​មកពី​ស្ថាប័ន​ក្រោម​ឱវាទ​ជាច្រើនរូប​ទៀត​។

លោក​ ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ក្នុង​ពិធី​នេះ​ថា ផ្អែកលើ​ក្របខ័ណ្ឌ​នៃ​ការសិក្សា​ស្រាវជ្រាវ​ទិន្នន័យ​តាមរយៈ​កំណែទម្រង់ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ជា​បន្តបន្ទាប់ ឆ្លើយតប​ការផ្លាស់ប្ដូរ ការរីកចម្រើន​សេដ្ឋកិច្ច​មាន​សក្តានុពល​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា ស្របតាម​និន្នាការ​តំបន់ និង​ពិភពលោក​។ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដោយ​កំណត់​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។

លោក​បាន​ថ្លែងថា​៖ «​គោលនយោបាយ​គ្រប់គ្រង ប្រើប្រាស់​ដី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ មាន​គោលដៅ​រៀបចំ​គោលនយោបាយ​គ្រប់គ្រង​វិស័យ​ដីធ្លី ក្នុងនេះ​មាន​អនុវិស័យ​រដ្ឋបាល​ដីធ្លី អនុវិស័យ​រៀបចំ​ដែនដី អនុវិស័យ​បែងចែក​ដីធ្លី លំនៅឋាន ការគ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​សំណង់ ការគ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ​ទាមទារ​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​វិស័យ​ពាក់ព័ន្ធ​»​។

លោក​រដ្ឋលេខាធិការ​បាន​ឱ្យដឹងថា ការគ្រប់គ្រង ការប្រើប្រាស់​ដីធ្លី និង​ធនធានធម្មជាតិ និង​ធ្វើ​សមាហរណកម្ម​វិស័យ​ពាក់ព័ន្ធ​ដីធ្លី​ផ្អែកលើ​មូលដ្ឋាន​គោលនយោបាយ​ដីធ្លី សៀវភៅ​ដីធ្លី គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើតាម​លោក​ ប៉ែន សុផល គោលនយោបាយ​អភិវឌ្ឍន៍​ប្រើប្រាស់​ដី​ខេត្ត​ព្រះសីហនុ​មាន​គោលដៅ​តម្រង់ទិស កំណត់​ការគ្រប់គ្រង​ប្រើប្រាស់​តាមបែប​គំរូ​ថ្មី ផ្អែក​លើ​កត្តា​ភូមិសាស្ត្រ​នៃ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា កត្តា​ធនធាន​ធម្មជាតិ បរិស្ថាន វប្បធម៌ និង​តម្រូវការ​វិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ស្រប​តាម​គោលនយោបាយ ច្បាប់ បទដ្ឋាន​គតិយុត្ត ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ពី​អន្តរជាតិ មាន​កូរ៉េខាងត្បូង ចក្រភព​អង់គ្លេស ហូឡង់ ម៉ាឡេស៊ី ជប៉ុន ចិន ម៉ូណាកូ ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ជា​ចក្ខុវិស័យ គោលនយោបាយ​កំណត់​ឆ្នាំ​ ២០៣៨ មាន​រយៈពេល ១៥ ​ឆ្នាំ​ខាងមុខ​ទៀត ដែលជា​សសរស្តម្ភ​ដល់​វិស័យ​ពាក់ព័ន្ធ​អភិបាលកិច្ច​ល្អ​ទាក់ទាញ​អ្នកវិនិយោគ និង​ការបង្ការ​គ្រោះមហន្តរាយ ព្រមទាំង​ផែនការ​សកម្មភាព​ទាំង​ ៨១ ដែលជា​វិធានការ​គោលនយោបាយ​សម្រេច​គោលដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​»​។

អភិបាលខេត្ត​ព្រះសីហនុ​លោក​ គួច ចំរើន បង្ហាញ​ការគាំទ្រ​រាជរដ្ឋាភិបាល​ចំពោះ​ផែនការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។ លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ការគាំទ្រ​ក្នុងការ​អភិវឌ្ឍ​ពហុវិស័យ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើឱ្យ​ក្លាយទៅជា​ខេត្ត​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែង​នៅ​ថ្ងៃទី​ ២៧ ខែមករា ថា សេចក្តី​ព្រាង​គោលនយោបាយ​ការប្រើប្រាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ បានកំណត់​ចំណុច​គោល​ចំនួន​ ៧ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។ ទី​ ១ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ប្រែក្លាយ ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​។

ទី​ ២ ចក្ខុវិស័យ​ឆ្នាំ​ ២០៣៨ ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គ្រប់គ្រង ប្រើប្រាស់​បែងចែក និង​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ តម្លាភាព ប្រសិទ្ធភាព អភិវឌ្ឍន៍​ខេត្ត​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ជា​ទីក្រុង​អាស៊ាន​នៃ​ប៉ូល​អភិវឌ្ឍន៍​ជាតិ​ប្រកបដោយ​ចីរភាព ជា​មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ច្រកចេញចូល​អន្តរជាតិ មជ្ឈមណ្ឌល​ភ័ស្តុភា​ជាតិ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​សកលលោក​។

ទី​ ៣ គោលបំណង ប្រើប្រាស់​ដីធ្លី ការបែងចែក​ដី ការអភិវឌ្ឍ​ដែនដី​នគរូបនីយកម្ម អភិវឌ្ឍន៍​ខេត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​បរិយាបន្ន​មាន​ភាពទាក់ទាញ​ និង​ឧត្ដមភាព​ប្រកួតប្រជែង​សំដៅ រួមចំណែក​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ ទី​ ៤ យុទ្ធសាស្ត្រ អនុវិស័យ​រដ្ឋបាល​ដីធ្លី អនុវិស័យ​រៀបចំ​ដែនដី ការគ្រប់គ្រង ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា អនុវិស័យ​បែងចែក​ដីធ្លី ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​សំណង់​។ យុទ្ធសាស្ត្រ​សមាហរណកម្ម​វិស័យ​ពាក់ព័ន្ធ​ទៅនឹង​ដីធ្លី ការពង្រឹង​ការគ្រប់គ្រង​អភិបាលកិច្ច​ល្អ និង​ស្ថាប័ន​យុទ្ធសាស្ត្រ​ទាក់ទាញ​ការវិនិយោគ និង​ធនធាន​ការគ្រប់គ្រង​ហានិភ័យ​សំខាន់ៗ​ និង​បង្ការ​គ្រោះមហន្តរាយ​ធម្មជាតិ​។

ទី​ ៥ ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​រយៈពេល​ខ្លី​ (២០២១-២០២៥) ​រយៈពេល មធ្យម ​( ២០២៥-២០៣០) រយៈពេល​វែង​ (២០៣០-២០៣៨)​។ ទី​ ៦ ក្របខ័ណ្ឌ​អនុវត្ត និង​យន្តការ​ដឹកនាំ​សម្របសម្រួល តាមដាន វាយតម្លៃ ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​។ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​តាមដាន​វាយតម្លៃ​ត្រួតពិនិត្យ ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​តាម​វិស័យ​ក្នុងការ​គ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ​ឱ្យមាន​និរន្តរភាព​ស្របតាម​ចក្ខុវិស័យ​នៃ​គោលនយោបាយ​។

ទី​ ៧ សេចក្តី​សន្និដ្ឋាន សកម្មភាព​ទាំងនេះ​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​សកម្មភាព​របស់​អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ តាមដាន​ត្រួតពិនិត្យ​ធានាបាន​នូវ​ការអនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ប្រសិទ្ធភាព​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​សំដៅ​សម្រេច​ឱ្យបាន​ចក្ខុវិស័យ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាក់ស្ដែង​៕