ភ្នំពេញៈ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (អ.ប.ព.) ប្រកាស​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រី​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើពុករលួយ ខណៈ​ជូនដំណឹង​ទៅ​មន្ត្រីជាន់ខ្ពស់​ម្នាក់​​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ឱ្យចូល​បំភ្លឺ​ពី​ភាពមិនប្រក្រតី​មួយចំនួន​នៃ​ការបំពេញ​តួនាទី​។

យោងតាម​លិខិត​ប្រកាស​ព័ត៌មាន​របស់ អ.ប.ព. ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៩ ​ខែមករា ថ្លែងថា ក្រុម​ស៊ើបអង្កេត​ផ្ទៃក្នុង​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានធ្វើ​ការប្រមូល​ព័ត៌មាន ភ័ស្តុតាង​ជា​បន្តបន្ទាប់​ព្រមទាំង​ស្តាប់​ចម្លើយ​របស់ ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ​មន្ត្រី​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ រួចមក​។ អ.ប.ព. បាន​រកឃើញថា ជន​រូបនេះ​ជាប់​សង្ស័យ​បាន​ប្រព្រឹត្ត​ល្មើស​បញ្ញតិ្ត​ក្នុង​មាត្រា ៥៩២ (​បទ​វីតិក្រម​) នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​។ ជនសង្ស័យ​ឈ្មោះ ទូច ទិត្យវឌ្ឍនា បាន​ប្រើប្រាស់​វិធី​នានា​ក្នុងពេល​ដែល​ខ្លួន​កំពុង​ទទួល​ខុសត្រូវ​ទទួល​ពិនិត្យ​ពាក្យ​ប្តឹង ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ខុសច្បាប់ ហើយ​ពេលដែល​ខ្លួន​ត្រូវ​បញ្ឈរជើង​ផ្អាក​ការងារ​ហើយ​ក្តី ក៏​ឈ្មោះ​នេះ​មិនបាន​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់ខ្លួន ហើយ​ទាញយក​ផលប្រយោជន៍​ពី​ពាក្យ​ប្តឹង​ដែល​ខ្លួន​មិន​ទទួលបន្ទុក​ទៀតផង​។

អ.ប.ព. សរសេរ​ក្នុង​លិខិត​ថា​៖ «​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បានសម្រេច​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​»​។

អ.ប.ព. ប្រកាស​លើក​ទឹកចិត្ត​ដល់​សាធារណជន​ចូលរួម​ផ្តល់ព័ត៌មាន​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាបន្ទាន់​ក្នុង​ករណី​ដែលមាន​ជនខិលខូច​ណា​ម្នាក់​អះអាងថា ខ្លួន​អាច​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជាមន្ត្រី អ.ប.ព. ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ល្មើសច្បាប់​ណាមួយ​។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣០ ​ខែមករា​ថា រឿង​ខាងលើនេះ តំណាង​អយ្យការ​បាន​បើក​ការស៊ើបសួរ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​រួចរាល់​ហើយ​ពីបទ​​វិតិក្រម​តាម​មាត្រា ៥៩២ និង មាត្រា ៥៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ប៉ុន្តែ​យ៉ាងណា​ភ្នំពេញ​-​ប៉ុស្តិ៍​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ី រិន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទេ​នៅ​ថ្ងៃទី ៣០ ខែមករា​។

ចំពោះ​ករណី​លោក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ការពារជាតិ​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​ជាច្រើន​ក្នុង​សកម្មភាព​បំពេញ​តួនាទី​ភារកិច្ច ដែល អ.ប.ព. ស្នើ​ឱ្យចូល​បំភ្លឺ ដូចជា​តម្រូវឱ្យ​បុគ្គលិក​តាម​ការិយាល័យ និង​មហាវិទ្យាល័យ បង់ប្រាក់​ប្រចាំ​សប្តាហ៍ និង​ប្រចាំខែ នាយទាហាន​ដែល​បញ្ចប់​ការសិក្សា​ចង់​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ត្រូវ​បង់ប្រាក់​ប្រចាំខែ​បាន​បង្ខំ​ឱ្យ​និស្សិត​បង់ប្រាក់​តាម​វគ្គ​សិក្សា បង់ប្រាក់​ព្យួរ​ឈ្មោះ​បង់ប្រាក់​សុំចូល​រៀន បង់ប្រាក់​យក​តំណែង បង់ប្រាក់​ឡើង​ស័ក្ដិ កឹបកេង​ប្រាក់ មិន​បើក​អង្ករ លក់​រថយន្ត​ ៤ ​គ្រឿង​ និង​សម្ភារ​ក្នុង​ឃ្លាំង ដែល​សរុប​ជា​សាច់ប្រាក់​ប្រមាណ​ជាង​ ៥០ ​លាន​ដុល្លារ​។ យោងតាម​លិខិត​របស់ អ.ប.ព. ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៣០ ខែមករា ដែលមាន​របាយការណ៍​សាច់ប្រាក់​លម្អិត​នៅក្នុង​ករណី​នីមួយៗ​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជាក់ថា​៖ «​អាស្រ័យ​ហេតុនេះ សូម ឯកឧត្តម បំភ្លឺ​ករណីនេះ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ខាងលើ មក អ.ប.ព. ឱ្យបាន​ទាន់ពេល ហើយ​ការបំភ្លឺ​របស់​ឯកឧត្តម គឺជា​មូលដ្ឋាន​សម្រាប់ អ.ប.ព. ពិចារណា​ថា​ត្រូវ​សម្រេច​បញ្ចប់​នីតិវិធី ឬ​ត្រូវ​បន្ត​លើ​ពាក្យ​ប្តឹង​នេះ​»​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​បញ្ជាក់ថា ឱ្យ​លោក ច័ន្ទ ពន្លឹក ចូល​បំភ្លឺ​នៅ​ថ្ងៃ​ណា​ប្រាកដ​នោះទេ​។ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី លោក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ការពារជាតិ​បាន​ទេ​នៅ​ថ្ងៃទី​ ៣១ ខែមករា​៕