ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) បើក​សិក្ខាសាលា​រយៈពេល​ ៥​ ថ្ងៃ ដើម្បី​ប្រមូល​ធាតុ​ចូល​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការពង្រឹងសមត្ថភាព​អង្គភាព​ស៊ីម៉ាក់ សម្រាប់​ទ្រទ្រង់​សភាពការណ៍​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា ក្រោយ​ឆ្នាំ ​២០២៥​។

សិក្ខាសាលា​នេះ​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៣១ ខែមករា ដល់​ថ្ងៃទី ​៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​សណ្ឋាគារ Hyatt Regency Phnom Penh ដែលមាន​សិក្ខាកាម​មុខជំនាញ​សំខាន់ៗ​សរុប​ជិត ១០០​ នាក់​ចូលរួម​។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​លោក ហេង រតនា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សិក្ខាសាលា​នេះ​មាន​ចរិត​ធំ​ទូលាយ និង​ជា​លើក​ទី​ ៣ ដោយបាន​ធ្វើ​បន្ត​ពី​វគ្គ​មុនៗ​ចាប់តាំងពី​ឆ្នាំ​ ២០១៧ និង​ឆ្នាំ ២០២០ ​ដោយ​ធ្វើតាម​អនឡាញ​។ លោក​ថា​៖ «​សិក្ខាសាលា​នេះ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ពង្រឹងសមត្ថភាព​អង្គភាព​ស៊ីម៉ាក់ ក្រោយ​ឆ្នាំ​ ២០២៥ ថា​តើ​ក្រោយ​ឆ្នាំ​ ២០២៥ យើង​ត្រូវធ្វើ​អី​ខ្លះ ហើយ​សមត្ថភាព​នេះ យើង​ត្រូវ​ចាប់ផ្តើម​បណ្តុះ​ពី​ឆ្នាំ​ ២០២២​ ដល់​ឆ្នាំ​ ២០២៥ ដោយសារតែ​សភាពការណ៍​សំណល់​ផ្ទុះ​ពី​សង្គ្រាម ក្រោយ​ឆ្នាំ​ ២០២៥ នឹងមាន​ការ​ប្រែប្រួល​»​។

លោក​បាន​គូសបញ្ជាក់ថា ថ្វីដ្បិត​កម្ពុជា​អាច​បញ្ចប់​ភារកិច្ច​បោសសម្អាត​គ្រាប់មីន​ប្រឆាំង​មនុស្ស​ស្របតាម​អាណតិ្ត​របស់​អនុសញ្ញា​អន្តរជាតិ​អូតាវ៉ា​នៃ​ការហាម​ប្រាម​ការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ត្រឹម​ចុងឆ្នាំ​ ២០២៥ ប៉ុន្តែ​មាន​បញ្ហា​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​មួយផ្នែកធំ​ទៀត ដូចជា​គ្រាប់​បែក​ចង្កោម គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​សំណល់​គ្រាប់​មិនទាន់​ផ្ទុះ​ផ្សេងៗ​ទៀត ដែល​ទាមទារ​ពេលវេលា ហើយ​អង្គភាព​ស៊ីម៉ាក់​បន្ត​ភារកិច្ច​បោសសម្អាត​កាកសំណល់​ទាំងនោះ​បន្តទៀត​។ លោក​ថា​៖ «​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ដែល​មិន​ស្ថិតនៅក្រោម​អនុសញ្ញា​អូតាវ៉ា និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជាដើម មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ នៅតែមាន​ការគំរាមកំហែង​កម្រិត​ខ្ពស់​នៅឡើយ​»​។

លោក ហេង រតនា បាន​បន្តទៀត​ថា សិក្ខាសាលា​ ២ ​ដង​កន្លងមកនេះ អង្គភាព​ស៊ីម៉ាក់​បាន​ធ្វើការ​វាយតម្លៃ​នូវ​តម្រូវការ​ចាំបាច់​បឋម​ដែល​ត្រូវការ និង​ចាប់ផ្តើម​ពង្រឹងសមត្ថភាព​បន្តទៀត​ដូចជា ការរៀបចំ​គ្រូ​សម្រាប់​ពង្រឹង​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កម្ចាត់​មីន គ្រូ​បន្តវេន និង​អ្នកជំនាញ​បន្តវេន​ជាដើម​។

ពាក់ព័ន្ធ​ការសម្អាត​មីន​នេះ លោក​ក៏បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​ជាច្រើន នៅក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ជាក់ស្តែង ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក​។ លោក​បញ្ជក់​ថា​៖ «​បានន័យថា ប្រជាពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​ដីធ្លី​គាត់​ជា​ចាំបាច់ ប៉ុន្តែ​សមត្ថភាព​យើង​មាន​កម្រិត​ក្នុងការ​ឆ្លើយតប​។ អ៊ីចឹង​ហើយ​យើង​ឃើញថា ការប្រើប្រាស់​ដីធ្លី​មួយចំនួន​ពលរដ្ឋ​គាត់​ប្រឹងប្រែង​រុករាន​ប្រថុយប្រថាន​ដោយ​ខ្លួន​គាត់ ទើប​មាន​គ្រោះថ្នាក់​ខ្លះ​នៅលើ​ដីស្រែ​ចំការ​ពួកគាត់ ដោយសារ​គាត់​មិនអាច​រង់ចាំ​យើង​យូរពេក ហើយ​ចំនួន​នេះ​មាន​ច្រើន​ពីមុនមក ប៉ុន្តែ​ឥឡូវ​ថយចុះ​ហើយ​»​។

បើតាម​លោក ហេង រតនា ក្នុង​គម្រោង​នេះ រដ្ឋាភិបាល​ជប៉ុន​តាមរយ:​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ​បាន​គាំទ្រ​អង្គភាព​ស៊ីម៉ាក់​នូវ​ការផ្តួចផ្តើម​ឱ្យមាន​ការគិតគូរ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការពង្រឹង​សមត្ថភាព និង​តួនាទី​អង្គភាព​ស៊ីម៉ាក់​ក្រោយ​ឆ្នាំ​ ២០២៥​ នេះ​។

ផែនការ​យុទ្ធសាស្ត្រ​នេះ មួយផ្នែក​ដើម្បី​ពង្រឹង​ធាតុ​ទន់​ដូចជា​បណ្តុះបណ្តាល​ធនធាន​មនុស្ស ពង្រីក​ទំនាក់ទំនង​សហប្រតិបតិ្តការ​ត្បូង-​ត្បូង និង​មួយផ្នែក​ទៀត​ដើម្បី​ពង្រឹង​ធាតុ​រឹង ដូចជា​ការបំពាក់​សម្ភារ​បច្ចេកទេស ការកសាង​សំណង់​អគារសិក្សា និង​សារមន្ទីរ​។

លោក រតនា គូសបញ្ជាក់ថា អង្គភាព​ស៊ីម៉ាក់​នឹង​ខិតខំ​ធ្វើកំណែទម្រង់​ប្រតិបត្តិការ​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​​យុទ្ធសាស្ត្រ​ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​គ្មាន​ការគំរាមកំហែង​​ដោយសារ​មីន​នៅត្រឹម​ចុងឆ្នាំ ​២០២៥ និង​មាន​ផែនការ​ក្នុង​ការរំដោះ​ផ្ទៃដី​ចម្ការមីន​ដែលមាន​ពហុកោណ នៅក្នុង​ទិន្នន័យ​ជាតិប្រមាណ​ ៧០០ ​គីឡូម៉ែត្រក្រឡា ស្មើនឹង​ប្រមាណ​ ៩០ ​ភាគរយ​នៃ​ផ្ទៃដី​ចម្ការមីន​នៅសល់​បច្ចុប្បន្ន​៕