ភ្នំពេញៈ រដ្ឋមន្ដ្រីក្រសួង​មហា​ផ្ទៃ​បញ្ជាក់ថា កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​ស្ថានភាព​ប្រែប្រួល​ជា​អវិជ្ជមាន​ប្រកបដោយ​ហានិភ័យ​ខ្ពស់​បណ្ដាលមកពី​គ្រឿងញៀន ព្រោះ​ពេញ​ ១​ ឆ្នាំ​មុននេះ ទោះបី​ចំនួន​ករណី​គ្រឿងញៀន​សមត្ថកិច្ច​បង្ក្រាប​បាន មាន​ការថយចុះ​ក្តី ប៉ុន្តែ​បទល្មើស​គ្រឿងញៀន​ធំៗ​បាន​កើនឡើង ដែល​ក្នុងនោះ​បង្ក្រាបបាន​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​ជាង​ ៨០ ​តោន​។

របាយការណ៍​ស្ដីពី​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​រយៈពេល​ ១ ​ឆ្នាំ​ ២០២១ ដែល​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី ៣១ ខែមករា ឱ្យដឹងថា ទោះបី​ចំនួន​ករណី​គ្រឿងញៀន​សមត្ថកិច្ច​បង្ក្រាបបាន មាន​ការ​ថយចុះ​ក្តី ប៉ុន្តែ​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ធំៗ​បាន​កើនឡើង​។ ក្នុងនោះ​មាន​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​សរុប​ប្រមាណ​ ៨០ ​តោន រួមទាំង​ម៉ាស៊ីន​ផលិត​កែច្នៃ​ស្វ័យប្រវត្តិ​ឈុត​ធំៗ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មាន​ភូមិសាស្ត្រ​ជាប់​រាជធានី​ជាប់​ព្រំដែន​ឡាវ ថៃ និង​វៀតណាម នៅតាម​ប្រៃសណីយ៍ និង​នៅលើ​ផ្ទៃសមុទ្រ​។

លោក​ឱ្យដឹងថា ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០២១ ពោលគឺ​ចាប់ពី​ថ្ងៃទី​ ១ ​មករា ដល់​ថ្ងៃទី ​៣១ ​ធ្នូ ឆ្នាំ ​២០២១ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ ៦ ៣០៨​ ករណី ស្មើនឹង​ ៦០,៣០ ​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០ ពោលគឺ​បាន​ថយចុះ ៤ ១៥៣ ​ករណី ស្មើនឹង ៣៩,៧០​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

ក្នុងចំណោម​ករណី​បង្ក្រាបបាន ករណី​ជួញដូរ រក្សាទុក​មាន​ចំនួន​ ៤ ៤៧៣ ​ករណី​។ ការប្រើប្រាស់​មាន​ចំនួន​ ១ ៧៨៩ ​ករណី ការដាំដុះ​មាន​ចំនួន​ ៣៧​ ករណី ការកែច្នៃ​មាន​ ៩​ ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ១៣ ៩៧៩​ នាក់ ក្នុងនោះ​ជនសង្ស័យ​ករណី​ជួញដូរ រក្សាទុក ៨ ៦៧២​ នាក់ ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ៥ ២៦៤ នាក់ ករណី​ដាំដុះ ៩ ​នាក់ និង​កែច្នៃ ៣៤ ​នាក់​។ ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ​មាន​ជនបរទេស​ចំនួន ៣៦៥ ​នាក់​។

តាម​របាយការណ៍​លោក ស ខេង នៅ​ឆ្នាំ​ ២០២១ សមត្ថកិច្ច​បាន​ចាប់យក​គ្រឿងញៀន​សរុប​ជាង​ ៤​ តោន ៦៨៩​ គីឡូក្រាម និង​ ៦១១,៤៧ ​ក្រាម ក្នុងនោះ​មាន​មេតំហ្វេតាមីន​ក្រាម​ម្សៅ​ (ICE) ជាង ​៩៤៧ ​គីឡូក្រាម មេតំហ្វេតាមីន​គ្រាប់​ (WY)​ ជាង ៦​ គីឡូក្រាម អិចស្តាស៊ី​ជាង​ ៥៥៦ ​គីឡូក្រាម​។ កេតាមីន​ជាង ២ ៧៨២ ​គីឡូក្រាម ហេរ៉ូអ៊ីន​ជាង ២៧៥ គីឡូក្រាម កាទីណូន​ជាង​ ១០៦ គីឡូក្រាម នីមេតាសេប៉ាម​ជាង​ ១១​ គីឡូក្រាម និង​កាកូអ៊ីន​ជាង​ ១ ​គីឡូក្រាម​។ ជាមួយគ្នានេះ សមត្ថកិច្ច​ក៏​បង្ក្រាបបាន​កញ្ឆា​ស្រស់​ដោយបាន​កាប់បំផ្លាញ​ចំនួន​ ៥៣ ១៨៧ ​ដើម កញ្ឆា​ក្រៀម​ជាង​ ១៣៥ ​គីឡូក្រាម ខណៈ​សារ​ធាតុគីមី​ផ្សំ​បង្ក្រាបបាន​ជាង ៨៤​ តោន កើន​ជាង ១ ​ពាន់​ភាគរយ​ឯណោះ​។

លោក ស ខេង បាន​ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០២១ ​កន្លងទៅ កម្ពុជា​យើង​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​អាក្រក់​ពី​ស្ថានភាព​ប្រែប្រួល​ជា​អវិជ្ជមាន​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​បណ្ដាលមកពី​គ្រឿងញៀន​។ បញ្ហា​នេះ គឺ​ដោយសារ​តែ​ការកើនឡើង​ឥតឈប់ឈរ​នៃ​ការផលិត ការ​ចរាចរ និង​ការជួញដូរ​គ្រឿងញៀន​នៅលើ​ពិភពលោក និង​ក្នុង​តំបន់​»​។

យោងតាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​ ២០២១ សមត្ថកិច្ច​ក៏​ប្រមូលបាន និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​-​ខេត្ត​រួចរាល់​នូវ​សម្ភារ​ចាប់យក​មួយចំនួន ដូចជា​រថយន្ត​ ១៣៨ ​គ្រឿង ម៉ូតូ​ ១ ៩៨៨​ គ្រឿង ទូរស័ព្ទ ៦ ៥៥៤ ​គ្រឿង​។ ជញ្ជីង ៣៨៥ ​គ្រឿង អាវុធ​វែង​ ៥០ ​ដើម​អាវុធខ្លី​ ២៩ ​ដើម ប្រាក់រៀល​ជាង ៧៨ ​លាន​រៀល ប្រាក់​អាមេរិក​ជាង ៣​ ម៉ឺន​ដុល្លារ ប្រាក់​ថៃ​ជាង​ ១ ​សែន​បាត និង​ប្រាក់​វៀតណាម​ជាង ៨ ​ម៉ឺន​ដុង ព្រមទាំង​បាន​ឃាត់ទុក​ទ្រព្យសម្បត្តិ​ជា​អចលនទ្រព្យ​ចំនួន ២០ ​កន្លែង​។

លោក ស ខេង បញ្ជាក់ថា​៖ «​បងប្អូន​ជនរួមជាតិ​ជាទីគោរព​! ​ខ្ញុំ​ធ្លាប់​បញ្ជាក់ជូន​ហើយ​ថា បញ្ហា​កូវីដ​ ១៩ ​នេះ ថ្វី​ដ្បិតថា នៅ​មិនទាន់​មាន​ការថមថយ ប៉ុន្តែ​វា​ទំនងជា​អាច​ដើរ​ដល់​ទីបញ្ចប់​នៅ​ថ្ងៃ​ណាមួយ​មិនខានឡើយ​។ ប៉ុន្តែ​បញ្ហា​គ្រឿងញៀន​នេះ វា​នឹងមិន​ងាយ​រក​ទីបញ្ចប់​ឃើញ​នោះទេ ដោយសារ​ក្រុម​ឧក្រិដ្ឋជន​នៅតែ​បន្ត​រិះរក​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ផលិត និង​ចែកចាយ​»​។

លោក​បន្តថា កាលពី​ដើមឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បន្ត​យកចិត្ត​ទុកដាក់​ចង្អុលបង្ហាញ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​ណាស់​។ ពិសេស​លោកនាយក​រដ្ឋមន្ដ្រី​បាន​ឯកភាព​កែសម្រួល​លក្ខណសម្បត្តិ​នៃ​គោលនយោបាយ «​ភូមិ ឃុំ​សង្កាត់ មាន​សុវត្ថិភាព​» ដោយ​លើក​ជា​កម្រិត​គោលនយោបាយ និង​បាន​បន្ត​ដាក់បញ្ចូល​បញ្ហា​គ្រឿងញៀន​ជា​កិច្ចការ​អាទិភាព​។

លោក ស ខេង បាន​អំពាវនាវ​ជាថ្មី​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្តតាម​ទិស​ស្លោក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ៣ ​កុំ ១ ​រាយការណ៍​។

លោក មាស វីរិទ្ធ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បញ្ជាក់​នៅ​ថ្ងៃទី​ ៣១ មករា ថា​៖ «​សមត្ថកិច្ច​បង្ក្រាបបាន​មានការ​ថយចុះ​។ ប៉ុន្តែ​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ធំៗ​បាន​កើនឡើង ដោយ​ក្នុងនោះ​ ៨៤ ​តោន ជា​សារ​ធាតុគីមី​ផ្សំ​។ ចំណែក​សារធាតុញៀន​មាន​ជាង ៤ ​តោន សម្រាប់​ឆ្នាំ​ ២០២១ ជាពិសេស​នៅ​ចុងឆ្នាំ​។ ដោយឡែក​នៅ​ដើមឆ្នាំ​ ២០២២​ នេះ យើង​រកឃើញ​បន្ថែមទៀត​»៕

វីដេអូ៖