The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជាពលរដ្ឋ​ត្អូញត្អែរ​ការខ្វះ​ទឹកស្អាត​ប្រើ​ ក្នុង​រដូវប្រាំង​ដូច​ឆ្នាំមុន

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ការខ្វះ​ទឹកស្អាត​ប្រើ​ ក្នុង​រដូវប្រាំង​ដូច​ឆ្នាំមុន

Content image - Phnom Penh Post
ពលរដ្ឋ​ម្នាក់​ក្នុង​ខណ្ឌទួលគោក​ប្រើ​សេវា​ទឹកស្អាត​នាពេល​កន្លងមក​។ ហេង ជីវ័ន

ប្រជាពលរដ្ឋ​ត្អូញត្អែរ​ការខ្វះ​ទឹកស្អាត​ប្រើ​ ក្នុង​រដូវប្រាំង​ដូច​ឆ្នាំមុន

ភ្នំពេញៈ រដូវប្រាំង​ឆ្នាំនេះ​មិន​ខុសពី​រដូវប្រាំង​ឆ្នាំមុន​នោះទេ ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​និយាយ​ត្អូញត្អែរ​អំពី​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ខណៈ​អាកាសធាតុ​មាន​ភាពក្ដៅ​ហួតហែង​ខ្លាំង​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​បានស្នើ​សុំឱ្យ​ពលរដ្ឋ​បង្កើន​ភាព​អត់ធ្មត់ ដោយ​អះអាងថា នេះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នា​រដូវប្រាំង​មានការ​ខ្វះខាត​។

លោក លី ប្រុស អាយុ​ ៤៩ ​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ ១៣ សង្កាត់​ច្រាំង​ចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បាន​និយាយ​ត្អូញត្អែរថា​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​តំបន់​ដែល​គាត់​កំពុង​រស់នៅ​មាន​ភាពរអាក់រអួល​ដោយ​ពេលខ្លះ​គ្មាន​លំហូរ​ទឹក​សូម្បី ១ តំណក់ ចេញពី​ក្បាល​រ៉ូប៊ីណេ​នោះទេ​ ជាពិសេស​នៅ​ចន្លោះ​ពី​ម៉ោង​ ៧​ ដល់​ ១០ ​ព្រឹក ហើយ​ថ្ងៃ​ខ្លះ​នៅពេល​ល្ងាច​ក៏មាន​ដាច់ទឹក​រហូតដល់​ម៉ោង​ ៩ ​យប់​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​កាលពីមុន​ខ្ញុំ​សង្ស័យថា​មកពី​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​របស់ខ្ញុំ​នាំគ្នា​ភ្ជាប់​ម៉ូទ័រ​បូមទឹក​ច្រើនពេក ទើប​ផ្ទះ​ខ្ញុំ​បើកទឹក​មិន​ចេញ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​តភ្ជាប់​ម៉ូទ័រ​បូមទឹក​ស្វ័យប្រវត្តិ​នោះដែរ នៅតែ​បើកទឹក​មិន​ចេញ គឺ​អត់​មាន​ទឹក​តែម្ដង ពិសេស​ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង​ ១០​ ព្រឹក​»​។

យ៉ាងណា​ក៏ដោយ​នៅ​តំបន់​ខណ្ឌឫស្សីកែវ ការផ្គត់ផ្គង់​ទឹក​មិនសូវ​ជាមាន​បញ្ហា​ចោទ​ខ្លាំង​នោះទេ ដោយ​អ្នកប្រើប្រាស់​នៅតែ​អាច​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​តាម​តម្រូវការ ប្រសិនបើ​ពួកគេ​មាន​ការប្រើប្រាស់​ទឹក​ដោយ​ភាព​សន្សំសំចៃ ខណៈ​នៅឯ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​មួយចំនួនទៀត រកតែ​ទឹក​អណ្ដូង​ប្រើប្រាស់​មិន​គ្រប់គ្រាន់​ផង​។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុងភូមិ​ស្ងួនពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ លោក ឃុត សុចិន្តា អាយុ​ ៥០​ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មួយ​សប្ដាហ៍​ចុងក្រោយ​នេះ នៅក្នុង​តំបន់​រស់នៅ​របស់គាត់​បាន​ជួប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។ អ្នកភូមិ​បាននាំគ្នា​ទៅយក​ទឹក​ពី​ធុង​ទឹក​នៅតាម​សួនច្បារ ដែល​ធុង​ទឹក​នោះ​ជា​ជំនួយ​របស់លោក​ឧកញ៉ា ហុង ពីវ​។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បុរី​កំបូល​ ១ ប្រើប្រាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​ទឹក​នោះ​ជា​ទឹក​អណ្ដូង​ដែល​បាន​បុក​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​បុរី​កំបូល​ ១ ប៉ុន្តែ​វា​ត្រូវបាន​សម្បទាន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​សង្កាត់​កន្ទោក ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​ពួកយើង​ជួប​ប្រឈម​ការខ្វះ​ទឹក​ប្រើប្រាស់​»​។

លោក សុចិន្តា បាន​បន្ថែមថា​៖ «​នេះ​មិនមែនជា​រដូវប្រាំង​ដំបូង ដែល​ខ្វះខាត​ទឹក​នោះទេ គឺ ៣ ​ឆ្នាំ​ហើយ​ចាប់តាំងពី​ខ្ញុំ​និង​គ្រួសារ​បាននាំគ្នា​មក​រស់នៅ​ទីនេះ​»​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី​លោក​រីករាយ​ក្នុងការ​ចែករំលែក​ទឹក​ដល់​អ្នកជិតខាង​របស់​លោក ដែល​ពួកគេ​មិនមាន​ពេល​​គ្រប់គ្រាន់​ក្នុងការ​ចេញទៅ​ដឹក​ទឹក​ពី​ស៊ីទែន​ទឹក​ដែល​ត្រូវបាន​គេ​ដាក់​នៅតាម​សួនច្បារ​នោះ ខណៈ​លោក​អាច​ចេញទៅ​ដឹក​ទឹក​ពី​ទី​នោះបាន​ប្រមាណ​ពី​ ៣ ​ប៊ីដុង​ទៅ​ ៥​ ប៊ីដុង​ក្នុង​មួយថ្ងៃ​ (១ ​ប៊ីដុង​ចំណុះ​ ៣០ ​លីត្រ​) សម្រាប់​ការប្រើប្រាស់​នៅក្នុង​គ្រួសារ​របស់លោក ដែលមាន​សមាជិក​ ៣ ​នាក់​។

ទន្ទឹមនឹងនោះ​លោក សុចិន្តា បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏ដូចជា​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​-​ភ្នំពេញ មេត្តាជួយ​ផ្គត់ផ្គង់​ទឹកស្អាត​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ផង ព្រោះ​ពួកគាត់​បាន​ជួប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ច្រើន​ថ្ងៃ​មកហើយ​។

ជុំវិញ​ករណីនេះ លោក សំរិទ្ធ សុវិទ្យា អគ្គនាយករង រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​ប្រជាជន និង​ការអភិវឌ្ឍ​ផ្នែក​សំណង់​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ ក្លិប​កម្សាន្ត រោងចក្រ​សហគ្រាស បានធ្វើឱ្យ​តម្រូវការ​ទឹក​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​មានការ​កើនឡើង​យ៉ាងគំហុក គឺ លើសពី​ការរំពឹងទុក​។

លោក​បាន​បន្តថា ទោះយ៉ាងណា​ការផលិត​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​មិនបាន​ថយចុះ​នោះទេ​។ ការផលិត​ទឹកស្អាត​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​តែ​នេះ​ដោយសារ​តម្រូវការ​ប្រើប្រាស់​មានការ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក​។ ក្នុង​ឆ្នាំ ២០១៦ រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ផលិត​ទឹកស្អាត​បាន​ត្រឹម​ជាង ៤០ ម៉ឺន​ម៉ែត្រគុប​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ផលិត​ទឹកស្អាត​បាន​ជាង ៦០ ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

លោក សុវិទ្យា បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​-​ភ្នំពេញ​យើង​ផលិត​ទឹកស្អាត​បាន​ប្រមាណ​ជាង​ ៦០ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ប៉ុន្តែ​តម្រូវការ​ទឹកស្អាត​ប្រើប្រាស់​មាន​រហូត​ទៅដល់​ជាង ៧០​ ម៉ឺន​ម៉ែត្រគុប ក្នុង​ ១​ ថ្ងៃ​មានន័យថា ការផ្គត់ផ្គង់​ទឹកស្អាត​របស់​យើង នៅមាន​ភាពខ្វះខាត​ប្រមាណ​ជាង ១០ ​ម៉ឺន​ម៉ែត្រគុប ក្នុង​ ១ ​ថ្ងៃ​»​។ «​នេះ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​រដូវក្ដៅ ដែល​ការផ្គត់ផ្គង់​ទឹកស្អាត​របស់​យើង​មាន​ភាពខ្វះខាត​។ អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ភាពអត់ធ្មត់ និង​បន្ត​ការជួយ​ចែករំលែក​ទឹកស្អាត​គ្នា​ប្រើប្រាស់​តទៅទៀត​។ នៅ​រដូវប្រាំង​ឆ្នាំ​ ២០២៣​ ខាង​មុននេះ បញ្ហា​នេះ​នឹងត្រូវ​បាន​ដោះស្រាយ​ហើយ​»​។

បើតាម​លោក​ សុវិទ្យា គម្រោង​រោងចក្រ​ផលិត​ទឹកស្អាត​នៅ​សង្កាត់ ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ នឹងត្រូវ​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ​ ២០២៣ ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​កើនឡើង​បន្ថែមទៀត​។ នៅពេល​គម្រោង​នេះ​រួចរាល់​ជា​ស្ថាពរ​នោះ គេ​រំពឹងថា ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​នឹងត្រូវ​បាន​ដោះស្រាយ គឺ​នឹង​គ្មាន​ការខ្វះខាត​ទឹកស្អាត​ទៀតឡើយ​។ លោក​ថា​៖ «​នៅ​ដើមឆ្នាំ ​២០២៣ រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​នេះ នឹង​អាច​ផលិត​ទឹកបាន​ ២០​ ម៉ឺន​ម៉ែត្រគុប​បន្ថែមទៀត ហើយ​នៅ​ចុងឆ្នាំ​ ២០២៣ ផលិត​បាន​ ២០ ​ម៉ឺន​ម៉ែត្រគុប​ទៀត ដូច្នេះ​នៅ​ចុងឆ្នាំ​ ២០២៣ យើង​អាច​ផលិត​ទឹកស្អាត​បាន​រហូតដល់​ជាង​ ១ ​លាន​ម៉ែត្រគុប​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នាពេល​កន្លងមកនេះ​បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​ និង​ត្រូវមាន​រថយន្ត​ដឹក​ទឹក​ជូន​បងប្អូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាពិសេស​នៅ​តំបន់​ជាយក្រុង​។ លោក​ថា​៖ «​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​មិន​ត្រឹមតែ​រីក​ទំហំ​ផ្ទៃដី​ប៉ុណ្ណោះ​ទេ​គឺ​លូត​កម្ពស់​ថែមទៀត​ដោយ​លំនៅឋាន​សង់​ខ្ពស់ៗ​ជាច្រើន​ដូចនេះ​តម្រូវការ​ទឹក​ក៏មាន​ការកើនឡើង​ច្រើន​ផងដែរ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍