បាត់ដំបងៈ គិតពី​ថ្ងៃ​ទី ២៩-៣០ ​មករា​ ឆ្នាំ ២០២២ ​មាន​ពលករ​ប្រុស-​ស្រី ​និង​ក្មេងៗជា​កូន​ពលករ​ ចំនួន​៥១៦នាក់​បាន​ឆ្លង​ដែន​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​តាម​ច្រក​អូរ​អន្លក់ឃុំតា​សែន ​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង។ ឯ​ប្រហែល​១០ថ្ងៃ​មុន​រដូវ​ចូល​ឆ្នាំ​ចិន​-វៀត​ណាម​ មាន​ពលករ​ប្រុស​-ស្រី​ប្រមាណ​ជិត​១០០នាក់​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ប៉ុស្តិ៍​គីឡូ១៣ ​ក្នុង​ភូមិ​អូរ ​ឃុំសន្តិភាព​ស្រុក​សំពៅ​លូន។

លោក​ម៉ង់ ស៊ី ​មេបញ្ជាការ​វរសេនា​តូច​៨១៩ ឈរ​ជើង​ប្រចាំ​ច្រក​អូរអន្លក់ ​ឃុំ​តាសែន ​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង ​ឱ្យដឹង​នៅ​ថ្ងៃ​ទី៣១ ​មករា ​ថា ​គិតពី​ថ្ងៃ​ទី២៩ ​ដល់​ថ្ងៃទី៣០ ​មករា ​ឆ្នាំ២០២២ ​មាន​ពលករ​ស្រី-​ប្រុស ​រួមទាំង​កូនៗ​របស់​ពួកគេ​ចំនួន​៥១៦នាក់​បាន​ឆ្លងដែន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ។ ក្នុង​ចំនួន​ពលករ​ទាំងនេះ ​មាន​អ្នកខ្លះ​ទើបតែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូនវីដ​បាន​១ដូស ​និង​ពលករ​ខ្លះ​ចាក់​វ៉ាសាំង​បាន​២ដូស​ពី​ប្រទេស​ថៃ​រួចទៅ​ហើយ។

លោក​ថ្លែងថា​៖«ពលករ​យើង​ដែល​គាត់​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​ គឺ​សុទ្ធតែ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​គ្រប់ៗ​គ្នា​ហ្នឹង​ គ្រាន់តែ​អ្នក​ខ្លះ​ទើបតែ​ចាក់​បាន​១ដូ​ស​ទេ។ បើ​អ្នកខ្លះ​ចាក់​បាន១ដូស​ គឺ​គ្រូពេទ្យ​តម្រូវឱ្យ​ពួកគាត់​ទៅធ្វើ​ចត្តា​ឡី​ស័ក​ ដើម្បី​ចាក់​វ៉ាក់​សាំង​បន្ថែម​ទៀត»។

លោក​បន្តថា ​ពលករ​ចំនួន​៩៤នាក់​(ក្មេង៧នាក់)​ក្នុង​ចំណោម​៥១៦នាក់​ ត្រូវបាន​គ្រូពេទ្យ​បញ្ជូន​ទៅធ្វើ​ចត្តា​ឡី​ស័ក ​នៅ​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក​គីឡូ៩ ​ក្នុង​ស្រុក​សំពៅ​លូន ​ខេត្ត​បាត់​ដំបង។

ដោយ​ឡែក​លោក​ប្រាក់ សាយ ​មេបញ្ជាការ​វរសេនាតូច​៨១៧ ​ប្រចាំការ​នៅ​ប៉ុស្តិ៍​គីឡូ១៣ ​ក្នុង​ភូមិអូរ​ ឃុំ​សន្តិភាព​ ស្រុក​ សំពៅ​លូន ​ឱ្យដឹង​នៅ​ថ្ងៃទី៣១​ មករា ថា​ ក្នុង​រយៈពេល​ជិត​១០ថ្ងៃ ​មុន​រដូវ​ចូលឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម​ នៅ​ប៉ុស្តិ៍​គីឡូ​១៣ ​ក្នុង​ភូមិអូរ ​ស្រុក​សំពៅ​លូន មាន​ពលករ​ឆ្លងដែន​ចូល​មកពី​ប្រទេស​ថៃ​ប្រមាណ​ជិត​១០០នាក់​ប៉ុណ្ណោះ។

មូលហេតុ​នៃ​ការវិល​ត្រឡប់​នេះ​ ត្រូវបាន​ពលករ​ទាំងនោះ​ប្រាប់ថា ​ដោយសារ​ពួកគាត់​ទៅ​យូរ​ហើយ ​និង​ម្យ៉ាង​អស់​ការងារ​ធ្វើ។ លោក​ថា ​ចំពោះ​ពលករ​ដែល​ឆ្លងដែន​ចូលមក​តាម​ប៉ុស្តិ៍​គីឡូ១៣ ​ក្នុង​ភូមិ​អូរ​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន ​គឺ​គ្រូ​ពេទ្យ​ និង​សមត្ថកិច្ច​របស់​លោក​តែងតែ​ធ្វើការ​ណែនាំ ​និង​អប់រំ ​អំពី​ការឆ្លង​ជំងឺ​កូវីដ​រួចជា​ស្រេច ​មុន​នឹង​អនុញ្ញាត​ឱ្យ​ពួកគាត់​ត្រឡប់​ទៅ​លំនៅឋាន​វិញ។

លោក​បញ្ជាក់ថា ​ពាក់ព័ន្ធ​នឹង​មេខ្យល់​លួច​នាំ​ពលករ​ឆ្លងដែន​ក្នុង​រយៈពេល​កំពុង​ផ្ទុះ​ជំងឺ​កូវីដ ​គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​ឃាត់​បាន​មេខ្យល់​ប្រមាណ​២០នាក់​ហើយ។ ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ឆ្នាំ២០២១ ​និង​ដើម​ឆ្នាំ២០២២​នេះ​ មិន​ឃើញ​មាន​មេ​ខ្យល់​លួច​នាំ​ពលករ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ទេ។

លោក​ប្រាក់ សាយ ​ថ្លែងថា​៖«យើង​ចាប់បាន​មេខ្យល់​ខ្លះទៅ ​ឥឡូវ​ឃើញ​មាន​ធូរស្រាល​ច្រើន​ មិន​សូវ​មាន​បទល្មើស​លួច​ឆ្លង​ដែន​ទេ។ ការងារ​នេះ ​យើង​ឃ្លាំ​ចាំមើល​ពួកគាត់​រហូត​ នៅតាម​តំបន់​ឈរជើង ​ទាំង​ពួកគាត់​ត្រឡប់​មក​វិញ​ ទាំង​ពលករ​ដែល​ត្រូវបាន​មេខ្យល់​លួច​នាំ​ឆ្លង​ដែន»៕