សៀមរាបៈ ​អាជ្ញាធរ​ស្រុក​បន្ទាយស្រី​​សុំ​ការយោគយល់​ពី​សំណាក់​ភ្ញៀវទេសចរ​ក្នុងស្រុក​មួយចំនួន​ដែល​មក​​លេង​ ឬ​ឆ្លងកាត់​ស្រុក​បន្ទាយស្រី​ឈប់​ទុក​កាកសំណល់​សំរាម​ចោល​ពាសវាល​ពាសកាល​នៅតាម​ផ្លូវ​សាធារណៈ​ ព្រោះ​កន្លែង​ទាំងនេះ​មិនមែន​សម្រាប់​សំរាម​នោះទេ បើទោះជា​គ្មាន​ម្ចាស់​នៅនឹងកន្លែង​ក៏ដោយ​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ឱ្យដឹង​តាមរយៈ​ហ្វេសប៊ុកនៅ​ថ្ងៃទី​ ២៩ ខែមករា​ថា ជា​ទម្លាប់​ល្អ​មួយ​របស់​អ្នកស្រុក​បន្ទាយស្រី​នៅមុន​ពេល​បុណ្យទាន​ម្តងៗ ដើម្បី​ត្រៀមខ្លួន​ស្វាគមន៍​អ្នកទេសចរ​មក​កម្សាន្ត​ក្នុងស្រុក​តែង​ដើរ​រើស​សំរាម​សម្អាត​តាមផ្លូវ​សាធារណៈ​ និង​ទីកន្លែង​មួយ​​ចំនួន​ដែល​ភ្ញៀវទេសចរ​មក​ឈប់​ចត​ ដើម្បី​ទទួលទាន​អាហារ ហើយ​មិនបាន​សម្អាត​ដោយ​ទុក​សំរាម​នៅ​ពាសវាល​ពាសកាល​។

លោក​អភិបាលស្រុក​បាន​បន្តថា អ្នក​បន្ទាយស្រី​ភាគច្រើន​ឈប់​ចោល​សំរាម​ពាសវាល​ពាសកាល​ទៀតហើយ ហើយ​សំរាម​ក៏​លែង​សូវ​មាន​ទៀត​ដែរ ប៉ុន្តែ​អ្នកភូមិ​តែង​ត្អួញ​ថា ពិបាក​តែ​អ្នក​ចម្ងាយ អ្នកធ្វើដំណើរ​ឆ្លងកាត់ និង​អ្នកទេសចរ​ទេ​។ ​លោក​ថ្លែងថា​៖ «​ភាគច្រើន​គឺ​សង្កេតឃើញ​មាន​នៅតាម​ដងផ្លូវ​សាធារណៈ ទីវាល​ដី​ទំនេរ​ដែល​អាច​ឈប់​ចត​ឡាន រ៉ឺម៉ក គោយន្ត ហូបចុក​រួចហើយ​ពង្រាយ​ស្បោង​ប្លាស្ទិក ដប​ទឹក​សុទ្ធ និង​កញ្ចប់​ប្រអប់​ស្នោ​ទុកចោល​​នៅ​ទីនោះ​ដោយ​ឥត​សណ្តាប់ធ្នាប់​»​។

លោក ឃឹម ហ្វីណង់ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ភ្ញៀវទេសចរ​មួយចំនួន​ និង​បាន​សុំ​ការយោគយល់​លើ​រឿងនេះ​ពី​សំណាក់​ភ្ញៀវទេសចរ​​ក្នុងស្រុក​ដែល​មកលេង​ ឬ​ឆ្លងកាត់​ស្រុក​បន្ទាយស្រី​។ ​លោក​ថា គួរ​អាណិត​ដល់​គ្នា​អ្នក​រើស និង​ផ្តល់​ការគោរព​ទៅដល់​ទម្លាប់​ស្អាត​របស់​អ្នក​បន្ទាយស្រី​ផង ជាពិសេស​ពេល​មកលេង​បន្ទាយស្រី​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​។

អ្នកស្រី ជ្រីន ស្រីរ័ត្ន អ្នកផ្គត់ផ្គង់​ផលិតផល​សម្អាត​បរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី​ ៣០ ខែមករា​ថា បច្ចុប្បន្ន​អ្នកស្រី​ក៏​បាននិង​កំពុង​រក្សា​អនាម័យ​បរិស្ថាន​ក្នុងការ​ទុកដាក់​សំរាម​ដោយ​សហការ​ជាមួយ​យុវជន​សំរាម​ដើម្បី​រៃ​ថវិកា​ទិញ​ធុងសំរាម​ដាក់​នៅ​ទីកន្លែង​សាធារណៈ​មួយចំនួន ព្រមទាំង​ធ្វើ​សកម្មភាព​រើស​សំរាម​ជា​គំរូ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដើម្បី​ថែរក្សា​ភាព​ស្អាត​នៅ​ទីសាធារណៈ​ផងដែរ​។

អ្នកស្រី​ឱ្យដឹង​ដែរ​ថា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​ដំបូង​ត្រូវ​ធ្វើជា​គំរូ​ និង​អប់រំ​ផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​ និង​ចេះ​ប្រើ​ធុងសំរាម​ជាមុនសិន​។ ​តាម​ការកត់សម្គាល់​របស់​អ្នកស្រី​ផ្ទាល់​ឃើញថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយចំនួន​ចេះ​ប្រើ​ធុងសំរាម​ និង​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ តែ​មួយចំនួនទៀត​នៅតែ​បន្ត​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល​។ ហេតុនេះ​ដើម្បី​ដាស់​ស្មារតី​ដល់​អ្នក​ដែល​មិនទាន់​មានការ​ភ្ញាក់រឭក​ឱ្យចូលរួម​គឺ​មានតែ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​គ្នា​ទើប​មានការ​យល់ដឹង​។

អុ្នកស្រី​ថ្លែងថា​៖ «​យើង​ធ្វើ​នូវ​សកម្មភាព​ឱ្យ​គាត់​ឃើញថា អ្វីដែល​ពួកគាត់​បាន​បោះចោល​ហ្នឹង​គឺ​ធ្វើឱ្យ​មនុស្ស​មួយក្រុម​គ្នា​អត់​មាន​ពេល​សម្រាក អត់​បាន​ប្រើ​ពេលវេលា​ផ្ទាល់ខ្លួន ដើម្បី​​ធ្វើការងារ​ផ្សេង​ទេ​។ អ៊ីចឹង​ពួកគាត់​ត្រូវ​ចំណាយពេល​មក​រើស​សំរាម​ដែល​យើង​បាន​ចោល អ៊ីចឹង​តើ​យើង​គួរ​ភ្ញាក់រឭក ឬ​អត់​ទេ​ថា គេ​កំពុងតែ​ចំណាយពេល​ផ្ទាល់ខ្លួន​មានតម្លៃ​របស់​​គេ​មក​ធ្វើ​រឿង​ដើម្បី​តែ​ការមិន​មានការ​ទទួល​ខុសត្រូវ​របស់​យើង​»​។

អ្នកស្រី ជ្រីន ស្រីរ័ត្ន បានឱ្យដឹង​ទៀតថា បច្ចុប្បន្ននេះ​ពិតជា​មាន​មនុស្ស​មួយចំនួន​បានភ្ញាក់រឭក​ក្នុង​ការបោះ​សំរាម​ចោល​ចំ​ធុង​បាន​ត្រឹមត្រូវ ប៉ុន្តែ​កន្លែង​ខ្លះ​គ្មាន​ធុងសំរាម ខណៈ​កន្លែង​ខ្លះ​មាន​ធុងសំរាម ប៉ុន្តែ​បែរជា​ត្រូវបាន​បាត់ទៅ​វិញ​៕

វីដេអូ៖