ភ្នំពេញៈ សមាជ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឱ្យ​លោក ជីវ កត្តា ជា​ប្រធាន​បក្ស​ដឹកនាំ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រោង​រៀបចំ​ធ្វើ​សមាជ នៅ​ថ្ងៃទី ​៩ កុម្ភៈ ដើម្បី​បោះឆ្នោត​ជ្រើសរើស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជា​ព្រះប្រធាន​គណបក្ស​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ក្រោយ​បញ្ចប់​សមាជ​នា​ថ្ងៃទី​ ៣០ មករា ឱ្យដឹងថា អង្គសមាជ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​បេក្ខភាព​លោក​ ជីវ កត្តា ជា​ប្រធាន​គណបក្ស លោក​ តាន់ ទីន ជា​អនុប្រធាន​ប្រចាំការ លោក​ កង គឹមហាក់ និង​លោក​ ខឺយ ស៊ីនឿន ជា​អនុប្រធាន​គណបក្ស​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន អង្គសមាជ​បោះឆ្នោត​អនុម័ត​លក្ខន្តិកៈ​គណបក្ស បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​បេក្ខភាព​គណៈកម្មាធិការ​នាយក​គណបក្ស​ចំនួន​ ៤៥ ​រូប បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​បេក្ខភាព​សមាសភាព​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​ចំនួន​ ៨ ​រូប កំណត់​ទិសដៅ​ការងារ​ និង​គោលនយោបាយ​បក្ស​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ ឆ្នាំ​ ២០២២ ​និង​កំណត់​អំពី វិស័យ​សំខាន់ៗ​សម្រាប់​រៀបចំ​គោលនយោបាយ​គណបក្ស​។

លោក​ ខឺយ ស៊ី​នឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថ្លែង ក្រោយ​បញ្ចប់​សមាជ​ថា ការធ្វើ​សមាជ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។ ពេលនេះ គណបក្ស​រៀបចំ​បេក្ខជន​ឃុំ​បាន​ចំនួន​ ៥២ ​ភាគរយ​នៅ​ទូទាំង​ប្រទេស​ក្នុងនោះ​ក៏មាន​ការអនុវត្ត​គោលនយោបាយ​ឃុំ​សង្កាត់​រួចហើយ​ដែរ​។

លោក​រំពឹងថា គណបក្ស​នឹង​ឈ្នះ​អាសនៈ​ឃុំ-សង្កាត់​ច្រើន ពីព្រោះ​ចរន្ត​នយោបាយ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ដែល​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​សុទ្ធសឹងតែ​អតីត​ក្រុមប្រឹក្សា​-​ខេត្ត ក្រុមប្រឹក្សា​ស្រុក ឃុំ​-​សង្កាត់ រួម​នឹង​អ្នកគាំទ្រ​ទាំងអស់​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​។ នេះ ជា​មូលដ្ឋានគ្រឹះ​ដែល​ខ្មែរ​ស្រឡាញ់​ជាតិ ទទួល​បាន​កៅអី​ឃុំ-សង្កាត់​ច្រើន សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ លោក​ថ្លែងថា​៖ «​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បានប្រកាស​ជំហរ​ស្មារតី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​របស់ខ្លួន​តាំងពី​ថ្ងៃទី​ ២ ខែមករា ២០២២​។ ជា​គោល​ការណ៍​ច្បាប់ គឺ​មិន​ខុស​ទេ​។ យើង​បន្ត​ស្មារតី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ចង់បាន​ការផ្លាស់ប្តូ​រដឹក​នាំ​។ មានន័យថា យើង​មិន​បន្ត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​»​។

បើតាម​លោក​ ខឺយ ស៊ីនឿន គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​មាន​ប៉ូល​ ២ ដែល​គណបក្ស​ផ្សេងៗ​មិនមាន​នោះទេ​។ ព្រោះ​ថ្នាក់​ដឹកនាំ​មួយចំនួន​របស់​បក្ស​រួមមាន​លោក​ ជីវ កក្តា ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​អតីត​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក តាន់ ទីន ជា​អតីតមន្ត្រី​គណបក្ស​សញ្ជាតិ​ខ្មែរ គណបក្ស​ សមរង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​។ រីឯ​លោក កង កឹម ហាក់ ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្ត្រី​របស់​គណបក្ស​សិទ្ធិមនុស្ស និង​លោក​ ខឺយ ស៊ី​នឿន អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​បក្ស​សិទ្ធិមនុស្ស និង​មកពី​សង្គ្រោះ​ជាតិ ជាដើម​។

ដោយឡែក លោក​ ញឿន រ៉ា​ដែន អ្នកនាំពាក្យ​បក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ មករា ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​រៀបចំ​សមាជ​របស់ខ្លួន​នៅ​ថ្ងៃទី​ ៩ កុម្ភៈ ហើយនឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ ៥០០ ​នាក់​មកពី​ថ្នាក់​ខេត្ត ស្រុក និង​ក្រុមការងារ ដើម្បី​បោះឆ្នោត​ថ្វាយ​ព្រះអង្គ​ម្ចាស់​នរោត្តម ចក្រាវុធ ដែលជា​ព្រះរាជបុត្រ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើជា​ព្រះប្រធាន​ដឹកនាំ​គណបក្ស​។ ការធ្វើ​សមាជ​បោះឆ្នោត​ថ្វាយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ធ្វើជា​ព្រះប្រធាន​ស្របតាម​បំណង​ចុងក្រោយ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​អតីត​ព្រះប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច និង​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​ ២០២២​។

លោក​ថ្លែងថា​៖ «​បើសិនជា​យើង នៅតែ​បន្ត​បង្អែបង្អង់​ទៀត វា​កាន់តែ​យូរ ព្រោះ​ការបោះឆ្នោត វា​កាន់តែ​ខិតចូល​មកកាន់​តែ​ជិត​ហើយ​។ គោលដៅ​នេះ មិន​រាថយ​នោះទេ​។ ដូច​កន្លងមកនេះ​អ៊ីចឹង ចុះ​មូលដ្ឋាន គឺ​យើង​ចុះ​មូលដ្ឋាន​។ នៅពេល​ដែល​ចុះ​មូលដ្ឋាន​ហើយ​ដល់​ម៉ោង​ដែល​យើង​មាន​ពេលវេលា​សមស្រប ធ្វើ​សមាជ ធ្វើ​តែម្តង​»​។

បើតាម លោក ញឿន រ៉ាដែន ក្រសួងមហាផ្ទៃ​បានទទួល​ស្គាល់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រួចហើយ បន្ទាប់ពី​ត្រូវបាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំង ធ្វើជា​ព្រះ​អនុប្រធាន និង​ប្រធានស្តីទី​ក្នុងការ​គ្រប់គ្រង​។ ដូច្នេះ​មាន​តែ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ​ទេ​ដែល​ស្របច្បាប់ និង​លក្ខន្តិកៈ​ក្នុង​ការកោះហៅ និង​រៀបចំ​ធ្វើ​សមាជ​។ ក្នុង​សមាជ​នឹង​សម្រេច​ជ្រើសរើស​អនុប្រធាន កំណត់​នយោបាយ​របស់​គណបក្ស និង​កែ​លក្ខន្តិកៈ​មួយចំនួន​។

លោក​ ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ថា​៖ «​គណបក្ស​នីមួយៗ​បានកំណត់​ឆ្នាំ​ និង​ពេលវេលា​ដែល​គេ​ត្រូវធ្វើ​សមាជ នៅក្នុង​លក្ខន្តិកៈ​របស់គាត់​។ ដូរ​លក្ខន្តិកៈ​អី គឺ​ដូរ​បាន​ក្នុង​ច្បាប់​អត់​មាន​ [​ហាម​] ​ទេ ប៉ុន្តែ​បើ​ដូរ​ថ្នាក់ដឹកនាំ​ត្រូវដាក់​មក​ក្រសួង​ទទួលស្គាល់​ផ្លូវការ​សាជាថ្មី​»៕