ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ឫស្សីកែវ​នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែមករា​ថា ការកសាង​ស្ពាន​អាកាស​នេះ គឺជា​រឿង​ចាំបាច់​ដើម្បី​បញ្ចៀស​ចរាចរណ៍ នៅពេល​ស្ពានបេតុង​អាមេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​ពី​ឫស្សីកែវ​ទៅ​ជ្រោយចង្វារ​ត្រូវបាន​តភ្ជាប់​។

លោក​ថ្លែងថា​៖ «​ការកសាង​ស្ពាន​អាកាស​នៅទីនេះ គឺជា​ការចាំបាច់​ដើម្បី​បញ្ចៀស​នូវ​ចរាចរណ៍​កកស្ទះ ព្រោះ​យើង​មិនអាច​ធ្វើ​ដំណើរ​កើត​ទេ នៅពេល​ស្ពាន​ឆ្លងកាត់​ពី​ខាង​ឫស្សីកែវ​ទៅ​ម្ខាង​ទៀត​ជ្រោយចង្វារ​ត្រូវបាន​តភ្ជាប់ យើង​មិនអាច​ធ្វើទៅ​រួច​ទេ ដូច្នេះ​ជម្រើស​ដែល​ល្អ​បំផុត គឺ​ការកសាង​ស្ពាន​អាកាស​ដើម្បីឱ្យ​ផ្លូវ​នេះ​ចរាចរ​ធម្មតា ក៏ប៉ុន្តែ​ផ្លូវ​ឆ្លងទៅ​ម្ខាង​ទៀត​គឺ​ឆ្លង​ទៅតាម​ស្ពាន​អាកាស​នោះឯង​»​។

លោក​លើកឡើងថា ការធ្វើ​ដំណើរ​ក្នុងពេល​បច្ចុប្បន្ន គឺ​ឆ្លងកាត់​លើ​ស្ពានដែក​បណ្តោះអាសន្ន​ក៏ប៉ុន្តែ​ស្ពានបេតុង​ថ្មី​ដែល​កំពុង​ធ្វើ​នេះ​អាច​នឹងធ្វើ​រួចរាល់​ក្នុង​ខែមីនា ឆ្នាំ ២០២៣ ​ខាងមុខ ហើយ​ស្ពាន​នេះ​ក៏​ជា​ផ្នែក​មួយ​បម្រើឱ្យ​ការបើក​ស៊ីហ្គេម​នៅក្នុង​ខែឧសភា ឆ្នាំ​ ២០២៣ ​ផងដែរ​។

លោក​ ហ៊ុន សែន បាន​មានប្រសាសន៍​ថា ទៅ​ថ្ងៃ​អនាគត​នឹងមាន​ស្ពាន​អាកាស​ព្រែកព្នៅ និង​ព្រែក​ក្តាម​ជា​បន្តបន្ទាប់​ទៀត​។ កម្ពុជា​មាន​តម្រូវការ​នៃ​ការតភ្ជាប់​ទាំង​ការតភ្ជាប់​ផ្ទៃក្នុង​ខ្លួនឯង ជាពិសេស​និង​ការតភ្ជាប់​ជាមួយនឹង​ប្រទេសជិតខាង​។ លោក​ថ្លែងថា​៖ «​ពាក្យ​ដែល​ហៅថា ការតភ្ជាប់​ទីនេះ​ក៏​អាច​និយាយ​បានថា​ជា​ការតភ្ជាប់​រវាង​ត្រើយម្ខាង​ខាងកើត និង​ត្រើយម្ខាង​ខាងលិច គឺជា​ការតភ្ជាប់​មួយ​ដែល​មុននេះ​យើង​និយម​ប្រើ​ទូកដ ឬ​ប្រើ​ស្រឡាង​ដើម្បី​ឆ្លង​កាត់​»​។

ជាមួយ​គ្នានេះ លោក ហ៊ុន សែន ​បានបង្ហាញ​ពី​មោទនភាព​អំពី​អាទិភាព​នៃ​គោលនយោបាយ​របស់លោក​បានដាក់​ចេញ​នៅ​ឆ្នាំ​ ១៩៨៧ ដែល​គិត​មកដល់​បច្ចុប្បន្ន​មាន​រយៈពេល​ជាង ៣០ ​ឆ្នាំ ប៉ុន្តែ​អាទិភាព​នៃ​គោលនយោបាយ​សម្រាប់​ការអភិវឌ្ឍ​របស់​កម្ពុជា​នៅតែ​ត្រឹមត្រូវ​។ លោក​បន្តថា​៖ «​វា​អាច​នឹង​ត្រឹមត្រូវ​រយៈពេល ២០ ឬ​ ៣០ ​ឆ្នាំ​ទៀត​ឯណោះ​នោះ​គឺ​ទឹក ផ្លូវ ភ្លើង មនុស្ស ឯ​ចុង​ក្រោយនេះ យើង​ដូរ​មុំ​របស់​វា​ទៅជា​មនុស្ស ទឹក ផ្លូវ ភ្លើង វិញ​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ស្ពាន​អាកាស​ឫស្សីកែវ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៥ ត្រង់ចំណុច​ប្រសព្វ​ផ្លូវ​លេខ​ ៣៦ និង​ស្ពាន​បេតុង​អាមេ​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ដែល​ត្រូវអនុវត្ត​គម្រោង​គឺ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ដោយ​គ្រោង​សាងសង់​រយៈពេល ១៥ ខែ និង​ចំណាយ​ថវិកា ៩ ៧១០ ៤៧៤ ​ដុល្លារ​សហរដ្ឋអាមេរិក​ដែលជា​កញ្ចប់​ថវិកា​បានមកពី​មូលនិធិ​កោះនរាហ៍​។

លោក​ ហ៊ុន សែន​ក្នុង​ពិធី​បើកសម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​។ រូប SPM

លោក​ថ្លែងថា​៖ «​ស្ពាន​នេះ​នឹង​ក្លាយជា​ស្ពាន​អាកាស​ទី​ ៦ ​ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​វិស័យ​ឯកជន ស្របតាម​អនុសាសន៍ និង​ចំណាត់ការ​ដ៏ម៉ឺងម៉ាត់​ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី គឺ​ការយក​ទីក្រុង​ចិញ្ចឹម​ទីក្រុង ឬ​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​»​។

លោក​បន្ថែមថា គម្រោង​សាងសង់​ស្ពាន​ឫស្សីកែវ​នេះ និង​សាងសង់​ទួល​ស្ពាន​ទំហំ ១៥,៨ ​ម៉ែត្រ បណ្តោយ​ស្ពាន​ប្រមាណ​ជា ១៤៥ ​ម៉ែត្រ និង​ស្ថាបនា​ផ្លូវ​តភ្ជាប់​ក្បាលស្ពាន​ផ្នែក​ខាងជើង​ប្រវែង ១៥៧ ម៉ែត្រ និង​ផ្នែក​ខាងត្បូង​ប្រវែង ១៨១ ​ម៉ែត្រ សរុប​មាន​ប្រវែង ៤៨៣​ ម៉ែត្រ​។ គន្លង​ផ្លូវ​រត់​ទួល​ស្ពាន​មាន​ទទឹង ៣,២៥ ​ម៉ែត្រ បូក​នឹង ៣,៥០ ​ម៉ែត្រ សម្រាប់​ចរាចរ​ទ្វេទិស​បែងចែក​ជា ​២ ​គន្លង​រថយន្ត​ទៅ និង​ ២ ​គន្លង​រថយន្ត​មក ហើយ​នៅ​ផ្នែក​ខាងក្រោម​ស្ពាន​អាកាស​ត្រូវ​ស្ថាបនា​ពង្រីក​ទួល​ផ្លូវ​មាន​ទទឹង​ទំហំ​លើសពី ៤,៥០ ម៉ែត្រ សងខាង​ផងដែរ​។

បច្ចេកទេស​នៃ​ការសាងសង់​ស្ពាន​គឺ​ត្រូវ​ខួង​គ្រឹះ​ជម្រៅ ៤៥ ម៉ែត្រ និង​មាន​អង្កត់ផ្ចិត​មុខកាត់​ចំនួន​ ១,២ ​ម៉ែត្រ​ទៅ​ ១,៤ ​ម៉ែត្រ គ្រោង​ធ្នឹម​ស្ពាន​ត្រូវ​ប្រើប្រាស់​ដែក​អក្សរ I ដែលមាន​កម្ពស់​ ១,៤ ​ម៉ែត្រ និង​សសរស្ពាន​​ត្រូវ​ប្រើ​បំពង់​ដែក​ដែលមាន​អង្កត់ផ្ចិត ទំហំ ១,៤ ​ម៉ែត្រ ចំនួន ២​ ដើម​រួម​នឹង​ជើងតាង​កម្ពស់ ១,៥ ​ម៉ែត្រ​។ ចំពោះ​លក្ខណៈ​រូបវន្ត​នៃ​ការសាងសង់​ស្ពាន​នេះ​មាន​ទម្រេល​ទទឹង​ស្ពាន​ ២ ​ភាគរយ ដែល​កំណត់​ល្បឿន​យានយន្ត​បើក​លើ​ស្ពាន​ ៤០ ​គីឡូម៉ែត្រ ក្នុង​ ១​ ម៉ោង និង​មាន​កម្ពស់​សុវត្ថិភាព ៥ ​ម៉ែត្រ សម្រាប់ធ្វើ​ផ្លូវ​ឆ្លង​ផ្នែក​ខាងក្រោម​ស្ពាន​អាកាស​។

លោក ឃួង ស្រេង បញ្ជាក់ថា ក្រៅពី​សំណង់​ទួល​ស្ពាន និង​ផ្លូវ​តភ្ជាប់​ក្បាលស្ពាន ក៏មាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ដែល​ត្រូវ​បំពាក់​ជាប់​ក្នុង​គម្រោង​នេះ រួមមាន ការបំពាក់​បង្គោលភ្លើង​បំភ្លឺ​ផ្លូវ ការបំពាក់​ស្លាកសញ្ញា​ចរាចរណ៍​ការលាប​គំនូស​ចរាចរណ៍ ការរៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ និង​ការកែ​សម្រួល​ចិញ្ចើមផ្លូវ​ក្នុង​តំបន់​ការដ្ឋាន​។

បើតាម​លោក ឃួង ស្រេង យុទ្ធសាស្ត្រ​នៃ​ការ​ស្ថាបនា​ស្ពាន​អាកាស​ឫស្សីកែវ គឺ​ទន្ទឹមគ្នា​ទៅនឹង​គម្រោង​សាងសង់​ស្ពាន​បេតុង​អាមេ​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេសាប ដែល​តភ្ជាប់​ផ្លូវជាតិ​លេខ​ ៥ ​ទៅមក​ផ្លូវជាតិ​លេខ​ ៦ និង​ធ្វើឱ្យ​តំបន់​នេះ និង​ជាពិសេស​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​កាន់តែ​មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

លោក​ថ្លែងថា​៖ «​ជាពិសេស​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកែសម្រួល​ដល់​ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅមក​ចេញចូល​រាជធានី​-​ភ្នំពេញ បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​រយៈពេល​យូរ និង​ជា​សរសៃឈាម​យុទ្ធសាស្ត្រ​ដ៏សំខាន់​ដែល​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច និង​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​រាជធានី ក៏ដូចជា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»៕

វីដេអូ៖