ភ្នំពេញៈ រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​ «​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​» រយៈពេល ៦ ​ឆ្នាំ (២០២០-២០២៥) ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់​ការពារ លើក​តម្លៃ​ឱកាស​អេកូ​ទេសចរណ៍ និង​ខ្សែចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ក្នុង​តំបន់​ទេសភាព​ភ្នំក្រវាញ និង​ទន្លេសាប ទំហំ​ជាង ៣,៨​ លាន​ហិកតា​។

លោក ឃិន ម៉េងឃាង ប្រធាន​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុងពេល​ទៅ​បំពេញ​ទស្សនកិច្ច​ស្វែងយល់​អំពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ធម្មជាតិ​ពីថ្ងៃ​ទី​ ២៥-២៨ មករា​ថា គម្រោង​នេះ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង​សហការ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ការអនុវត្ត​គម្រោង​នេះ​ដើម្បីឱ្យ​កម្ពុជា សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លើ​ការ​គ្រប់គ្រង​តំបន់​ការពារ លើក​តម្លៃ​ឱកាស​អេកូទេសចរណ៍ និង​ខ្សែចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅ​តំបន់​ទេសភាព​ភ្នំក្រវាញ និង​ទន្លេសាប​។

លោក​ថ្លែងថា ក្រសួងបរិស្ថាន​កំពុង​ខិតខំ​លើកកម្ពស់​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​ការពារ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​ក្នុង​ក្របខ័ណ្ឌ​កែលម្អ​ស្ថាប័ន និង​កិច្ចសហការ​សម្របសម្រួល​រវាង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​។ គម្រោង​នេះ​នឹងត្រូវ​ការ​ពេល​អនុវត្ត ​៦ ​ឆ្នាំ​ (២០២០-២០២៥) ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រោម​ក្របខ័ណ្ឌ​នៃ​ប្រាក់កម្ចី​ឥណទាន​ពី​ធនាគារពិភពលោក​។

លោក​ថា​៖ «​ក្រសួងបរិស្ថាន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ទទួល​កញ្ចប់​ថវិកា​ចំនួន ៥៧,៥៨ ​លាន​ដុល្លារ​ក្នុងការ​អនុវត្ត​គម្រោង នេះ​រយៈពេល​ ៦ ​ឆ្នាំ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់​ការពារ លើក​តម្លៃ​ឱកាស​អេកូ​ទេសចរណ៍ និង​ខ្សែចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​ទេសភាព​ភ្នំក្រវាញ និង​ទន្លេសាប ទំហំ​ជាង ៣,៨ ​លាន​ហិកតា​»​។

បើតាម​លោក​ ម៉េងឃាង កញ្ចប់​ថវិកា​សម្រាប់​អនុវត្ដ​គម្រោង​នេះ ក្រសួង​បរិស្ថាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ទទួល​បាន​ពី​ភាគី​ពាក់ព័ន្ធ​មួយចំនួន​មាន​ថវិកា​ហិរញ្ញប្បទាន​ឥណទាន​ពី​ធនាគារពិភពលោក​ ៥០,៦០ ​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ពី​មូលនិធិ​បរិស្ថាន​សកល ដែលជា​ថវិកា​ជំនួយ​មាន​ ៤,៤២ ​លាន​ដុល្លារ និង​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល​ចំនួន​ ២,៥ ​លាន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ មាន​វិសាលភាព​អនុវត្តន៍​លើ​ខេត្ត​ចំនួន​ ៧ នៅ​ជុំវិញ​បឹង​ទន្លេសាប​រួម​នឹង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​កោះកុង ដែល​បាន​គ្របដណ្តប់​លើ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ ១៤ និង​ដែន​ទេសភាព​ចំនួន​ ២ គឺ​ជុំវិញ​បឹង​ទន្លេសាប និង​ជួរ​ភ្នំក្រវាញ ដែលមាន​ទំហំ​ជាង ៣,៨ ​លាន​ហិកតា​»​។

ថវិកា​ទាំងនេះ ភាគច្រើន ប្រើប្រាស់​ដើម្បី​បង្ក​បរិយាកាស​ឱ្យមាន​ការវិនិយោគ​ពី​វិស័យ​ឯកជន ដូចជា ការធ្វើ​ផ្លូវ ទឹកស្អាត អនាម័យ ជាពិសេស​ការពង្រឹង​នៅតាម​តំបន់​គោលដៅ​អេកូ​ទេសចរណ៍​ធម្មជាតិ និង​សហគមន៍​ធម្មជាតិ​។ នេះ​បើតាម​លោក​ ឃិន ម៉េងឃាង​។

លោក ទាង ឆាយហៀង អនុប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ឱ្យដឹងថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជា​ក្រសួងសាមី​មួយ​ដែល ទទួល​ខុសត្រូវ​ត្រួតពិនិត្យ​ទៅលើ​ទឹកស្អាត អនាម័យ ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅតាម​ជនបទ​។ សម្រាប់​នៅតាម​ទីតាំង​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ ប្រសិនបើ​តំបន់​ណាមួយ​មាន​ភាពចាំបាច់ នោះ​ក្រសួង​នឹងសិក្សា​សាងសង់​ផ្លូវ​ចូលទៅ​ឱ្យដល់​ទីតាំង​នោះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ទេសចរ​ជាតិ​-​អន្តរជាតិ​ពេល​មក​ទស្សនា​កម្សាន្ត​។

លោក​ថ្លែងថា​៖ «​គោលបំណង​នៃ​ការអភិវឌ្ឍ​គម្រោង គឺ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់​ការពារ​លើក​តម្លៃ​ឱកាស​អេកូ​ទេសចរណ៍ និង​ខ្សែចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​ទេសភាព​ភ្នំក្រវាញ និង​ទន្លេសាប​»​។

លោក​ថា គម្រោង​នេះ គឺជា​កត្តា​ជំរុញ​ដើម្បី​ភាព​រីកចម្រើន​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ និង​ពង្រឹង​ការគ្រប់គ្រង​ភាពសម្បូរបែប​នៃ​ធម្មជាតិ​នៃ​ជួរ​ភ្នំ​ក្រវាញ និង​បឹង​ទន្លេសាប រួមទាំង​ជម្រក​សត្វព្រៃ ឧទ្យាន​ជាតិ​ក្រវាញ​ខាងត្បូង កណ្តាល ជម្រក​សត្វ​ព្រៃ​ឱរ៉ាល់ ភ្នំ​សំកុស និង​ច្រករបៀង អភិរក្ស​ជីវចម្រុះ​ភ្នំក្រវាញ​ផងដែរ​។

លោក​បញ្ជាក់ថា តាមរយៈ​គម្រោង​នេះ​នឹង​ពង្រឹង​ខ្សែចង្វាក់​តម្លៃ​នៃ​អនុផល​ព្រៃឈើ​ (NTFP) ​ដើម្បី​បន្ថែម​នូវ​ប្រាក់ចំណូល​នៅតាម​ទីជនបទ​។ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សក្តានុពល​អេកូ​ទេសចរណ៍ និង​អនុផល​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​នៅ​តំបន់​ភ្នំក្រវាញ និង​ទន្លេសាប គឺ​ស្ថិត​ក្នុងការ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​កម្រិត និង​ការតភ្ជាប់​ក្នុង​តំបន់​។ ក្រៅពីនេះ​ក៏មាន​ការវិនិយោគ​ជាក់លាក់​ក្នុង​ការកែលម្អ​ការតភ្ជាប់ និង​ការកសាង​ជំនាញ​សហគ្រិន​អំពី​អនុផល​ព្រៃឈើ និង​អេកូ​ទេសចរណ៍ នឹងត្រូវ​បាន​គេ​យកមក​អនុវត្ត​៕