ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​បកស្រាយ​ជាថ្មី​ថា អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​មិនមែនជា​ឧបករណ៍​ប្រើ​សម្រាប់​ចាប់​ទិន្នន័យ​ពី​អ្នកប្រើប្រាស់​អ៊ីនធឺណិត ​ឬ​រឹតត្បិត​សេរីភាព​លើ​បណ្តាញ​អ៊ីនធឺណិត​ឡើយ ខណៈ​ច្រកទ្វារ​នេះ​នឹងត្រូវ​បង្កើត​នៅ​​រាជធានី​ខេត្ត​សំខាន់ៗ​នាពេល​ខាងមុខ​។

ការចេញ​បកស្រាយ និង​អះអាង​ជាថ្មី​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បានបង្ហាញ​ក្ដីបារម្ភ​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​សន្តិសុខ​លើ​ការប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត ហើយ​ការ​ព្រួយ​បារម្ភ​នេះ​ក៏ត្រូវ​បានលើកឡើង​នៅក្នុង​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី​សិទ្ធិ​ឌីជីថល​ និង​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៦ ខែមករា ផងដែរ​។

ឆ្លើយតប​នឹង​ក្តីបារម្ភ​នេះ លោក ជា វ៉ាន់ដេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុង​សប្តាហ៍​មុន​ថា កន្លងមក​មានការ​បកស្រាយ​ខុស​ជាច្រើន​ពី​គោលបំណង​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​​ហើយ​ក្រសួង​បាន​បកស្រាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មតិ​មួយចំនួន ជាពិសេស​បណ្តា​អង្គការ​ដែល​ធ្វើការ​លើ​វិស័យនេះ​នៅតែមាន​ការយល់ច្រឡំ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​​គឺ​ដើម្បី​សម្របសម្រួល និង​គ្រប់គ្រង​ការតភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ទាំង​ក្នុង​ និង​ក្រៅប្រទេស ហើយ​មាន​ធាតុ​ ២ ​សំខាន់​ដែល​ច្រកទ្វារ​អ៊ីនធឺណិត​ក្នុងប្រទេស​សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​អ៊ីនធឺណិត​ក្នុងប្រទេស​។ ​ចំណែកឯ​ច្រក​​ទ្វារ​អ៊ីនធឺណិត​អន្តរជាតិ​សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​អ៊ីនធឺណិត​នៅក្នុង​ ​និង​ក្រៅប្រទេស​។ ចំពោះ​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​នេះ គឺ​គ្មាន​ចេតនា​ចាប់យក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​​ប្រើ​ ឬ​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញ​​មតិ និង​សេរីភាព​សារព័ត៌មាន​នោះទេ ។

លោក​បាន​បញ្ជាក់ថា​៖ «​ច្រកទ្វារ​អ៊ីនធឺណិត​នេះ​ត្រូវបាន​បង្កើតឡើង​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់ មិនមែន​មានតែ​ការគ្រោង​បង្កើត​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​។ ​មូលហេតុ​ដែល​ប្រទេស​ទាំងអស់​​គេ​បង្កើត​ច្រកទ្វារ​អន្តរជាតិ​នេះ​គឺ​ដើម្បី​សម្រួល​លំហូរ និង​គ្រប់គ្រង​លំហូរ​​ចរាចរណ៍​នៃ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​»​។

បើតាម​លោក ជា វ៉ាន់ដេត ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នឹងត្រូវ​បង្កើត​ឡើងជា​ច្រើន​កន្លែង​នៅ​កម្ពុជា រួមមាន នៅ​ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត ក្រុង​បាវិត រីឯ​ច្រក​ទ្វារធំ​មួយទៀត​គឺ​នៅ​រាជធានី​-​ភ្នំពេញ ហើយ​ក្រសួង​ក៏​នឹង​ពិចារណា​បើក​ច្រកទ្វារ​នេះ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ទៅតាម​តម្រូវការ​ចាំបាច់​នាពេល​​អនាគត​ផងដែរ​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ច្រកទ្វារ​នេះ​គឺ​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ប្រតិបត្តិករ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ទាំងឡាយ ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ដែលជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ ដែល​ផ្ទុយ​ទាំងស្រុង​នឹង​អ្វីដែល​លើកឡើង​ និង​ភាន់ច្រឡំ​ដោយ​អង្គការ NGOs មួយចំនួន​ដែលថា​ជា​ច្រកទ្វារ​តែមួយគត់​នោះ គឺជា​ការមិនពិត​ទេ​។ សូម​កែប្រែ​ និង​សូមកុំ​យល់ច្រឡំ​បន្តទៅទៀត​»​។

លោកប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ដែល​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​ជាង​ ១០ ​ដែល​បានរៀបចំ​សន្និសីទ​ថ្នាក់ជាតិ​ស្តីពី​សិទ្ធិ​ឌីជីថល​ និង​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​បកស្រាយ​របស់​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ដើម្បី​ឆ្លើយតប​នឹង​ក្ដីកង្វល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពី​បញ្ហា​នេះ​។ លោក​រំពឹងថា ក្រុមការងារ​របស់​បណ្តា​អង្គការ​ដែល​ធ្វើការ​លើ​ប្រព័ន្ធ​ឌីជីថល​ និង​អ៊ីនធឺណិត​នេះ​មាន​ឱកាស​ផ្តល់​ធាតុ​ចូល​ជុំវិញ​ការបង្កើត​បទដ្ឋាន​គតិយុត្ត​សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធ​ទាំងនេះ​ឱ្យមាន​សុវត្ថិភាព​ និង​ការគោរព​សិទ្ធិ​។

បន្ថែម​ពីនេះ​លោក​បាន​អះអាងថា​៖ «​ទស្សនៈ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល យើង​មើលឃើញថា អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​ហ្នឹង គឺ​​មាន​មាត្រា​មួយចំនួន ជាពិសេស មាត្រា ៦ មាត្រា ១២ ,១៤ និង​មាត្រា ១៦ ​គឺមាន​ខ្លឹមសារ​និង​ឃ្លា​មួយចំនួន​​ហាក់បីដូចជា​ផ្តល់​អំណាច​ទាំងស្រុង​ដល់​រដ្ឋាភិបាល​ ឬ​ក្រសួង​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល មានអំណាច​ដែល​គ្មាន​អ្នកតាមដាន​ក្នុង​ការហាម​​ឃាត់​មាតិកា​ដែល​អាច​កាត់បន្ថយ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ​»​។

សូមជម្រាបថា អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​​អ៊ីនធឺណិត ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យប្រើ​ពីថ្ងៃ​ទី​ ១៦ កុម្ភៈ ឆ្នាំមុន​​ដើម្បី​សម្រួល​ និង​គ្រប់គ្រង​ការតភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ពង្រឹង​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​នៃ​ការកៀរគរ​ចំណូល​ជាតិ ការការពារ​សន្តិសុខ​ជាតិ និង​ការថែរក្សា​របៀបរៀបរយ​សណ្តាប់ធ្នាប់​សង្គម វប្បធម៌ និង​ប្រពៃណីជាតិ​។

ជាមួយ​គ្នា​នោះ លោក ជា វ៉ាន់ដេត បាន​អះអាងថា ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់​ប្រតិបត្តិករ ដែល​ធានា​ការអនុវត្ត​គោលការណ៍​ប្រកួត​ប្រជែង​ស្មើភាព ស្មោះត្រង់ ក្រសួង​ប្រៃសណីយ៍​ក៏​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការការពារ​ទិន្នន័យ​ឯកជន​ និង​ច្បាប់​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ និង​លិខិត​បទដ្ឋាន​មួយចំនួនទៀត​។ ​ចំពោះ​ការបង្កើត​លិខិតគតិយុត្ត​ថ្មី​នេះ​ក្រសួង​ក៏​​នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ពិគ្រោះ​យោបល់​ហើយ​កំពុង​ពិចារណា​អញ្ជើញ​អង្គការ​ NGOs ដែលមាន​លក្ខណៈ​ស្ថាបនា ដើម្បី​ចូលមក​ពិគ្រោះ​យោបល់​ក្នុង​ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ទាំងនេះ​ផងដែរ​៕

វីដេអូ៖