ភ្នំពេញៈ ក្នុង​រយៈពេល​ត្រឹម ​១ ​ខែមករា ដើមឆ្នាំ​ ២០២២ ​នេះ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ (​កបប​) បាន​រកឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព​មាន​សារធាតុ​គីមី និង​ផលិតផល​មិន​អនុលោម​តាមច្បាប់​ជាង​ ១៤ ​តោន ហើយក៏​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន​ ១១០​ ទីតាំង ដែល​ប្រកប​អាជីវកម្ម​មិន​សុចរិត​។

របាយការណ៍​ប្រចាំ​ខែមករា​របស់ អគ្គនាយកដ្ឋាន ក.ប.ប. ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ៣១ ខែមករា បានឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២២ អគ្គនាយកដ្ឋាន ក.ប.ប. បាន​ចុះ​ត្រួតពិនិត្យ​ទីផ្សារ និង​ទីតាំង​ឃ្លាំង​ស្កុក​ទំនិញ ដោយ​រកឃើញ​ទំនិញ​ខូចគុណភាព ហួស​រយៈពេល​ប្រើប្រាស់ មាន​សារធាតុគីមី​ចំនួន ​២ ​តោន​ ៥៣៨ ​គីឡូក្រាម​។

ក្រៅពីនេះ អគ្គនាយកដ្ឋាន ក.ប.ប. បាន​ស្ទាក់ចាប់​បង្គា​នាំចូល​ដែលមាន​ចាក់​បញ្ចូល​សារធាតុ CMC (​ចាហួយ​) ​ចំនួន​ ៧ ​តោន ៧៩២ ​គីឡូក្រាម និង​អនុវត្ត​បណ្តឹង​រំលោភសិទ្ធិ​ផ្តាច់មុខ​ផលិតផល​របស់​ក្រុមហ៊ុន​ដោយ​ចុះ​ពិនិត្យ​ទីតាំង​ចំនួន​ ៨ និង​ឃាត់ទុក​ផលិតផល រំលោភសិទ្ធិ​ផ្តាច់មុខ​មាន​ចំនួន ​៣​ តោន​ ៨៧៩ ​គីឡូក្រាម ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

ចំពោះ​ការបង្ក្រាប​អាល់កុល​ក្លែងក្លាយ​ (​មេតាណុល​) វិញ​ក្នុង​រយៈពេល​ ១ ​ខែមករា​នេះ អគ្គនាយកដ្ឋាន​ ក.ប.ប. បាន​ដកហូត​អាល់កុល​ក្លែងក្លាយ​លើ​ទីផ្សារ​បាន​ចំនួន​ ១៧៥ ​លីត្រ​។ ជាមួយគ្នានេះ​អគ្គនាយកដ្ឋាន​ក៏បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ទូទាំងប្រទេស​ចំនួន​ ២៧២ ​ទីតាំង ដោយ​រកឃើញ​ដេប៉ូ​ចំនួន ១១០ ​ទីតាំង​ប្រកប​អាជីវកម្ម​មិន​សុចរិត​។

លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ មករា​ថា តាម​ស្ថានភាព​ជារួម ការត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុង​ខែមករា​នេះ​ឃើញថា មានការ​ថយចុះ បើ​ប្រៀបធៀប​នឹង​ខែ​ ១២​។ រីឯ បទល្មើស​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​គីមី​ទៅលើ​ម្ហូបអាហារ​ហាក់​មានការ​កើនឡើង​។ ការកើនឡើង​នេះ គឺ​ដោយសារតែ​ថ្មីៗ​នេះ ក្រុមការងារ​បាន​រកឃើញ​គ្រឿង​សមុទ្រ ឬ​បង្គា​មាន​ចាក់​សារធាតុ​ CMC (​ចាហួយ​)​។

លោក​អគ្គនាយក​បានបញ្ជាក់​ថា​៖ «​ដោយសារតែ​តម្រូវការ​លើ​ទីផ្សារ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​មានការ​កើនឡើង ដូច្នេះ​ដើម្បី​ការផ្គត់ផ្គង់​បង្គា និង​ការ​នាំចូល​បង្គា​ពី​ប្រទេសជិតខាង​នេះ គឺមាន​ការកើនឡើង​នូវ​បាតុភាព​នៃ​ការចាក់​ចាហួយ CMC ​នេះ​ក្នុង​ក្បាល​បង្គា​យ៉ាងច្រើន​ជាដើម​»​។

លោក ផាន អូន ក៏បាន​អះអាង​ដែរ​ថា ចំពោះ​ការបង្ក្រាប​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​វិញ​ក្នុង​ ១ ​ខែមករា​នេះ​ក៏ត្រូវ​បាន​រកឃើញ​គួរឱ្យ​កត់សម្គាល់​ផងដែរ ខណៈ​បទល្មើស​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ម្ហូបអាហារ​នៅលើ​ទីផ្សារ គឺ​ហាក់​មាន​ការល្អប្រសើរ (​ថយចុះ​) ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង ដែល​ចូលរួម​មិន​ប្រើប្រាស់​សារធាតុ​គីមី​ទៅលើ​មុខទំនិញ​របស់ខ្លួន​នោះទេ​។

កាលពី​ឆ្នាំ ២០២១ អគ្គនាយកដ្ឋាន ក.ប.ប. បាន​ចុះពិនិត្យ​ទីផ្សារ​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ ៥៦៩ ​លើក ដោយ​ដកហូត​មុខទំនិញ​ដែល​មិនមាន​ភាព​អនុលោម​ចំនួន ៣៦ ​តោន ៤០០​ គីឡូក្រាម​យកមក​កម្ទេចចោល​។ ក.ប.ប. ក៏បាន​រកឃើញ និង​ដកហូត​មក​បំផ្លាញចោល​សារធាតុ​បាញ់​លើ​រុក្ខជាតិ​ធ្វើឱ្យ​ស្រស់​ និង​ឆាប់​លូតលាស់ គ្មាន​ស្លាក​សញ្ញា​ត្រឹម​ត្រូវបាន​ចំនួន​ ៧៨​ ប៊ីដុង ស្មើនឹង​ ២ ៣៤០ ​លីត្រ​ផងដែរ​។

ក្រៅពី​បទល្មើស​ទាំងនេះ​ក្នុង​រយៈពេល ១ ឆ្នាំ​ ២០២១ កន្លងមកនេះ មន្ត្រី​នាយកដ្ឋាន ក.ប.ប. ក៏បាន​ស្ទាក់ចាប់​រថយន្ត​ដឹក​បង្គា​ស្រស់​មាន​ចាក់​បញ្ចូល​សារធាតុ ​CMC (​ចាហួយ​)​ ចំនួន​ ៧ ​តោន​ និង ​១០០ ​គីឡូក្រាម និង​គ្រឿងក្នុង​ជ្រូក​ចំនួន ៣២០ ​គីឡូក្រាម យកមក​កម្ទេចចោល​។ ជាងនេះទៀត មន្ត្រី​ក៏បាន​ត្រួតពិនិត្យ និង​វិភាគ​គុណភាព​ទំនិញ​ចាំបាច់​ដែល​ត្រូវ​យកមក​ដាក់លក់​ និង​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់​នៅតាម​បណ្ដា​ឃ្លាំង​ស្តុក និង​សិប្បកម្ម​នានា​ចំនួន​ ៤១ ​លើក​។

ចំពោះ​ការចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​រង្វាស់រង្វាល់​ប្រេងសាំង​នៅតាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​នៅ​ទូទាំងប្រទេស​ពេញ​ ១​ ឆ្នាំ​ ២០២១ មន្ត្រី​នាយកដ្ឋាន ក.ប.ប. នៅ​ទូទាំងប្រទេស​បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ចំនួន​ ៦៩៣ ​ទីតាំង មិនមាន​ភាព​អនុលោម​ផ្នែក​គុណភាព (​សន្ទស្សន៍​អុបតាន​) និង​បរិមាណ​ក្នុងចំណោម​ស្ថានីយ​/​ដេប៉ូ​សរុប​ ១ ៦៦១ ​ទីតាំង​។

បន្ថែម​ពីនេះ ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ ២០២១​ នោះ មន្ត្រី​នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ក៏បាន​ត្រួតពិនិត្យ​គុណភាព​អាល់កុល និង​ជែល​លាងដៃ​គ្រប់​ប្រភេទ​មាន​ផ្ទុក​សារធាតុ​មេតាណុល​នៅតាម​បណ្តា​ឃ្លាំង​ស្តុក​នៅតាម​ទីផ្សារ និង​ឱសថស្ថាន ហើយ​បាន​រកឃើញ​ និង​រឹបអូស​មក​កម្ទេចចោល​សារធាតុ​មេតាណុល​ជិត​ ២ ​សែន​លីត្រ​៕

វីដេអូ៖